ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​​អ្វី​ម៉្លេះ​! ទោះ​ភ្នែក​​មើល​មិន​ច្បាស់​​ក៏​​​ប្រើ​វិញ្ញាណ​រក​ផ្លូវ​ទៅ​លី​សែង​​ចិញ្ចឹមជីវិត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មិនដឹង​ថា​គាត់​វេទនា​យ៉ាងណា​ទេ? បើ​ពេល​ខ្លះ​មនុស្ស​យើង​ជើង​ជា​ស្មា​រឹង គ្មាន​ខ្វះចន្លោះ តែ​មិន​បាន​តស៊ូ​ឱ្យ​ដល់ទី​បំផុត​ទេ បែរជា​បន្ទោស​ឪពុក​ម្ដាយ ឬ​ព្រហ្ម​លិខិត ហើយ​នាំ​គ្នា​ខួច​ចិត្ត ខួច​ថ្លើម…

ខេត្តតាកែវ ៖ មិនដឹង​ថា​គាត់​វេទនា​យ៉ាងណា​ទេ? បើ​ពេល​ខ្លះ​មនុស្ស​យើង​ជើង​ជា​ស្មា​រឹង គ្មាន​ខ្វះចន្លោះ តែ​មិន​បាន​តស៊ូ​ឱ្យ​ដល់ទី​បំផុត​ទេ បែរជា​បន្ទោស​ឪពុក​ម្ដាយ ឬ​ព្រហ្ម​លិខិត ហើយ​នាំ​គ្នា​ខួច​ចិត្ត ខួច​ថ្លើម រួច​គិត​ខ្លី​ទៅ​លោតទឹក និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ​ធ្វើ​ឱ្យ​សង្គម​ស្អប់ខ្ពើម​ជាដើម តែ​បើសិនជា​ក្រឡេក​មក​មើល​គ្រួសារ​តូច​មួយ​ដ៏​សែន​កម្សត់​នេះ​វិញ ទើប​គេ​ហៅ​ថា លំបាក​បូក​នឹង​វេទនា​។

គ្រួសារ​ដ៏​កម្សត់​មួយ​នេះ​មាន​គ្នា​៣​នាក់ ដោយ​ប្ដី​ពិការ​ភ្នែក ប្រពន្ធ​មាន​សតិ​មិន​គ្រប់​តាំងពី​កំណើត តែ​ពួក​គាត់​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​តាម​ម្ដាយ​ទុក​ឪពុក​ដាក់ សម្រេច​កាន់​ដៃ​គ្នា​ដើរ​លើ​វិ​ថី​ជីវិត​ដ៏​សែន​វែង​ឆ្ងាយ ដោយ​មិនដឹង​ថា ត្រូវ​រស់នៅ​បែប​ណា​ឱ្យ​សមបំណង​ដូច​គេ​។

ប្ដី​ប្រពន្ធ​មួយគូ​ខាងលើ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយ​ប្ដី​ឈ្មោះ មុត ថា អាយុ​៤០​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ យឿ វ៉ា អាយុ​៣០​ឆ្នាំ និង​មាន​កូន​ស្រី​ម្នាក់​ក្នុង​បន្ទុក​ឈ្មោះ សែរ ស្រី​វី អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​៣ នៃ​សាលា​បឋម​សិក្សា​បាន​កាម។

បើ​តាម​ការ​រៀបរាប់​ពី​លោក​មុត ថា ដែល​ជា​ប្ដី​ពិការ​ភ្នែក​បានឱ្យ​ដឹង​ថា លោក​មាន​តែ​ម្ដាយ​ជរា​ម្នាក់​ឈ្មោះ ឈឹង ម៉ិ អាយុ​៧៥​ឆ្នាំ ដោយ​ឪពុក​របស់​លោក​បាន​បាត់បង់​ជីវិត​ជា​យូរណាស់​មក​ហើយ​។ លោក​បាន​បន្ត​ថា លោក​មាន​បងប្អូន​ចំនួន​៦​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ និង​ស្រី​៣​នាក់ ហើយ​លោក​គឺជា​កូន​ទី​៥​។

លោក​មុត ថា បាន​និយាយ​ទាំង​ក្ដុកក្ដួល​អួល​ដើម​.​ក​លាយឡំ​នឹង​ទឹកភ្នែក​ថា លោក​ពិតជា​ពិបាក​រស់​មែនទែន ដោយ​ភ្នែក​ទាំង​គូរ​របស់​គាត់​មើលឃើញ​ប្រហែល​១០​ភាគរយ​ទេ ហើយ​លោក​ដើរ​ធ្វើការ​ជា​កម្មករ​លី​បាវ​ស្រូវ និយាយ​ឱ្យ​ខ្លី​គឺ​លោក​ស៊ីឈ្នួល​គេ​ដោយ​ប្រើ​កម្លាំង​សុទ្ធ ហើយ​អ្វី​ដែល​លោក​ធ្វើ​ទៅ​បាន មិនមែន​ប្រើ​ភ្នែក​ទាំងស្រុង​នោះ​ទេ គឺ​លោក​ប្រើ​វិញ្ញាណ​ខ្លះ​ក្នុង​ការ​ដឹង​អំពី​ផ្លូវ​ដើរ ឬ​ផ្លូវ​ទៅ​កន្លែង​ស៊ីឈ្នួល​គេ និង​ផ្លូវត្រូវ​ទៅ​ផ្ទះ​វិញ​។

លោក​បាន​បង្ហាញ​ពី​ជីវិត​គូរ​ស្រករ​របស់​លោក​វិញ​ថា នៅ​ឆ្នាំ​២០១០ លោក​មាន​អាយុ​៣០​ឆ្នាំ ត្រូវ​បាន​បងប្អូន​ឪពុក​ម្ដាយ​នាំ​ទៅ​ស្ដីដណ្ដឹង​ស្ត្រី​ម្នាក់​ឈ្មោះ យឿ វ៉ា មាន​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សំរោង​​ម្រះ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ បើ​ទោះជា​លោក​ដឹង​ថា ស្ត្រី​នោះ​មាន​សតិ​មិន​គ្រប់​ក៏​ដោយ ក៏​លោក​នៅ​តែ​ព្រម​ស្ម័គ្រស្មោះ​ដោយ​បាន​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អ​ធ័​ម និង​ប្រើប្រាស់​ជីវិត​ប្ដី​ប្រពន្ធ​ដោយ​ពឹងផ្អែក​លើ​ការ​ស៊ីឈ្នួល​អ្នក​ភូមិ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​យោង​តាម​សម្ដី​ប្រពន្ធ​របស់​លោក មុត ថា ដែល​មានឈ្មោះ​យឿ វ៉ា បានឱ្យ​ដឹង​ថា នាង​មាន​ម្ដាយ​ឈ្មោះ មន់ ឡង អាយុ​៧០​ឆ្នាំ ដោយ​ឪពុក​របស់​នាង​បាន​បាត់បង់​ជីវិត​ចោល​នាង​ជា​យូរ​មក​ហើយ ហើយ​នាង​មាន​បងប្អូន​១០​នាក់ នាង​ជា​កូន​ទី​៨​ក្នុង​គ្រួសារ​។ ក្រោយ​ពេល​ចាស់ទុំ​ផ្សំផ្គុំ​ជា​ប្ដី​ប្រពន្ធ​រួច​មក នាង​ត្រូវ​បាន​ប្ដី​សម្លាញ់​យក​មក​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ខាង​ប្ដី ដោយ​មាន​តួនាទី​នាំ​ផ្លូវ​ប្ដី​សម្លាញ់​ទៅ​ដើរ​ស៊ីឈ្នួល​អ្នក​ភូមិ​ដូច​ជា ទៅ​អូស​ទឹក​លក់ លើក​បាវ​ស្រូវ ចាក់​ពាង​លក់ ដឹក​ពាង បូមទឹក​ធ្វើស្រែ បោះ​ចំ​ប៉ើង​ដាក់​គោ​យន្ត​កែ​ច្នៃ និង​ធ្វើ​ការងារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

មក​ដល់​ត្រឹមនេះ ប្រពន្ធ​លោក​មុត ថា បាន​និយាយ​រឿង​ក្រោយ​រៀប​ការ​បាន​២​ឆ្នាំ នាង​បាន​ប្រសូត្រ កូនស្រី​មួយ​ជា​ត្រួយ​បណ្ដូលចិត្ត និង​ជា​ចំណងដៃ​ដោយ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​សព្វថ្ងៃ​កូន​នាង​បាន​ចូល​រៀន​ថ្នាក់​ទី​៣​ហើយ ដោយ​ព្រឹក​ៗ​ឡើង​នាង​ជា​អ្នក​ជូន​កូន​ទៅ​រៀន​។

បច្ចុប្បន្ន​នេះ គ្រួសារ​របស់​នាង​ត្រូវ​បាន​អង្គការ​មួយ​សង់​កូន​ផ្ទះ​តូច​មួយ​ឱ្យ​រស់នៅ​ដាច់​ដោយឡែក​ពី​កូន​ផ្ទះ​ម្ដាយ​ជរា ហើយ​ជា​រឿយ​ៗ​ក៏​មាន​ក្រុម​អាជ្ញាធរ​ឃុំ​-​ស្រុក​ផ្ដល់​គ្រឿង​ឧបភោគបរិភោគ និង​ថវិការ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ជីវភាព​ខ្វះខាត​ដែរ តែ​ការ​ជួយ​របស់​អាជ្ញាធរ​បាន​តែ​មួយ​គ្រា​ៗ​នោះ​ទេ ។ ក្រៅពី​នេះ​គឺ​ប្ដី​ពិការ​សំណព្វចិត្ត​របស់​នាង​ចេញ​ស្វែងរក​ស៊ីឈ្នួល​គេ​បន្ថែម​ទៀត ហើយ​​បច្ចុប្បន្ន​នេះ​ពេល​ថ្ងៃ​ប្ដី​សម្លាញ់​របស់​នាង​ស៊ីឈ្នួល​គេ ចំណែក​ពេល​យប់ គឺ​ដើរ​ច្រៀង​តាម​ពី​ធី​មង្គលការ ឬ​កម្មវិធី​ផ្សេង​ៗ ក្រែង​មាន​បងប្អូន​អាណិត​ជួយ​ជា​លុយកាក់​បាន​ខ្លះ​សម្រាប់​ចិញ្ចឹម​ជីវិត​។

បើ​តាម​សម្ដី​លោកយាយ ឈឹង ម៉ិ ត្រូវជា​ម្ដាយ​ជរា​រស់​ក្បែរ​កូន និង​ចៅ បានឱ្យ​ដឹង​ថា រឿង​ក្រ​សម្រាប់​គ្រួរ​សារ​គាត់ និង​កូន​របស់​គាត់​មធ្យម​ទេ តែ​សំខាន់​កូន​ពិការ​ភ្នែក រីឯ​ប្រពន្ធ​ត្រូវជា​កូន​ប្រសារ​ស្រី​វិញ គ្នា​មាន​សតិ​មិនសូវ​គ្រប់​តាំងពី​កំណើត​មក​ម្ល៉េះ ហើយ​លោកយាយ​មិន​មានអី​ចែក​ឱ្យ​កូន​ៗ​ទេ មាន​តែ​ណែនាំ​ឱ្យ​ខិតខំ​តស៊ូ​ក្នុង​ឆាកជីវិត ហើយ​កើត​ជាតិ​ណា​ៗ ប្រាថ្នា​កុំឱ្យ​ជួប​បែប​នេះ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ