រាជធានីភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ រាជធានីភ្នំពេញបានប្រែប្រួលមុខមាត់នឹកស្មានមិនដល់ ព្រោះបច្ចុប្បន្ននេះ រាជធានីមួយនេះដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចំរើន និងស៊ីវិល័យជាបន្តបន្ទាប់ ដោយគេឃើញមានសំណង់អគារខ្ពស់ៗរីកដុះដាលគ្រប់ទីកន្លែង សំណង់លំនៅឋានបែបស៊ីវិល័យ ហើយបើក្រឡែកមើលតាមដងផ្លូវវិញគឺមានយានយន្តទំនើបៗគ្រប់ប្រភេទទាំងអស់ ។

គេនៅចាំបានថា ក្នុងអំឡុងឆ្នាំ ២០០០ នៅត្រឹមច្រមុះជ្រូកស្ទឹងមានជ័យគឺជាវាលធំល្វឹងល្វើយ ឃើញមានតែស្ថានីយ៍វិទ្យជាតិ ៩៦ តែប៉ុណ្ណោះ ខណៈនៅតំបន់បឹងបាយ៉ាបវិញ គឺគ្រាន់តែជាវាលស្រែលិចទឹក គ្មានមនុស្សរស់នៅ ឬអាចនិយាយបានថា បឹងប៉ាយ៉ាបកាលនោះ គឺជាតំបន់ជាយក្រុងឆ្ងាយដាច់ស្រយាល ។

តែបច្ចុប្បន្ននេះ តំបន់ច្រមុះជ្រូកស្ទឹងមានជ័យបានប្រែក្លាយជាតំបន់ពាណិជ្ជកម្មអ៊ូរអរ ខណៈដីនៅតំបន់បឹងបាយ៉ាបវិញ គឺមានសំណង់អគារពាណិជ្ជកម្មតូចធំ ផ្សារទំនើប រីកស្គុះស្គាយ ហើយចរាចរណ៍វិញគឺសំបូរមនុស្សពេញៗដងផ្លូវតែម្តង ។

ទន្ទឹមនឹងការរីកចំរើនមិនឈប់ឈរបែបនេះ រាជធានីភ្នំពេញ ក៏បានពង្រីកខ្លួនរហូតមកដល់ឆ្នាំ២០២១នេះ មានកំណើនទ្វេរដងរាប់ទាំងផ្ទៃដី និងចំនួនប្រជាពលរដ្ឋក៏កើនឡើងច្រើនផងដែរ ទាំងអ្នកផ្លាស់ទីលំនៅពីបណ្តាខេត្ត-ក្រុងនានាមករស់នៅជាអចិន្ត្រៃយ៍នៅភ្នំពេញ ហើយក៏មានចំនួនបងប្អូនមកពីខេត្តនានាមកធ្វើការនៅរោងចក្រ ឬលក់របរតាមរទេសចល័តជាច្រើន ។

យោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ឆាប់ៗខាងមុខនេះ បានឱ្យដឹងថា រាជធានីភ្នំពេញ គឺជារាជធានីមួយក្នុងចំណោមរាជធានី ខេត្ត សរុប ២៥ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៍ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ រាជធានីភ្នំពេញស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់នឹង ស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

របាយការណ៏ដដែលបានបញ្ជាក់ថា ឆ្នាំ២០១៩កន្លងមកនេះរាជធានីភ្នំពេញមាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនភូមិ៩៥៣ ចំនួនគ្រួសារ៤៩៩.២៩៩ ចំនួនប្រជាពលរដ្ឋសរុប ២.២៨១.៩៥១នាក់ ចំនួនស្រី្តសរុប១.១៧៦.២៧៨នាក់ ។ នេះជារបាយការផ្លូវការជំរឿនឆ្នាំ២០១៩ ។

ទាក់ទិន្នទៅនឹងការពង្រីកខ្លួនរបស់រដ្ឋបាលរាជធានីភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំនោះ មន្ត្រីចាស់វស្សារបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងថា បើតាមគាត់ចាំមិន ច្រឡំទេនោះ នៅក្នុងឆ្នាំ២០០៦ រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់ ។
នៅឆ្នាំ២០០៩រាជធានីភ្នំពេញបានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពលរដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋសរុប១.៣២៧.៦១៦នាក់

នៅឆ្នាំ២០១២រាជធានីភ្នំពេញពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋសរុប១.៥០១.៧២៥នាក់ ។ នៅឆ្នាំ២០១៧រាជធានីភ្នំពេញបានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១២ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប១.៤៦១.៨៥៣នាក់
នៅឆ្នាំ២០១៩រាជធានីភ្នំពេញមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ ។

រហូតមកដល់ឆ្នាំ២០២០ រាជធានីភ្នំពេញ មាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់ និងនៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ចំណែកប្រជាពលរដ្ឋក៏មានការកើនឡើងទៅតាមនោះដែរ ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា ទាក់ទិន្នទៅនឹងកំណើនថ្មីៗនេះផងដែរ បើយោងតាមព្រះរាជក្រឹត្យរបស់ចុះថ្ងៃទី, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០របស់ព្រះមហាក្សត្របានត្រាស់បង្គាប់ក្នុងមាត្រា១គឺត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកភូមិចំនួន០៥គឺ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី, ភូមិព្រែកឡុងនៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ ខេត្តកណ្តាល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដីទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ(ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីដដែលបានបញ្ជាក់ថា បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងលើនេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីកើនឡើងបន្ថែមទៀត ព្រោះបានកាត់ដីពីខេត្តកណ្តាល និងកាត់ខ្លះពីរាជធានីភ្នំពេញទៅឱ្យខេត្តកណ្តាលវិញ ដូចនេះអាចកើនដល់ទៅ ៦៩៥,៤៦៤ គីឡូម៉ែត្រការ៉េ ។ ប៉ុន្តែទោះជាយ៉ាងណាតួរលេខនេះ នៅមិនទាន់ច្បាស់លាស់នោះទេ ដោយសារមន្ត្រីជំនាញកំពុងតែបន្តអនុវត្តន៏នីតិវិធី ដែលនឹងអាចរួចរាល់យ៉ាងយូនៅអំឡុងពាក់កណ្តាលឆ្នាំ២០២១នេះតែម្តង ៕
ចែករំលែកព័តមាននេះ