ប្រេងសំាងនៅកម្ពុជា បានបន្តថ្លៃទៀតនៅដើមខែកុម្ភៈនេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសំាងដែលលក់តាមស្ថានីយ៍ប្រេងឥន្ធនៈចាប់ពីថ្ងៃទី១កុម្ភៈដល់ថ្ងៃទី១៥ខែកុម្ភៈនឹងមានតម្លៃ៣ ៤០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសំាងធម្មតា ចំណែកប្រេងម៉ាស៊ូតថ្លៃ៣ ០៥០រៀលក្នុងមួយលីត្រ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/1d8ff47265e678470d4c87bc9cc79460.jpg)
កាលពីសប្តាហ៍មុននេះ តម្លៃប្រេងសំាងស៊ុបពែ ដាក់លក់នៅតាមស្ថានីយ៍ក្នុងរាជធានីភ្នំពេញថ្លៃ ៣ ៧៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេថស៊ុបពែ ចំណែកសំាងធម្មតាមានតម្លៃ៣ ២០០រៀងក្នុងមួយលីត្រ និងប្រេងម៉ាស៊ីតថ្លៃ២ ៩០០ក្នុងមួយលីត្រ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/b584ad6cd445699d4acdc7c859f2afdf.jpg)
ការឡើងថ្លៃប្រេងសំាងជាប់ៗគ្នាប៉ុន្មានខែមកនេះ ស្របពេលដែលកម្ពុជាបានប្រកាសពីការទទួលបានដំណក់ប្រេងពីបាតសមុទ្រ ជាប្រវត្តិសាស្រ្ត។ តំណក់ប្រេងធម្មជាតិនេះធ្វើឲ្យពលរដ្ឋមានសង្ឃឹមថាកម្ពុជានឹងអាចបានប្រើប្រាស់ប្រេងសំាងនៅក្នុងតម្លៃទាប។ ប៉ុន្តែនៅព្រឹកថ្ងៃទី១ខែកុម្ភៈនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថាការទទួលបានដំណក់ប្រេងពីបាតសមុទ្ររបស់កម្ពុជានៅពេលនេះមិនទាក់ទងតម្លៃប្រេងសំាងលក់នៅលើទីផ្សារនោះទេ។ សម្តេចបានបញ្ជាក់ថាអ្វីដែលកម្ពុជាទទួលបាននោះគ្រាន់តែប្រេងសំាងធម្មជាតិហើយគេត្រូវការឆ្លងកាត់ការចម្រាញ់ ជាច្រើនទៀត ហើយកម្ពុជាមិនទាន់មានរោចក្រចម្រាញ់ប្រេងនេះទេ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/c5af0543407a6e8ba11db6a69f792014.jpg)
សម្តេចប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថាប្រទេសដែលមានប្រេងកាតក្រោមដីមិនប្រាកដថាប្រជាជនលរដ្ឋនៅក្នុងប្រទេសនោះនឹងមានប្រេងសំាងប្រើប្រាស់ក្នុងតម្លៃទាបទេ។ សម្តេចបញ្ជាក់ថាប្រទេសដែលមានធនធានប្រេងជាច្រើនមានពលរដ្ឋធ្វើបាតុកម្មពីតម្លៃប្រេង។
ប្រេងសំាងឡើងថ្លៃអាចអាចជះឥទ្ធផលដល់ទំនិញនិងសេវាកម្មដែលលក់លើទីផ្សារ។ ក្រសួងពាណិជ្ចកម្មបានបញ្ជាក់ថាការកំណត់ថ្លៃប្រេងសំាងលក់តាមស្ថានីយ៍ប្រេងឥន្ធនៈផ្អែកលើទីផ្សារប្រេងអន្តរជាតិ៕
ចែករំលែកព័តមាននេះ