ប៉ូលិសចិន រឹបអូសវ៉ាក់សាំងកូវីដ ក្លែងក្លាយ ៣,០០០ដូស និងចាប់ខ្លួនជនសង្ស័យជាង ៨០នាក់
ទីក្រុងប៉េកាំង ៖ មនុស្សជាង ៨០នាក់ ត្រូវបានចាប់ខ្លួន និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្លែងក្លាយ ត្រូវបានរឹបអូសចំនួន ៣,០០០ ដូស…
ទីក្រុងប៉េកាំង ៖ មនុស្សជាង ៨០នាក់ ត្រូវបានចាប់ខ្លួន និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្លែងក្លាយ ត្រូវបានរឹបអូសចំនួន ៣,០០០ ដូស…
ទីក្រុងប៉េកាំង ៖ មនុស្សជាង ៨០នាក់ ត្រូវបានចាប់ខ្លួន និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្លែងក្លាយ ត្រូវបានរឹបអូសចំនួន ៣,០០០ ដូស នៅក្នុងប្រតិបត្តិការបង្ក្រាបទាក់ទងនឹងវ៉ាក់សាំងខុសច្បាប់ ដែលក្រុមជនសង្ស័យ បានទទួលផលចំណេញពីការផលិតនិងការលក់វ៉ាក់សាំងក្លែងក្លាយទាំងនេះ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ កន្លងមកម៉្លេះ នេះបើយោងតាមកាសែត Global Times ចេញផ្សាយថ្ងៃចន្ទ ទី១ កុម្ភៈ ២០២១ ។
ប្រតិបត្តិការបង្ក្រាបវ៉ាក់សាំងខុសច្បាប់នេះ ធ្វើឡើងរួមគ្នាដោយកម្លាំងប៉ូលីស នៅទីក្រុងប៉េកាំង និងខេត្ត ជាំងស៊ូ រួមជាមួយខេត្តសានដុង ស្ថិតនៅភាគខាងកើតប្រទេសចិន និងតំបន់ផ្សេងទៀតដែលក្រុមជនសង្ស័យធ្វើសកម្មភាពចែកចាយរាយប៉ាយពាសពេញទីក្រុងជាច្រើន ។
របាយការណ៍ប៉ូលិស និយាយថា វ៉ាក់សាំងក្លែងក្លាយទាំងអស់ ត្រូវបានស៊ើបអង្កេតតាមដាន ។ ទោះយ៉ាងណា របាយការណ៍មិនបានបង្ហាញឲ្យដឹងថា តើវ៉ាក់សាំងទាំងនេះ បានធ្វើដំណើរទៅណាខ្លះ នោះទេ ។
ប្រភពដែលស្និទ្ធនឹងអ្នកផលិតវ៉ាក់សាំងធំមួយរបស់ចិន បានប្រាប់ Global Times ថា ក្រុមជនសង្ស័យ ដែលចាប់ខ្លួនខាងលើ អាចមានគំរោងបញ្ជូនវ៉ាក់សាំងក្លែងក្លាយទាំងនេះ ទៅលក់នៅបរទេស ។
ប្រភពដដែល បានប្រាប់បន្តថា ជនសង្ស័យមួយក្រុម ធ្លាប់បានរត់ពន្ធថ្នាំបង្ការជំងឺផ្សេង ទៅក្នុងទ្វីបអាហ្វ្រិក ពីមុនមក ទោះបីយ៉ាងណា គេមិនទាន់ដឹងថា តើពួកគេបាននាំចេញពីប្រទេសចិន ដោយរបៀបណាទេ ។
យោងតាមរបាយការណ៍របស់ប៉ូលិស បានអោយដឹងថា ជនសង្ស័យបានផលិតវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ ដោយចាក់សារធាតុសូលុយស្យុងអំបិល ផ្ទុកក្នុងសឺរ៉ាងតែម្តង ហើយលក់វាក្នុងតម្លៃខ្ពស់ ។
អ្នកជំនាញវ៉ាក់សាំង ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានប្រាប់ថា “វ៉ាក់សាំងក្លែងក្លាយ” នេះពោរពេញទៅដោយជាតិប្រៃនឹងគ្មានប្រសិទ្ធភាពទេ ប៉ុន្តែវាក៏មិនបង្កបញ្ហាដល់សុខភាពដែរ ដូច្នេះវាច្បាស់ណាស់ថា ក្រុមជនសង្ស័យចង់បានប្រាក់ មិនមែនធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្សទេ” ។
ប្រភពដដែលបាននិយាយទៀតថា នៅក្នុងប្រទេសចិនប្រអប់វ៉ាក់សាំងនីមួយៗមានលេខកូដតែមួយ ដែលត្រូវតែស្កេន ក្នុងកំឡុងពេលដំណើរការចាក់វ៉ាក់សាំង ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់វា ៕

ចែករំលែកព័តមាននេះ