ខេត្តស្ទឹងត្រែង ៖ ជនជាតិដើមភាគតិចពូនង តែងតែរក្សាទំនៀមទំលាប់តាមបែបប្រពៃណីរបស់ខ្លួន នៅពេលដែលពួកគេរៀបចំធ្វើអ្វីមួយ ដោយមានការបែបន់និងលាបំណន់វិញ ។ ជាពិសេស ពិធីសែនស្រូវឡើងជង្រុក ឬបិទជង្រុក ដែលត្រូវធ្វើឡើងរៀងរាល់
ឆ្នាំ។
ជនជាតិដើមភាគតិចពូនង នៅតែប្រកាន់ភ្ជាប់នូវវប្បធម៌ប្រពៃណី តាមបែបអបិយជំនឿជនជាតិភាគតិច ដើម្បីបួងសួងសុំឲ្យការបង្កបង្កើនផលរបស់ពួកគាត់ សម្រាប់ឆ្នាំក្រោយៗទៀត ទទួលបានទិន្នផលខ្ពស់ និងសុំសេចក្ដីសុខ សេចក្តីចម្រើនក្នុងភូមិផងដែរ ។
យើងមកដឹងនូវគ្រឿងសំណែន ដែលពួកគាត់ត្រូវរៀបជាដង្វាយ សម្រាប់សែនព្រេន រួម មាន បាយស បាយក្រហម មាន់ស្ងោរ ស្រាពាង ស្រាស អង្ករ និងមានការវាយគង វាយឃ្មោះ តាមបែបប្រពៃណីរបស់ពួកគាត់ថែមទៀតផង ។ ជនជាតិពូនងរស់នៅភួមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ពួកគាត់ធ្វើវិធីនេះ គឺបង្ហាញពីប្រពៃណី ទំនៀមទំលាប់របស់ជនជាតិដែលធ្លាប់បានធ្វើជាយូរយារមកហើយ ហើយវប្បធម៌ប្រពៃណីនេះក៍ត្រូវបង្ហាញសម្រាប់ឲ្យកូនចៅជំនន់ក្រោយបានស្គាល់ និងជួយអភិរក្សបន្តផងដែរ ។
លោកគ្រូ យូ មេកន្ទ្រាញជនជាតិពូនង និងជាមេភូមិក្បាលរមាសបានលើកឡើងក្នុង
ពិធីសែនស្រូវឡើងជង្រុកនោះថា ពិធីនេះ មិនខុសពីបងប្អូនខ្មែរយើង ដែលធ្វើពិធីសែនព្រេននៅទីវត្តអារាមក្នុងរដូវបុណ្យទាននោះទេ ។ ហើយបងប្អូនជនជាតិយើង ក្រោយពីប្រមូលផលស្រូវហើយ បានកំណត់យកខែមាឃ នៅក្នុងសប្តាហ៍ទី២ ឬទី៣ក្នុងខែមករា ដោយជ្រើសរើសយកថ្ងៃណាមួយ ធ្វើពិធីសែនព្រេនពេលព្រឹកសែនតាមផ្ទះរៀងៗខ្លួន ហើយនៅពេលថ្ងៃទើបនាំគ្នាមកធ្វើពិធីរួមគ្នាម្តងទៀត នៅកន្លែងរោងអ្នកតាម្ចាស់ស្រុក។
លោកមេកន្ទ្រាញបានបន្ថែមថា ការជួបជុំគ្នាពេលថ្ងៃមេកន្ទ្រាញ ត្រូវសួរនាំ បងប្អូនកូន
ចៅទាំងអស់ឲ្យដឹងពីភោគផលដែលទទួលបាននៅក្នុងឆ្នាំនេះថា តើអ្នកណាបានតិច ឬបានច្រើន ដើម្បីចាត់ចែងជួយគ្នាទៅវិញទៅមក នៅពេលដែលមានការខ្វះខាត ស្បៀងអាហារ ក្នុងជីវភាពរស់នៅ ។
ស្រី្ត ឃ្លឿប ជាជនជាតិពូនងនៅឃុំក្បាលរមាសក៏បានលើកឡើងថា ការគោរពប្រពៃណីនេះ គឺចង់ឲ្យបងប្អូនទុកដាក់ភោគផល ដែលខំធ្វើបានមកហើយឲ្យនៅគង់វង្ស ហើយប្រើប្រាស់ឲ្យចេះសន្សំសំចៃ ។ស្រី្តដដែលបន្តថាកម្មវិធីនេះក៍ជាការសំដែង នូវការដឹងគុណចំពោះព្រះមេរុទីពី ដែលជួយចិញ្ចឹមជីវិតឲ្យរស់រានមានបាន ទាំងកូនចៅមកដល់សព្វថ្ងៃនេះ ។
លោក ច្រូ ញ៉ុង ជនជាតិពូនង បានបញ្ជាក់ថាពិធីសែននេះបងប្អូនជនជាតិពូនង ធ្វើតាមទំលាប់ដែលមានពីដូនតាមកជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ ហើយដើម្បីឲ្យកូនចៅចងចាំ និងប្រតិបត្តិតាមកុំឲ្យឃ្លៀងឃ្លាតពីអំបូរជនជាតិ ព្រោះបច្ចុប្បន្ននេះ អ្វីៗសព្វគ្រប់មិនថាតែសម្ភារៈប្រើប្រាស់ និសម្លៀកបំពាក់ ក៏ដូចជាភាសាមួយចំនួន ត្រូវបានផ្លាស់ប្តូរ គឺនៅសល់តែពិធីសែនព្រេនមួយនេះទេដែលនៅរក្សាបាន ។
សូមបញ្ជាក់ថា ពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចពូនងលើកនេះ ដូចសព្វដងដែរ ដោយមេកន្ទ្រាញ បានកោះហៅទាំងក្មេងចាស់ប្រុសស្រីឲ្យមកប្រមូលផ្តុំគ្នា យកនំចំណី អាហារ មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជាដង្វាយមកសែនព្រេនដល់អ្នកតាម្ចាស់ស្រុក ហៅថា(តាកង )នៅភ្នំមមី សុំឲ្យពរជ័យមកកូនចៅដោយទទួលបានសេចក្តីសុខ សេចក្តីចម្រើនទាំងអស់គ្នា និងសូមឲ្យរស់នៅប្រកបដោយសុខក្សេមក្សាន្ត។
បន្ថែមទៀតនេះ នៅស្រុកសេសានមានទៅដោយច្រើនអំបូរជនជាតិ ដែលមានដូចជា
.ជនជាតិពូនងនៅឃុំក្បាលរមាស ជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត ដែលបាន នឹងកំពុងអភិរក្សនូវប្រពៃណីបែបនេះដូចៗគ្នាផងដែរ ៕
ចែករំលែកព័តមាននេះ