ខេត្តសៀមរាប៖ ភ្ញៀវទេសចរអន្តរជាតិ ដែលមកកាន់ប្រទេសកម្ពុជាបានធ្លាក់ចុះប្រមាណ៨០ ភាគរយ ក្នុងឆ្នាំ២០២០កន្លងទៅនេះ ដោយសារវិបត្តិកូវីដ-១៩ ខណដែលភ្ញៀវទេសចរផ្ទៃក្នុងក៏ធ្លាក់ចុះ ២០ ភាគរយ ផងដែរ ។ នេះបើយោងតាមការថ្លែងឲ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាប្រធានក្រុមការងារអន្តរជាតិក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍នៅក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២០ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ។
លោក ថោង ខុន បានថ្លែងថា ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០ភាគរយ និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ ។ សូមជម្រាបថា វេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរជាតិក្រសួងគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា វេទិកាជាតិអេកូទេសចរណ៍លើកទី២ គឺជាការជួបជុំថ្នាក់ជាតិដ៏ធំរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន តំណាងសហគមន៍ទូទាំងប្រទេស អង្គការជាតិ-អន្តរជាតិ និងដៃគូពាក់ព័ន្ធនានា ដើម្បីបន្តរួមគ្នាពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍លើការងារអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ក្នុងបរិបទគន្លងថ្មីនៃការរស់នៅ (New Normal Life) ។ លោក ថោង ខុន ក៏បានសម្តែងនូវការ កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ កិច្ច សហការដ៏ល្អរវាងក្រសួងទេសច រណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័ន-ពាក់ព័ន្ធ ជាពិសេសក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍នាពេលកន្លងមក ពិសេសសមិទ្ធផលដែលសម្រេចបានក្នុងចន្លោះសម័យវេទិកាជាតិទាំងពីរ ។
លោកថ្លែងបញ្ជាក់ជាថ្មីថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងក្តីសង្ឃឹមឆ្ពោះទៅសម្រេចមហិច្ចតាក្លាយជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ ។ ប៉ុន្តែឆ្នាំ២០២០ ត្រូវបានចាត់ទុកជាឆ្នាំដ៏លំបាកបំផុតសម្រាប់ពិភពលោក។ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលគ្មានមជ្ឈដ្ឋានណាប៉ាន់ស្មានដល់ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍តែម្តង។
ស្ថានភាពនៃវិស័យទេសចរណ៍កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល “ប្រឈមផង និងកាលានុវត្តភាពផង”។ តួយ៉ាង កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយភាពល្បីរន្ទឺនៃសន្តានចិត្តដ៏សប្បុរសរបស់កម្ពុជាក្នុងការអនុញ្ញាតឲ្យនាវាទេសចរណ៍ (Westerdam) ចូលចត ដែលបានធ្វើឲ្យពិភពលោកទាំងមូលចងចាំកម្ពុជាថាជា “ប្រទេសតូច តែមានបេះដូងទូលាយ”។ ទន្ទឹមនោះអង្គការសុខភាពពិភពលោក ក៏ដូចជាអង្គការទេសចរណ៍ពិភពលោក (UNWTO) និងស្ថាប័នអន្តរជាតិមួយចំនួនទៀត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ទាល់ ដែលមិនចេះមើលស្រាលស្ថានការណ៍ ដោយបានសម្រេចចិត្តយ៉ាងរហ័សរហួនដាក់ចេញនូវវិធានការបន្ទាន់ និងម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ព្រឹត្តិការណ៍សហគមន៍ “៣ វិច្ឆិកា” និង “២៨ វិច្ឆិកា” ហើយដែលមកដល់ពេលនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ឡើយ ។
លោករដ្ឋមន្ត្រីថ្លែងបញ្ជាក់បន្ថែមថា ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តយកទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូចជាការបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែនៅខេត្តសៀមរាប ដែលនឹងធ្វើឲ្យទីក្រុងសៀមរាបប្រែក្លាយជាទីក្រុងទំនើប ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ។គម្រោងសាង់សង់ផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុ សម្រេចបានជិត ១០០ ភាគរត ស្របជាមួយផែនការសំខាន់ផ្សេងទៀត ដែលនឹងរួមចំណែកជំរុញកំណើនវិស័យ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិទាំងមូល ក្រោយភាពធូរស្រាលនៃវិបត្តិជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។ ប៉ុន្តែលោកបញ្ជាក់ថា តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោម ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាំសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឲ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០កន្លងមក។
នាឱកាសនោះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានផ្តល់ជាអនុសាសន៍ជាគន្លឹះចំនួន៧ចំណុចសំខាន់ៗ ជូនអង្គវេទិកា ដើម្បីរួមពិភាក្សាផងដែរ ។ ទន្ទឹមនោះលោកក៏បានស្នើឲ្យបងប្អូនដែលមកពីសហគមន៍ទាំងអស់លើកឡើងនូវបញ្ហាប្រឈមសំខាន់់ៗ របស់ខ្លួន ដើម្បីដាក់ជូនអង្គវេទិកាពិភាក្សា និងឈានទៅរកដំណោះស្រាយជាក់ស្តែងក្នុងអង្គវេទិកាដោយផ្ទាល់ ឬត្រូវរាយការណ៍សុំការសម្រេចពីរាជរដ្ឋាភិបាល បន្ទាប់ពីបញ្ចប់វេទិកាជាតិនេះ ៕
ចែករំលែកព័តមាននេះ