រាជធានីភ្នំពេញ ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនទាន់កំណត់ពេលបើកសវនាការ លើសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនោះទេ ដោយអះអាងរងចាំពេលវេលាសមស្រប ។
ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ខណៈសហមេធាវីលោក កឹម សុខា បានស្នើឲ្យតុលាការបន្តបើកសវនាការកូនក្តីខ្លួនឲ្យបានឆាប់រហ័ស ។ យោងតាមលិខិតរបស់ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា សូមជម្រាបមកសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ឈ្មោះ កឹម សុខា ថា ករណីស្នើសុំបន្តសវនាការឡើងវិញរបស់សហមេធាវីការពារសិទ្ធិឲ្យជនជាប់ ចោទសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៩៦- ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ថា តបតាមកម្មវត្ថុ និងយោងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះ សូមជម្រាបជូនសហមេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឲ្យបានជ្រាបថា បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ ពិនិត្យផ្លូវសំណើសុំបន្តសវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថា សវនាការមិនទាន់អាចប្តូរដាក់កម្មវិធីនាពេលនេះបាននៅឡើយទេ ដោយមូលហេតុថា ការចម្លងរីករាលដាលនៃមេរោគកូវីដ១៩ (CoVID-9) នៅតែមានស្ថានភាពធ្ងន់ធ្ងរជាសកល និងមិនច្បាស់លាស់នៅឡើយ ។
លិខិតបន្តថា ម្យ៉ាងទៀតដោយហេតុថា សាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងតែមមាញឹកនៅក្នុងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទ ឬជនជាប់ចោទ កំពុងជាប់ឃុំយ៉ាងចង្អៀត ក្នុងពន្ធនាគារដែលករណីនេះជាបញ្ហាប្រឈមដែលត្រូវចូលរួមឱ្យបានសកម្មនៅក្នុងយុទ្ធនាការការនៃការដោះស្រាយសំណុំរឿងកកស្ទះដែលត្រូវបានដាក់ចេញដោយក្រសួងយុត្តិធម៌ នាពេលកន្លងមកថ្មីៗនេះ ។ ស្របពេលជាមួយនេះដែរក្រុមប្រឹក្សាជំនុំជម្រះក៏ពិនិត្យ និងពិចារណានូវគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីអាចមាន លទ្ធភាពខ្ពស់សវនាការឡើងវិញ នាពេលវេលាសមស្របខាងមុខនេះ ដើម្បីធានានូវសិទ្ធិ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ស្របតាមនីតិវិធីច្បាប់ ។ អាស្រ័យហេតុនេះ សូមសហមេធាវីការពារសិទ្ធិឲ្យជខជាប់ចោទ ជ្រាបជាដំណឹង ។
ទាក់ទិននឹងសំណុំរឿងលោក កឹម សុខាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានបញ្ជាក់ ថាសំណុំរឿងរបស់លោក កឹម សុខា គឺជាសន្ទានុសិទ្ធិរបស់តុលាការ ហើយការសុំបើកសវនាការមិនមែនជាអាទិភាពនោះទេ ព្រោះជនត្រូវចោទកំពុងនៅក្រៅឃុំ ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បន្ទាប់ពីក្រុមមេធាវីលោក កឹម សុខា បានស្នើជាលើកទី៣ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការរឿងក្តីព្រហ្មទណ្ឌ លោក កឹម សុខា ឲ្យបានឆាប់កាលពេលថ្មីៗនេះ ។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ៖«ខ្ញុំសូមជូនចំណុច អំពីទិដ្ឋភាពច្បាប់ និង បច្ចុប្បន្នភាពករណីសំណុំរឿង កឹម សុខា ថា តើហេតុអ្វីបានសវនាការសំណុំរឿងផ្សេងអាចបន្តដំណើរការទៅបាន ហើយសំណុំរឿង កឹម សុខា បែរជានៅតែអូសបន្លាយពេលវេលាទៅវិញគឺ ៖ សំណុំរឿង កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ ។
អ្នកនាំពាក្យបន្តថា លោក កឹម សុខា បាន និងកំពុងប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួនយ៉ាងពេញលេញតាមផ្លូវច្បាប់ ដោយមានមេធាវីការពារដល់ទៅ ៥ រូប ។ សវនាការលើករណី កឹម សុខា នាពេលកន្លងមក ត្រូវបានធ្វើឡើងជាសាធារណៈ និងប្រកបដោយតម្លាភាព ដោយអនុញ្ញាតឱ្យសង្គមស៊ីវិល តំណាងអង្គទូត ក៏ដូចជាសាធារណជនផ្សេងទៀត បានចូលរួមស្តាប់ ។ ឧទាហរណ៍ ករណីការពិនិត្យផ្ទៀងផ្ទាត់ភស្តុតាងជា Video Clip ដែលមេធាវីរបស់ កឹម សុខា អះអាងថាជា Video មិនពិត ។ ប៉ុន្តែ ក្រោយពេលផ្ទៀតផ្ទាត់ បង្ហាញថា Video Clip ដែលផ្តល់ដោយមេធាវីរបស់ កឹម សុខា គឺដូចគ្នានឹង Video Clip ដែលជាភស្តុតាងនៅក្នុងសំណុំរឿង ។ ខ្លឹមសារជារួមនៃ Video Clip នេះ កឹម សុខា បាននិយាយថា «គាត់ត្រូវបានរៀបចំ បណ្តុះបណ្តាល និងឧបត្ថម្ភ គាំទ្រដោយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា”» ។
សូមជម្រាបថា ក្រុមមេធាវីលោកកឹម សុខាអតីតប្រធានគណបក្សសង្គ្រោះជាតិ រួមមានលោក ចាន់ ចេន, លោក ផែងហេង, លោក អាង ឧត្តម និងអ្នកស្រី ម៉េង សុភារី បានដាក់លិខិតទៅប្រធានសាលាដំបូងរាជធានីភ្នំពេញស្នើសុំឱ្យតុលាការបន្តសវនាការលើសំណុំរឿងនេះឡើងវិញបានបញ្ជាក់ថា ៖«យើងខ្ញុំជាសហមេធាវីការពារក្តីជូនលោកកឹម សុខា សូមជម្រាបជូនលោកចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញថា ដោយសារស្ថានភាពជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានគ្រប់គ្រងបានទាំងស្រុងហើយតាមរយៈក្រសួងសុខាភិបាលយើងស្នើសុំតុលាការជំនុំជម្រះដំណើរការវិញដូចការជំនុំជម្រះរឿងក្តីដទៃទៀតដែរ» ។
ក្រុមមេធាវីលោកកឹម សុខាក៏បានលើកឡើងថាការស្នើសុំនេះដើម្បីជៀសវាងការបន្ត ផ្អាកដំណើរការនីតិវិធី ជាពិសេសនោះដើម្បីជៀសវាងការបន្តរំលោភបំពានលើសិទ្ធិក្នុងការ ទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិរបស់លោកកឹម សុខា ។ ក្រុមមេធាវីបានគូសបញ្ជាក់ថាការស្នើសុំនេះជាលើកទី៣ហើយដើម្បីឲ្យតុលាការបន្តសវនាការឡើងវិញឲ្យបានឆាប់បំផុត។
ជាមួយគ្នានោះដែរក្រុមេវធានីដដែលក៏បានកត់សម្គាល់ថា សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះក រណី លោកកឹម សុខា គឺបានធ្វើការដេញដោលសួរលោកកឹម សុខា យ៉ាងច្រើនអស់ហើយ ។ ការដាក់ កម្មវិធីបន្តសវនាការលើសំណុំរឿងចាស់នេះមិនគួរអូសបន្លាយទៀតទេព្រោះថា ក្រុមប្រឹក្សជំនុំជម្រះមេធាវីនិងភាគីពាក់ព័ន្ធ គឺមានសមាសភាពស្រេចហើយ ។
ក្រុមមេធាវីបញ្ជាក់ថា ក្នុងពាក្យស្នើសុំយ៉ាងដូច្នេះថា៖«ការទុកសំណុំរឿងចាស់ចោលយូរហួសហេតុពេក ដែលអង្គសវនាការបានធ្វើការដេញចដោលរួចហើយនោះ មិនមែនជាជម្រើស ល្អទេ និងគ្មានទម្លាប់រឿងក្តីយកមកដេញដោលរួចទុកចោលយ៉ាងយូរ នេះដែរ។ រឿងនេះគួរតែ ត្រូវបានដាក់កម្មវិធីជាប្រក្រតីដូចបណ្តាលរឿងក្តីផ្សេងទៀត ដែលតុលាការកំពុងដំណើរកា រកម្មវិធីសព្វថ្ងៃ»៕
ចែករំលែកព័តមាននេះ