ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ នឹង​ក្លាយ​ជាគោលដៅដ៏មាន​សក្តានុពល

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ ថ្វីដ្បិតតែទើបនឹងបង្កើតឡើង នៅអំឡុងចុងឆ្នាំ២០២០នេះ ប៉ុន្តែសហគមន៍អេកូ​ទេសចរណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ក្នុងខេត្តក្រចេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងជាគោលដៅក្នុង​ការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅពេលខាងមុខផងដែរ។ លោក…

ខេត្តក្រចេះ៖ ថ្វីដ្បិតតែទើបនឹងបង្កើតឡើង នៅអំឡុងចុងឆ្នាំ២០២០នេះ ប៉ុន្តែសហគមន៍អេកូ​ទេសចរណ៍ កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ក្នុងខេត្តក្រចេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល និងជាគោលដៅក្នុង​ការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅពេលខាងមុខផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា តាមរយៈវេទិកាជាតិ​អេកូទេសចរណ៍ លើកទី២ នៅសៀមរាប ដែលបញ្ចប់ដោយលទ្ធផលផ្លែផ្កានោះ ក្រសួងទេសចរណ៍ នឹងរៀបចំសំណើជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំពិធីបុណ្យ​អេកូទេសចរណ៍ប្រចាំឆ្នាំ នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗ ហើយខេត្តក្រចេះ ជាគោលដៅដ៏មានសក្តានុពល ក្នុងការរៀបចំពិធីបុណ្យនេះ​។

លោករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាសហគមន៍​អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ​។

សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ ស្ថិតនៅតាមបណ្តោយ​ដងទន្លេមេគង្គ គឺជាសហគមន៍អេកូទេសច​រណ៍ថ្មីមួយរបស់​ខេត្តក្រចេះ ដែលទើបតែ​ត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០នេះ ដោយមានការជួយជ្រោមជ្រែងពីមន្ទីរទេស​ចរណ៍​ខេត្តក្រចេះ និងអង្គការ WWF។

សហគមន៍នេះ មានទីតាំងស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ចម្ងាយ​ ១៧គ.ម ពីខេត្តក្រចេះ។ សហគមន៍នេះ សំបូរទៅដោយសក្តានុពលទេសចរណ៍បែប​ធម្មជាតិជាច្រើន ដែលរួមមាន៖ ព្រៃឈើ សត្វស្លាប កោះ សត្វព្រៃ (សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ សូម្បីតែសត្វផ្សោតទន្លេមេគង្គដ៏កម្រ ក៏ស្ថិតនៅតំបន់នេះថែមទៀត​។

ដើម្បីទៅដល់ទីនោះ ទេសចរត្រូវធ្វើដំណើរតាមបណ្តោយផ្លូវខេត្តលេខ៣៧៧ ចម្ងាយប្រមាណ ៧គ.ម ត្រង់ចំណុចកំពង់ដរ (ឬស្សីចារកែង) រួចត្រូវបន្តដំណើរតាម​សាឡាងនោះប្រមាណជា ១៥នាទី នឹងទៅដល់សហគមន៍នេះ។ នៅទីនោះ ទេសចរ អាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនា​សត្វស្លាប សម្រាកលំហែរ ងូតទឹកកម្សាន្ត និងពិសា​អាហារនៅតាមកោះស្អាតជាច្រើន។

សហគមន៍ ក៏មានផ្តល់សេវាកម្មម្ហូបអាហារ និងស្នាក់នៅតាមផ្ទះស្នាក់សហគមន៍​នៅទីនោះផងដែរ​។

មានមតិសំណេះសំណាលនាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្ត និងជំរុញឲ្យសហគមន៍ បន្តរៀបចំឲ្យក្លាយជា​សហគមន៍ទេសចរណ៍ស្រប​តាម​ស្តង់ដារបស់ក្រសួងទេសចរណ៍ និងជាផលិតផលទេសចរណ៍ថ្មីមួយទៀ​ត​ សម្រាប់ខេត្តក្រចេះ ។

 លោកស្នើផងដែរដល់សហគមន៍ រៀបចំជាលក្ខន្តិកៈឲ្យបានត្រឹមត្រូវ ដើម្បីធានាការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌​។

ទន្ទឹមនោះ លោកក៏បានស្នើឲ្យអភិបាលខេត្ត ជួយសម្រួលការចរចារជាមួយ​រមណីយដ្ឋាន​អន្លង់ផ្សោតកាំពី ដើម្បីមានភ្ញៀវមួយចំនួន ចង់មកទស្សនាសហគមន៍ ដោយភ្ជាប់ខ្សែទស្សនកិច្ចពីរមណីយដ្ឋានអន្លង់ផ្សោតកាំពីតែម្តង​។ សំណើនេះ ធ្វើឡើងតាមសំណូមពររបស់សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយផងដែរ​។

សូមជម្រាបថា កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួង​ទេសចរណ៍​សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិ លើកទី២ នៅសណ្ឋាគារសុខាសៀមរាប​។

ចំណែកលទ្ធផល ដែលទទួលបានពីវេទិកានោះ រួមមាន ការបន្តជំរុញការកំណត់​តំបន់​អេកូទេសចរណ៍អាទិភាពឲ្យខានតែបាន ដែលផ្តល់ផលប្រយោជន៍ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ឈរលើទស្សនទាន “ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្ស​ទ្រទ្រង់ការអភិវឌ្ឍ” ធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព សម្រាប់ប្រជាជន​កម្ពុជាជំនាន់ក្រោយ។ បន្តជំរុញការងារអភិរក្សធនធានធម្មជាតិ ដែលជាមូលដ្ឋានក្នុង​ការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍។ ទន្ទឹមនោះ បន្តជំរុញការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង​ស្ថាប័នណា​ក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័ត ក្នុងការអភិវឌ្ឍ​សហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាននិងជំរុញការដោះស្រាយ​បញ្ហាសំខាន់ៗ ដូចជាការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណេត ជាដើម រួមនឹង​បញ្ហាជាអទិភាពមួយចំនួនទៀត​៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ