ខេត្តកណ្ដាល ៖ បុរសម្នាក់ដែលគេដឹងថា ជាជនវិកលចរិតច្រើនឆ្នាំមកហើយ បានយកកាំបិតប័ុងតោកាប់ខ្លួន និងអារ.កសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៩ សីហា នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។
មន្ត្រីនគរបាលស្រុកស្អាង ដែលចុះទៅពិនិត្យសពបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ កឹម សៀងឡាយ អាយុ៣០ឆ្នាំ ជាជនវិកលចរិត រស់នៅជាមួយម្តាយឈ្មោះ ប៉ុក ឡាម អាយុ៧០ឆ្នាំ នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។
មន្ត្រីនគរបាលបានដកស្រង់សម្តីសាក្សីថា យោងតាមការបំភ្លឺរបស់ស្ត្រីជាម្តាយបុរសរងគ្រោះថា កូនគាត់មានជំងឺសរសៃប្រសាទរយៈពេល១២ឆ្នាំមកហើយ ។ កន្លងមក បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាប្រចាំ ហើយធ្លាប់យកកាំបិតនិងដុំថ្មវាយកាប់ក្បាលខ្លួនឯង និងប៉ុនប៉ងរកលោតទឹកទន្លេសម្លាប់ខ្លួនជាច្រើនលើក លុះមកដល់ថ្ងៃកើតហេតុព្រឹកថ្ងៃទី៩ សីហា គាត់បានទៅផ្សារមិនមានអ្នកនៅផ្ទះទេ ហើយកូនប្រុសយកកាំបិតបុ័ងតោមកកាប់កដៃឆ្វេងជាច្រើនកាំបិត និងអារ.កខ្លួនឯងដាច់ដល់ឆ្អឹងហូរឈាម ប្រកាច់ស្លាប់ត្រង់ជណ្តើរក្នុងផ្ទះរបស់ខ្លួនតែម្តង ។
អ្នកជិតឃើញដែរ ប៉ុន្តែមិនហ៊ានចូលទៅជួយ និងបានរត់ទៅរកម្តាយបុរសរងគ្រោះនៅផ្សារឈូងលៀបមិនឃើញ ក៏ទៅប្រាប់មេភូមិកោះគ និងរាយការណ៍ទៅមន្ត្រីនគរបាលដើម្បីមកពិនិត្យកន្លែងកើតហេតុ  ។
មន្ត្រីនគរបាល បានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចចម្រុះ បានមកដល់កន្លែងកើតហេតុធ្វើការពិនិត្យសព និងធ្វើការសាកសួរពីអាណាព្យាបាល និងសាក្សីឃើញហេតុការណ៍ផ្ទាល់ឃើញថា បុរសរងគ្រោះពិតជាបានអារ.កសម្លាប់ខ្លួនឯងនឹងកាំបិតប័ុងតោប្រាកដមែន និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
                        			         
				
ចែករំលែកព័តមាននេះ