សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបដិសេធមិនមកបង្ហាញខ្លួន ក្នុងក្របខណ្ឌនៃសវនាការដកតំណែងលោកក្នុងព្រឹទ្ធសភា ។ នេះបើតាមការអះអាងនាថ្ងៃទី៤ កុម្ភៈ របស់ទីប្រឹក្សាលោកម្នាក់ ។
នោះជាការបដិសេធការអញ្ជើញឲ្យលោកចូលខ្លួនពីសំណាក់សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ១រូប ដែលជាអ្នកធ្វើការចោទប្រកាន់ក្នុងសំណុំរឿងនោះ ។ ទីប្រឹក្សារូបនោះលោក JASON MILLER ថ្លែងប្រាប់ AFP ថា អតីតប្រធានាធិបតីនឹងមិនមកបង្ហាញខ្លួនក្នុងនិតីវិធីនៃការដកតំណែងលោក ដែលគ្រោងធ្វើនាថ្ងៃទី៩ កុម្ភៈ ពីបទអុជអាលឲ្យមានការចូលលុកអុកឡុកវិមានសភាកាពីតូល កាលពីថ្ងៃទី៦ មករា ឡើយ ។ លោកត្រាំបានលើកពីនីតិវិធីនោះថាខុសពីរដ្ឋធម្មនុញ្ញ ព្រោះលោកលែងជាប្រធានាធិបតីទៀតហើយ ។
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យលោក JAMIE RASKIN អ្នកដើរតួនាទីជារដ្ឋអាជ្ញាក្នុងពេលសវនាការបានស្នើលោកត្រាំឲ្យចូលខ្លួនជាមួយការស្បថបញ្ជាក់ពីពាក្យពិត ចំពោះព្រឹត្តិការណ៍ថ្ងៃទី៦ មករា ។ លោកបានបញ្ជាក់ក្នុងលិខិតអញ្ជើញ ឲ្យចូលខ្លួនមកបំភ្លឺនោះថា ប្រសិនបើលោកមិនចូលខ្លួនតាមការអញ្ជើញទេ នោះយើងនឹងរក្សានូវគ្រប់សិទ្ធិទាំងអស់ដោយការបដិសេធនេះនឹងដាក់ទម្ងន់កាន់តែធ្ងន់ប្រឆាំងរូបលោក ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ