រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងដ៏ល្អមួយសម្រាប់រាជធានីភ្នំពេញហើយក៏សង្ឃឹមថាបញ្ហាសំរាមដែលជាប្រធានបទក្តៅគគុកនៃការជជែកគ្នាប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅក្នុងទីក្រុងមួយនេះនឹងអាចបញ្ចប់ការរអ៊ូរទាំអំពីភាពយឺតយ៉ាវនៃការប្រមូលសំរាម ក្រោយពីក្រុមហ៊ុនចំនួន ៣ មកពីប្រទេសចិន សិង្ហបូរី និងក្រុមហ៊ុន ក្នុងស្រុកចាស់វស្សា គឺក្រុមហ៊ុន ស៊ីនទ្រី បានឈ្នះការដៃថ្លៃនិងត្រូវបានជ្រើសរើសដោយសាលារាជធានីភ្នំពេញ ហើយនឹងចាប់ផ្តើមប្រមូលសំរាមដែលមានចំនួនប្រមាណ ៣,០០០ តោនក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ ។

ក្រុមហ៊ុនឯកជនទាំង៣នោះ គឺ ១ – ក្រុមហ៊ុនសំរាមចាស់វស្សា ស៊ីនទ្រី, ២ – ក្រុមហ៊ុន Mizuda Group Co.,Ltd ដែលជាក្រុមហ៊ុនចិន ក្នុងនោះផងដែរក្រុមហ៊ុន Mizuda Group Co.,Ltd គឺមានក្រុមហ៊ុន Mizuda Waste Management Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group Co.,Ltd មានទីស្នាក់ការនៅទីក្រុងហ៊ូចូវ ខេត្តហ្សេជាំង ប្រទេសចិន ។

ក្នុងនោះផងដែរ Mizuda Waste Management Co., Ltd នេះក៏កំពុងមានគម្រោងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយការដុតសំរាមនៅខេត្តសៀមរាបផងដែរ ។
ចំណែកក្រុមហ៊ុនទី ៣ មកពីសិង្ហបូរី គឺ ក្រុមហ៊ុន 800 Super/GAEA ដែលក្រុមហ៊ុន 800 Super មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលក្រុមហ៊ុននេះធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក GAEA ក្នុងការផ្តល់សេវាកម្មប្រមូលសំរាមក្នុងខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើពិធីប្រគល់-ទទួលកិច្ចសន្យា ស្តីពីការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ក្រុមហ៊ុនទាំង ៣ នៅសាលារាជធានីភ្នំពេញ ស្ថិតក្នុងអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក តុលា ពលរដ្ឋមួយរូបរស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថាលោកសង្ឃឹមថាបញ្ហាសំរាមនឹងល្អប្រសើរជាងមុន ព្រោះមានក្រុមហ៊ុន ៣ ឯណោះដែលនឹងប្រមូលសំរាម ហើយក្រុមហ៊ុននីមួយៗសុទ្ធតែមានតំបន់ច្បាស់លាស់ក្នុងការប្រមូលសំរាម ដូច្នេះក្រុមហ៊ុនប្រមូលសំរាមទាំង ៣ នឹងពុំមានលេសណាមួយក្នុងការមកសំរាមយឺតយ៉ាវទៀតនោះទេ ។
ក្នុងរាជធានីភ្នំពេញ មាន ១៤ខណ្ឌ ចែកជា ៣តំបន់។ ក្រុមហ៊ុនប្រមូល១ គឺទទួលខុសត្រូវប្រមូល និងដឹកជញ្ជូនសំរាម ១តំបន់ រួមមាន ៖ ១-តំបន់ទី១ – ក្រុមហ៊ុន 800 Super/GAEA មាន ៥ ខណ្ឌ គឺនៅខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ។
២-តំបន់ទី២ – ក្រុមហ៊ុន Mizuda Group Co.,Ltd មាន ៥ខណ្ឌ រួមមាន ខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល ដូនពេញ ខណ្ឌ ៧មករា ។
៣-តំបន់ទី៣ – ក្រុមហ៊ុន ស៊ីនទ្រី មាន ៤ ខណ្ឌ គឺខណ្ឌចំការមន មានជ័យ ច្បារអំពៅ និងខណ្ឌបឹងកេងកង
សូមរម្លឹកថា ក្រសួងបរិស្ថានកន្លងមកបានឱ្យដឹងថា នៅក្នុងរាជធានីភ្នំពេញ សំរាមបានកើនឡើងពីរង្វង់២៦០០តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០១៨ ដល់រង្វង់២៩០០តោន ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០១៩កន្លងទៅ។

លោក ឃួង ស្រែង ធ្លាប់បានថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់សាលាធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ ២០២០ បានបញ្ជាក់ថានៅរាជធានីភ្នំពេញគឺមានសំរាមប្រមាណ ៣,០០០ តោន ក្នុងមួយថ្ងៃ យ៉ាងណាមិញ ក្រុមហ៊ុនក្រៅស្រុកចំនួន ២ និងក្រុមហ៊ុនស៊ីនទ្រី ក្រោយពីស្វែងរក និងចំរាញ់ជាង១ឆ្នាំ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ មកដល់ពេលនេះ សាលារាជធានីភ្នំពេញ រកបានហើយនូវក្រុមហ៊ុនឯកជនចំនួន ៣ ដើម្បីធ្វើអាជីវកម្ម ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ