ក្រសួងសម្រួលដល់កម្មករនិយោជិត ដោយកាត់បន្ថយអ្នកអត់ការងារធ្វើក្នុងអត្រាទាបបំផុត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណប្រតិភូជួបប្រជុំជាមួយ ដើម្បីធ្វើរបាយការណ៍សង្ខេបទាក់ទងនឹងវឌ្ឍនភាព បញ្ហាប្រឈមក្នុងដំណាក់កាលកូវីដ-១៩ និងទិសដៅបន្តឆ្នាំ២០២១ ដោយបានផ្តោតទៅលើលទ្ធផលដែលក្រសួងខិតខំសម្រេចបានសំដៅធានាចូលរួមដោះស្រាយសម្រួលដល់ការលំបាកទាំងមា្ចស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស ។

ជាលទ្ធផលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំសម្រេចបាននូវលទ្ធផលគួរជាទីមោនទន ដែលទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈកម្មការទី៨ នៃរដ្ឋសភា ដែលក្រសួងបានចូលរួមធានាបាននូវការសម្រួលដល់ដំណើរការអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងធានាបាននូវការងារជូនដល់កម្មករនិយោជិត ដោយបានកាត់បន្ថយចំនួនអ្នកអត់ការងារធ្វើក្នុងអត្រាទាបបំផុត ហើយអាចរក្សាបានលំនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ដោយបានខិតខំអនុវត្តបានជោគជ័យនូវកញ្ចប់វិធានការទាំង ៧ជុំ របស់រាជរដ្ឋាភិបាល ជាពិសេសការជំរុញក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងវិធានការជំនួយសង្គមដល់កម្មករនិយោជិត ក្នុងគោលបំណង (១) ជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត, (២) ជួយទំនុកបម្រុងគ្រួសារក្រីក្រ និងងាយរងគ្រោះ, និង (៣) ជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិដោយក្នុងនោះរួមមាន៖


បើតាមការវាយតម្លៃ ផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ។ ជាក់ស្តែង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយ ពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ស្មើនឹងកម្មករនិយោជិតចំនួន ១៥៣ ៣៣៦នាក់ បានកំពុងព្យួរកិច្ចសន្យាការងារ គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមចំនួន ១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន ២៣ ៦៨២នាក់ ប៉ុណ្ណោះ កំពុងព្យួរកិច្ចសន្យាការងារ។

ទន្ទឹមនឹងនេះ ឆ្នាំ២០២០ មានសហគ្រាសចំនួន ១៣៥៦ បានបិទលែងដំណើរការ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨ ៨២៥នាក់ ដែលចំនួននេះ គឺច្រើនជាងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ដែលមានសហគ្រាស ចំនួន ៩៦៩ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ៨៥ ៨៨៩នាក់ ដែលភាគច្រើន គឺជាប្រភេទរោងចក្រសហគ្រាស ក្រៅពីវិស័យកាត់ដេរ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលដូចគ្នានេះ រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១ ២៥៧នាក់ ផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានខិតខំផ្តល់ព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារប្រមាណជាង ២,៣លាននាក់ តាមរយៈវេទិកាការងារ សេវាទូរសព្ទ គេហទំព័រការងារ បណ្តាញទំនាក់ទំនងសង្គម និងមជ្ឈមណ្ឌលការងារ ៕
ចែករំលែកព័តមាននេះ