ព្រះសម្មាសម្ពុទ្ធត្រាស់ថា សេចក្តីចម្រើនក្តី ប្រយោជន៍ក្តី យសស័ក្តិក្តីតែងចម្រើនយ៉ាងក្រៃលែងដល់បុគ្គលអ្នកដែលមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាតឥតទោស ជាអ្នកពិចារណារួចហើយទើបធ្វើ ជាអ្នកសង្រួមរស់នៅដោយធម៌ និងជាអ្នកមិនមានសេចក្តីប្រមាទ ។
ព្រោះថា សេចក្តីប្រឹងប្រែងជាផ្លូវនៃសេចក្តីមិនស្លាប់ ការមិនប្រឹងប្រែងជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយដែលមិនមានសេចក្តីប្រឹងប្រែងហើយទុកដូចជាស្លាប់ទៅហើយ ពួកបណ្ឌិតជ្រាបនូវដំណើរនេះច្បាស់ហើយ ទើបឋិតនៅក្នុងសេចក្តីប្រឹងប្រែងជានិច្ច រីករាយក្នុងសេចក្តីប្រឹងប្រែងជាដរាប ។
បណ្ឌិតទាំងនោះជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរក្នុងអរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញាតែងប៉ះពាល់នូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាតដ៏ប្រសើរក្រៃលែង ៕ សាន សារិន
ចែករំលែកព័តមាននេះ