ប្រទេសបង់ក្លាដែស ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរត់ចេញពីប្រទេសមីយ៉ាន់ម៉ា ជាង១.៤០០នាក់ទៀត ត្រូវបានផ្ទេរកាលពីថ្ងៃទី៣០ មករា ទៅកាន់កោះដាច់ស្រយាលមួយនៃឈូងសមុទ្របឹងហ្គាល់ ក៏ទោះបីមានការប្រឆាំងជំទាស់ របស់បណ្ដាក្រុមសិទ្ធិមនុស្សក៏ដោយ ។ ក្រុមសិទ្ធិមនុស្សទាំងនេះមានការបារម្ភដែលការបញ្ជូនពួកគេទៅកាន់កោះនោះជាការផ្សងនឹងគ្រោះថ្នាក់នៃព្យុះនិងទឹកជំនន់ ។
រួមជាមួយការផ្ទេរជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្រុមមុនកាលពីថ្ងៃទី២៨ មករា នាំឲ្យចំនួនជនជាតិភាគតិចកាន់សាសនាអ៊ិស្លាមនោះឡើងដល់សរុបប្រមាណជា៦.៧០០នាក់ហើយ ដែលបង់ក្លាដែសបញ្ជូនទៅកាន់កោះ BHASAN CHAR ចាប់តាំងពីខែធ្នូមក ។
បង់ក្លាដែសអះអាងថា ការផ្ទេរនោះជាការស្ម័គ្រចិត្តតែបណ្ដាក្រុមដំបូងនៃជនភៀសខ្លួនដែលផ្ទេរទៅកាន់កោះនេះនិយាយថា ពួកគេត្រូវចាប់បង្ខំ ។ រដ្ឋាភិបានបង់ក្លាដែសក៏អះអាងដែរថា មនុស្សដែលមានច្រើនណែនណាន់តាន់តាប់នៅក្នុងជំរំជនភៀសខ្លួននានាក្នុងស្រុក COX’S BAZAR នាំឲ្យកើតមានអំពើឧក្រិដ្ឋកម្មបាញ់បោះចាប់រំលោភការប្រើគ្រឿងញៀន និងការវាយប្រហារគ្នាបង្កការភ័យខ្លាច ។ នាយទាហានម្នាក់នៃកងម៉ារីនបង់ក្លាដែសដែលគ្រប់គ្រងកោះនោះផ្លែងប្រាប់រ៉យទ័រថា លើកនេះយើងទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាសរុប៣.២៤២នាក់ រយៈពេល២ថ្ងៃ ។ គ្រប់គ្នាសុទ្ធតែពេញចិត្តចំពោះការដោះស្រាយនៅលើកោះនោះ ។
ពួករ៉ូហ៊ីងយ៉ាជាក្រុមជនជាតិភាគតិចដែលរត់ភៀសខ្លួនចេញពីអំពើហិង្សានៅមីយ៉ាន់ម៉ាជិតខាងបង់ក្លាដែស មិនត្រូវអនុញ្ញាតឲ្យចាកចេញពីកោះនោះដែលគេត្រូវចំណាយពេលច្រើនម៉ោងទើបជិះនាវាទៅដល់ឡើយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ