ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈមេធាវី​បង្ហាញ​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា«​ការ​បង្ខំ​មេធាវី​ឱ្យ​ទម្លាយ​ការ​សម្ងាត់​វិជ្ជាជីវៈ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (The Bar Association of The Kingdom of…

រាជធានី​ភ្នំពេញ ៖ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (The Bar Association of The Kingdom of Cambodia) បាន​ចេញ​សេចក្តី​ថ្លែង​ង​ការណ៍​មួយ​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ការ​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី ។

យោង​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី ៣ ខែកុម្ភៈ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា «​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​មន្ត្រី​នៃ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយ​ចំនួន​ដែល​តែងតែ​យក​សកម្មភាព​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី​សុទ្ធសាធ​ទៅ​ដោះស្រាយ​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន និង​ការ​បង្ខំ​មេធាវី​ឱ្យ​ទម្លាយ​ការ​សម្ងាត់​វិជ្ជាជីវៈ​» ។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ត​ថា «​កន្លង​មកនេះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​កត់សម្គាល់​ឃើញ​ថា មាន​មន្ត្រី​នៃ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយ​ចំនួន​បាន​ទទួល និង​ចាត់ការ​លើ​បណ្តឹង​ដែល​ប្តឹង​ចំពោះ​សកម្មភាព​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី​សុទ្ធសាធ ជា​អាទិ៍ ការ​ឃាត់ខ្លួន​មេធាវី​ដែល​បាន​តំណាង​កូនក្តី​ក្នុង​ការ​ចរចា​និង​អម​កូនក្តី ការ​បង្ខំ​មេធាវី​ឱ្យ​អន្ទង​កូនក្តី​មក​កាន់​អង្គភាព​នគរបាល​យុត្តិធម៌ ការ​បង្ខំ​មេធាវី​ឱ្យ​ទម្លាយ​ការ​សម្ងាត់​នៃ​ទំនាក់ទំនង​រវាង​មេធាវី​និង​កូនក្តី ការ​ប្តឹង​មេធាវី​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​ចំពោះ​ការ​តាក់តែង​លិខិត​ជូនដំណឹង​ក្នុង​នាម​មេធាវី​តំណាង​ដោយ​អាណត្តិ ការ​ប្តឹង​មេធាវី​ពី​បទ​ញុះញង់​ចំពោះ​ការ​ផ្តល់​យោបល់​ផ្នែក​ច្បាប់​ដល់​កូនក្តី​។​ល​។​»

បន្ថែម​ពីលើ​នេះ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​លោក​មេធាវី លី ច័ន្ទ​តុលា ជា​ប្រធាន​គណៈមេធាវី ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​នៃ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ពិនិត្យ​តាម​ផ្លូវច្បាប់​លើ​សកម្មភាព​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី មុន​នឹង​ចាត់ការ​លើ​ការ​ប្តឹង​មេធាវី​ណាមួយ​។ ក្នុង​ករណី​រក​ឃើញ​ថា ការ​ប្តឹង​នោះ​កើត​ចេញពី​ការ​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី សូម​មន្ត្រី​នៃ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្តល់​ព័ត៌មាន ឬ​បញ្ជូន​បណ្តឹង​នោះ​មក​គណៈមេធាវី ដើម្បី​ដោះស្រាយ​តាម​វិធាន​វិជ្ជាជីវៈ ជា​សមត្ថកិច្ច ដូចដែល​មាន​ចែង​យ៉ាង​ច្បាស់លាស់​នៅ​ក្នុង​មាត្រា ១៩ និង​មាត្រា ២៧ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​។

ក្នុង​សេចក្តីថ្លែងការណ៍​ដដែល គណៈមេធាវី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា សូម​អំពាវនាវ​ដល់​មេធាវី​ទាំងអស់ នៅ​ពេល​ប្រកប​វិជ្ជាជីវៈ​មេធាវី ត្រូវ​គោរព​ច្បាប់​និង​ក្រមសីលធម៌​មេធាវី​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ លើស​ពី​នេះ មេធាវី​ដែល​ត្រូវ​បាន​គេ​ប្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណាមួយ ឬ​មេធាវី​ដែល​បានដឹង​អំពី​ការ​ប្តឹង​មេធាវី​ណាមួយ សូម​ផ្តល់​ព័ត៌មាន​នេះ​មក​គណៈមេធាវី​ជា​បន្ទាន់ ដើម្បី​គណៈមេធាវី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​លើ​ផ្លូវច្បាប់ ស្វែងរក​ព័ត៌មាន​បន្ថែម និង​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ