អ្នកជំនួញស្រូវអង្ករបានសម្តែងក្តីបារម្ភពីការនាំស្រូវចេញទៅប្រទេសវៀតណាម នៅពេលនេះ។ការនាំស្រូវដោយត្រង់ទៅលក់នៅបរទេសអាចធ្វើឲ្យកសិករមិនសូវបានផលចំណេញពីការដំាដុះ ឬអាចខាតដោយសារតម្លៃស្រូវលក់បានថោក។ ក្រៅពីនេះការនាំស្រូវចេញទៅបរទេសត្រង់តែម្តងអាចធ្វើឲ្យបរិមាណនាំអង្ករចេញទៅទីផ្សារអន្តរជាតិមិនសម្រេចបានតាមគោលដៅក្នុងបរិមាណ១លានតោននៅឆ្នាំ២០២១នេះ។ នេះមិនទាន់គិតពីការខាត់បង់នូវវត្ថុធាតុដើមចេញពីការកិនស្រូវទៅអង្ករគេចំណេញកន្ទក់ អង្កាមសម្រាប់ធ្វើចំណីសត្វផងនោះទេ។

លោក ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Signature of Asia Co., Ltd ត្រូវបានដកស្រង់សម្តីថា”វិស័យស្រូវអង្ករកម្ពុជាពេលនេះ កំពុងប្រឈមនឹងលំហូរស្រូវចេញដ៏ច្រើនទៅកាន់ប្រទេសវៀតណាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិមាណនៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២១ នេះ”។

ក្រសួងកសិកម្មបានឲ្យដឹងថា ការនាំស្រូវចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានចំនួន ប្រមាណ ៥ ៩០៨ តោន ចេញតាមច្រកពីរ មានច្រកកបន្ទាយចក្រីស្ថិតនៅក្នុងស្រុកព្រះស្តេច មានចំនួន៣៩០៣តោនក្នុងមួយថ្ងៃ និងតាមច្រកកោះរកាស្ថិតនៅក្នុងស្រុកពាមជរ មានស្រូវនាំចេញសរុប ២ ០០៥តោនក្នុងមួយថ្ងៃ ។ មន្រ្តីជំនាញថា ចំពោះតម្លៃវិញ ស្រូវផ្ការំដួល មានតម្លៃ ១ ១៥០ រៀលក្នុងមួយគីឡូក្រាម ស្រូវក្រសាំងទាប មានតម្លៃ ១ ១៥០រៀលក្នុងមួយគីឡូក្រាម ស្រូវ OM5451 មានតម្លៃ ១ ១០០ រៀលក្នុងមួយគីឡូក្រាម ស្រូវអីអ៊ែ៥០៤ មានតម្លៃ ១ ១០០រៀលក្នុងគីឡូក្រាម។ កាលពីឆ្នាំ២០២០ បរិមាណនៃការនាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន។

មានការមើលឃើញថា ប្រជាពលរដ្ឋនៅតាមព្រំដែនវៀតណាម បានលក់ស្រូវទៅប្រទេសវៀតណាម ហើយទិញអង្ករ ជី ចំណីសត្វពីវៀតណាមវិញ។លោកយ៉ង សាំងកុមារ អ្នកឯកទេសកសិកម្មធ្លាប់លើកឡើងថា ទម្លាប់បែបនេះមានផលអវិជ្ជមានច្រើនជាងវិជ្ជមាន។

លោកថា គោលនយោបាយស្រូវអង្ករ ត្រូវការពង្រីកទីតាំងសម្ងួត ស្តុកនិងកែច្នៃក្នុងស្រុក ការរៀបចំឱ្យមានទុនសម្រាប់វិស័យស្រូវអង្ករ ការពង្រឹងពង្រីកសហគមន៍ និងការសហការរវាងសហគមន៍និងរោងម៉ាស៊ីនក្នុងស្រុកជាដើម ។ ការកែច្នៃក្នុងស្រុក មានន័យថាការកិនស្រូវនៅក្នុងស្រុកគឺសល់វត្ថុធាតុដើម ដូចជាអង្កាមសម្រាប់បង្កើនជីវជាតិដី កន្ទក់ និងចុងអង្ករសម្រាប់ចិញ្ចឹមសត្វ និងបង្កើតការងារដល់ពលរដ្ឋផង៕
ចែករំលែកព័តមាននេះ