ខេត្តសៀមរាប ៖ ជីវិតប្រវត្តិលោកយាយលក់នំក្រៀប នៅផ្សាររាត្រីអង្គរឃ្យុងយូរ ជាង៥ឆ្នាំ ដោយមិនពឹងលុយកូន និងអ្នកដទៃ សូម្បីមួយរយលុយខ្មែរឡើយ សុខចិត្តជិះ Pass App ចេញពីផ្ទះមកលក់ជារៀងរាល់ល្ងាចក្នុងតម្លៃ៥០០០រៀល ទាំងកណ្តាលថ្ងៃត្រង់ ដោយមិនគិតពីការនឿយហត់ឡើយឱ្យតែបានលុយ ដើម្បីយកទៅធ្វើបុណ្យផង និងទុកចាយខ្លួនឯងផង ជិត១០ឆ្នាំមកហើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត គឺនំក្រៀប២ តម្លៃ ១០០០រៀល។
លោកយាយឈ្មោះ អាន អ៊ុត អាយុ៨៣ឆ្នាំ មានប្តីឈ្មោះ សុខ រិន អាយុ៨៤ឆ្នាំ ដែលមានសុខភាពខ្យោយជាងលោកយាយ រស់នៅជាមួយកូនប្រុសឈ្មោះ សុខ សារ៉ូ អាយុ៤៤ឆ្នាំ មុខរបរគ្រូបង្រៀនថ្នាក់ទី៦ នៅបឋសិក្សាជ្រាវ និងកូនប្រសារឈ្មោះ សុន សុខខេង អាយុ៣៤ឆ្នាំ មុខរបរលក់ចាប់ហួយ ហើយមានចៅស្រីម្នាក់ទៀតផងដែរ។ អ្នកទាំងអស់នោះរស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ជុំវិញករណីលោកយាយលក់នំក្រៀបនេះដែរ ភ្នាក់ងារកោះសន្តិភាពបានទៅធ្វើបទសម្ភាសន៍ដល់ទីតាំងកន្លែងលក់នំក្រៀបរបស់លោកយាយនៅម្តុំផ្សាររាត្រីអង្គរឃ្យុងយូរទាំងកណ្តាលថ្ងៃ គួរឱ្យអាណិតរកអ្វីប្រៀបពុំបាន ដែលជាជនចាស់ជរា កោងខ្នង មកធ្វើនំលក់ ដោយពុំពឹងពាក់លុយកាក់ពីកូនចៅ និងអ្នកដទៃឡើយ។
លោកយាយបានរៀបរាប់ប្រាប់ថា លោកយាយមកលក់នំក្រៀបនេះជិត១០ឆ្នាំមកហើយ មុនដំបូងលោកយាយទៅទិញសំបកនំក្រៀបមកពីផ្សារក្នុងមួយ ដុំតម្លៃ៣៥០០០រៀល ទិញអុសដុតមួយបាច់តម្លៃ២០០០រៀល និងទិញឆ័ត្រមួយដើមតម្លៃ២០០០០រៀល ទិញថង់ ច្រកនំ៥ដុំអស់ក្នុង១ដុំតម្លៃ៤០០០រៀល ហើយយកមកអាំងលក់នំក្រៀប២តម្លៃ១០០០ រៀល។
លោករៀបរាប់បន្តថា មុននឹងមកលក់ លោកយាយបានជិះ Pass App ចេញពីផ្ទះមកលក់ជារៀងរាល់ល្ងាចក្នុងតម្លៃ៥០០០រៀល ដោយមិនពឹងឱ្យកូនឌុបមកលក់ ព្រោះកូនរបស់គាត់ទៅបង្រៀនកូនសិស្ស និងកូនប្រសារកំពុងលក់ដូរនៅផ្ទះ ហើយនៅមើលកូន និងប្តីរបស់លោកយាយផង ដូច្នេះធ្វើឱ្យមនុស្សម្នាឃើញជួយទិញគាត់ មិនថា នំក្រៀប២តម្លៃ ១០០០រៀលទេ ខ្លះឱ្យ៥០០០រៀល ខ្លះជូន១០០០០រៀល រហូតដល់៥ដុល្លារក៏មានដែរ។
ចំណែកលោកតាដែលត្រូវជាប្តីរបស់លោកយាយវិញ ភ្នាក់ងារកោះសន្តិភាពបានចុះទៅដល់ផ្ទះ និងសុំធ្វើបទសម្ភាសន៍ ពេលនៅជុំគ្នាជាមួយកូនប្រុស និងកូនប្រសារ ហើយ លោកតាបានរៀបរាប់ប្រាប់ថា លោកតាឈ្មោះ សុខ រិន អាយុ៨៤ឆ្នាំ មានកូន៦នាក់ ក្នុងស្រី៣នាក់ ហើយកូនៗបានបាត់បង់ជីវិតក្នុងជំនាន់ប៉ុលពត អស់៥នាក់ នៅសល់កូនប្រុស ដែលជួយចិញ្ចឹមបីបាច់ថែរក្សាឪពុកម្តាយរហូតមក មិនដែលឱ្យពួកខ្ញុំពិបាកឡើយ តាំងពីមិនទាន់មានប្រពន្ធម្ល៉េះ។
លោកតាបានរៀបរាប់បន្តថា កាលពីជំនាន់សម្តេចសីហនុ លោកតានៅភ្នំពេញ មានមុខរបរ ជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំណែកប្រពន្ធលក់ដូរ លុះដល់ពេលខ្មែរក្រហមចូលស្រុក គេបានជម្លៀសពួកគាត់ឱ្យទៅនៅខេត្តកណ្តាល ហើយជម្លៀសបន្តឱ្យទៅនៅខេត្តបាត់ដំបង បន្ទាប់មកឱ្យនៅប៉ោយប៉ែត រួចហើយឆ្នាំ១៩៧៩ យួនរំដោះ បានឱ្យពួកគាត់មករស់នៅខេត្តសៀមរាប រហូតមកដល់បច្ចុប្បន្ននេះ ហើយលោកតាមានស្រុកកំណើតនៅភូមិស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមប្អូនស្រីឈ្មោះ រ៉ា វី រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជិះម៉ូតូមកជួយទិញនំក្រៀបរបស់លោកយាយមួយថង់តម្លៃ១០០០រៀល បានប្រាប់ថា នាងខ្ញុំ ធ្លាប់ជួយទិញនំគាត់ជារៀងរាល់ដង ព្រោះឃើញគាត់ហាក់បីដូចជាម្តាយយើង គេដទៃដែរ មិនដែលមានកូនណាមកចង់ឱ្យម្តាយមកលក់នំកណ្តាលថ្ងៃដូច្នេះទេ។
រីឯលោក ស៊ុន ឆេម មេភូមិបន្ទាយចាស់ មានប្រសាសន៍ថា លោកមិនមានអ្វីធំដុំទេ ៖ ទី១-ពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ យើងត្រូវតែស្វែងយល់អំពីជីវភាពរស់នៅរបស់ពួកគាត់ និង ទី២-សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ត្រូវតែតាមដាន ក្តាប់ឱ្យបានជាប់ ដើម្បីជួយពួកគាត់ ប៉ុន្តែករណីខ្លះយើងជួយអត់ទាន់ ដោយសារតម្រូវការរបស់ពួកគាត់ យើងមិនអាចដឹងគ្រប់បែបបទរបស់ពួកគាត់ទេ។
មេភូមិបន្ទាយចាស់បន្តថា ធម្មតាយើងធ្វើការជាច្រើនមុខ ដោយទៅខាងនោះបន្តិច ខាងនេះបន្តិច វាអាចឆក់ល្វែងបាន ការរស់នៅរបស់ពួកគាត់ ដោយសារសម័យកូវីដនេះ វាពាក់ព័ន្ធនឹងថវិកា និងពាក់ព័ន្ធជីវភាព នេះវាធំធេងណាស់ចាំបាច់ លោកធ្វើរាល់ថ្ងៃ គឺរឿងពលរដ្ឋ ហើយនឹងកិច្ចការអភិវឌ្ឍន៍ ដូច្នេះយើងមិនអាចមើលបានគ្រប់ជ្រុងជ្រោយនោះទេ។
លោកមេភូមិបញ្ជាក់ថា ចំពោះជីវភាពក្នុងគ្រួសាររបស់លោយយាយលក់នំក្រៀប វាហាក់ដូចជាមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ ដូចជា អ្នកក្រីក្រដុនដាបនោះទេ។ ដោយសារលោកយាយមិនចាំបាច់លើកដៃសុំលុយកូនឱ្យវាពិបាកចិត្ត (ដូចពាក្យចាស់តែងពោលថា «សង្ឃឹមគេ មិនដូចសង្ឃឹមខ្លួន» ដូច្នេះទើបគាត់សម្រេចចិត្តទៅលក់ដូរ ដើម្បីរកលុយខ្លួនឯង មិនពឹងកូន ឬអ្នកដទៃឡើយ។
លោកបានបញ្ជាក់ថា កាលពីមុនមក ក្រុមគ្រួសាររបស់លោកយាយ ជាគ្រួសារគ្រាន់បើដែរ ហើយចំពោះការត្អូញត្អែររបស់កូនចៅនោះមិនដែលឮ ឬអ្នកជិតខាងមិនដែលប្រាប់លោកថា គ្រួសារនេះដុនដាបទេ ហើយកូនរបស់គាត់ ពេលដែលខ្ញុំបានចុះទៅធ្វើសៀវភៅសមាជិកបក្សឱ្យ មិនដែលឮប្រាប់សោះ មានតែប្រាប់លោកថា រាល់ថ្ងៃកូនគាត់មានតែសុំអង្វរ ព្រមទាំងឱ្យលុយប្រាក់ខែទៅគាត់ តែគាត់មិនយក បែរជាទៅលក់នំធ្វើឱ្យមហារជនរិះគន់មកលើកូនចៅថា មិនចេះមើល និងចិញ្ចឹមម្តាយទៅវិញ តាមពិតនេះជាចំណង់ចំណូលចិត្តរបស់គាត់ចង់ចឹង៕
ចែករំលែកព័តមាននេះ