ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អំពាវនាវ​ពលរដ្ឋ​ការពារ​ចម្លង​​កូ​វី​ដ​១៩ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ និង​ពិធី​សែនដូនតា​ផ្សេង​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់រ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ និង​ពិធី​សែនដូនតា​ផ្សេង​ៗ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់រ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ជាតិខ្មែរ និង​ពិធី​សែនដូនតា​ផ្សេង​ៗ ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ស្ថានភាព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​លើ​បណ្តា​ប្រទេស​លើ​សកលលោក និង​នៅ​ក្នុង​តំបន់​មិន​ទាន់​មានការ​ធូរស្បើយ​នៅឡើយ​ទេ ហើយ​កំណើន​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ និង​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​តែ​បន្ត​មាន​ខ្ពស់​នៅឡើយ ។

ក្រសួង​បន្ត​ថា​ទោះបីជា​ប្រទេស​កម្ពុជា​បាន និង​កំពុង​ខិតខំ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​យ៉ាង​មាន​ប្រសិទ្ធ​ភាពល្អ​ហើយ​ក៏​ដោយ​ក៏​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅ​តែ​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ ហើយ​លទ្ធភាព​នៃ​ការ​ចម្លង​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ក៏​នៅ​ខ្ពស់ នៅឡើយ​ដោយសារ​ប្រទេស​ជិតខាង​យើង​មាន ប្រទេស​ថៃ និង​ប្រទេស​វៀតណាម កំពុង​មានការ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ជា​ថ្មី​ទៀត​នៅ​ក្នុង​សហគមន៍ ។ អាស្រ័យ​ហេតុនេះ ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ដោយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​អំឡុង​ពិធីបុណ្យ​ចូល ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធីសែនព្រេន​នានា នា​ពេល​ខាង​មុខ​នេះ ។

ក្រសួង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត គណៈ​បញ្ជាការ ឯកភាព​ឃុំ​/​សង្កាត់​/​ខណ្ឌ ជា​ពិសេស​ខេត្ត​ជាប់​ព្រំប្រទល់​សូម យកចិត្តទុកដាក់​គ្រប់គ្រង​ចរាចរណ៍​ពលករ ឬ​អ្នកដំណើរ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​ឲ្យ​បាន​ម៉ាត់​ចត់​បំផុត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ចម្លង​វីរុស​កូ​វី​ដ -១៩​ចូល​មក​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​សូម​លើកទឹកចិត្ត និង​ធ្វើការ​ណែនាំ​ដើម្បី​អនុវត្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​នូវ​វិធានការ​សំខាន់​ៗ ដូច​ខាងក្រោម​នេះ ៖

១. ត្រូវ​ពាក់​ម៉ាស់​រក្សា​អនាម័យ​ដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ៖ អាជ្ញាធរ​រាជធានី​ខេត្ត គណៈកម្មាធិការ​ឯកភាព​ឃុំ​/ សង្កាត់​/​ខណ្ឌ គណៈកម្មាធិការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ នៅ​តាម​ទីកន្លែង​កំសាន្ត​នានា ម្ចាស់​សណ្ឋាគារ អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន ទី​វត្ត​អា​រ៉ា​ម និង​គណៈកម្មាធិការ​វត្ត ត្រូវ​ចាត់ចែង​ណែនាំ​ឲ្យ​មានការ​អនុវត្តន៍​វិធានការ​សុខាភិបាល (​មាន​ដូច​ខាង ក្រោម​នេះ​) បង្កើន​សកម្មភាព​ត្រួតពិនិត្យ អប់រំ​ពុទ្ធបរិស័ទ ដែល​ចេញ​-​ចូល​ទី​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ​នីមួយ​ៗ និង​ទីកន្លែង​ដែល​អាច​មានការ​ប្រមូលផ្តុំ ឬ​ជួបជុំ​មនុស្ស ជា​ច្រើន​ផ្សេង​ៗ ឲ្យ​បាន​ហ្មត់ចត់​ជាទី​បំផុត ហើយ​បុគ្គល​គ្រប់​រូប ត្រូវ​ចូលរួម​អនុវត្ត​កិច្ច​ការពារ​ខ្លួន​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វី​ដ វិធានការ ៣​ការពារ និង​៣​កុំ មាន​ដូច​តទៅ ៖

ដោយ​អនុវត្ត​នូវ ៣​ការពារ មាន ៖ – ត្រូវ​ពាក់​ម៉ាស់​គ្រប់​ៗ គ្នា នៅ​ពេល​ធ្វើ​ដំណើរ និង​ពេល​ចូល​ទៅ​កាន់​ទីកន្លែង​ណាមួយ ។ នៅ​តាម​ទីកន្លែង នីមួយ​ៗ ។ ត្រូវ​មានការ​ឆែក​មើល តើ​មានការ​ប្រើប្រាស់​ម៉ាស់​ដែរ​ទេ មុន និង​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទីកន្លែង​ណាមួយ​ៗ​ធ្វើការ​វាស់​កំ​ដៅ និង​បាញ់​ទឹក​អាល់កុល​លាងដៃ ឬ​ទឹក​ដែល​លាងដៃ សម្រាប់​រាល់​បុគ្គល​កុំ​ឲ្យ មានការ​ធ្វេសប្រហែស​នៅ​មុខ​ច្រកចេញ​-​ចូល​ក្លោ​ង​ទ្វារ​នីមួយ​ៗ ។ ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​លាងដៃ​នៅ​ច្រកចេញ​-​ចូល និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ។

ចាត់ចែង​ឱ្យ​មាន​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​មាន​គម្លាត​ពី​គ្នា​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ (១.៥​ម៉ែត្រ​) ៣​កុំ មាន ៖ -​កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន​កុះករ ។ កុំ​ចូល​ទៅ​កន្លែង​ដែល​បិទ​ជិតឈឹង​មិន​មាន​ខ្យល់​ចេញចូល និង​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ច្រើន​ពេក ។ កុំ​ចាប់ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា ឬ​ឱប​គ្នា នៅ​ពេល​ជួប​គ្នា ដោយ​ប្រើ​ការសំពះ ការ​ងក់ក្បាល ឬ​គ្រវី​ដៃ​បង្ហាញ​ជា ការ​ធ្វើ​គាវរ​កិច្ច​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ជ្រើសរើស​ការ​ជួបជុំ​គ្រួសារ ឬ​ដំណើរ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព​មិន​មានការ​ចម្លងជំងឺ កូ​វី​ដ​១៩ គឺ ៖ ជ្រើសរើស​ដំណើរ​កំសាន្ត​ដាច់​ដោយឡែក ជា​លក្ខណៈ​គ្រួសារ​ដែល​មិន​មានការ​ជួបជុំ​គ្នា​ច្រើន​ដូច​ជា​ការ​ដើរ​កម្សាន្ត​ជា​គ្រួសារ នៅ​តាម​ទី​រមណីយដ្ឋាន ឬ​ទីកន្លែង​កម្សាន្ត ដែល​មាន​បរិយាកាស​ល្អ មាន​ខ្យល់ ចេញចូល​ល្អ​គ្រប់គ្រាន់ មិន​ស្ថិត​នៅ​ក្នុង​ទី​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​ជាដើម កាត់​បន្ថយ​ឱ្យ​បានជា​អតិប្បរិមា​នូវ​ការ​ជួបជុំ​គ្នា​ដែល មាន​មនុស្ស​ម្នា​ច្រើន​ដូច​ជា ការ​ធ្វើ​ដំណើរ​កម្សាន្ត ប្រមូលផ្ដុំ​ច្រើន បរិភោគ​អាហារ​ជាមួយ​មិត្តភក្តិ​ច្រើន​ខាងក្រៅ​ផ្ទះ ការ​ជប់លៀង​ទ្រង់ ទ្រាយ​ធំ​ជាដើម ជៀសវាង​ការ​ជួបជុំ​គ្នា​លេងល្បែង​ស៊ីសង ការ​ច្រៀង​រាំ ដែល​មិន​មាន​គម្លាត​សុវត្ថិភាព ឬ​ការ​ជួបជុំ​គ្នា​ស៊ី ផឹក​គគ្រឹកគគ្រេង និង​ជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង​ច្រើន ព្រមទាំង​ត្រូវ​ជៀសវាង​ការ​ប្រើប្រាស់​គ្រឿង ញៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាច​ជា​កត្តា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង ឬ​កើតរោគ​ផង​ដែរ ជៀសវាង កន្លែង​កម្សាន្ត​នៅ​តាម​បែប​ជា​រង្គសាល កា​រ៉ា​អូ​ខេ ឬ​ក្លឹ​ប​កំសាន្ត​នានា ដែល​ប្រមូលផ្តុំ​គ្នា​ច្រើន និង មាន​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ និង​ដែល​មិន​មានការ​អនុ ញ្ញាត​ឲ្យ​បើក​ដំណើរការ​នោះ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ត្រូវ​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព កាត់​បន្ថយ​ជា​អតិប្បរិមា​នូវ​ការ​ចម្លងជំងឺ​កូ​វី​ដ ១៩ និង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ត្រូវ​ជៀសវាង​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ដែល​មាន​ផ្ទុក​មនុស្ស​ច្រើន បើ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ លោក​អ្នក​ត្រូវ​ពាក់​ម៉ាស់​ជា​និច្ច រក្សា​គម្លាត សុវត្ថិភាព​បុគ្គល និង​ត្រូវ​យក​តាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ជៀសវាង​ការ​ធ្វើ​ដំណើរ ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ឬ​ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង