ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម​គ្គុ​ទេស​ទេសចរ​រំភើបចិត្ត​សឹង​ស្រក់​ទឹកភ្នែក​បាន​ពាក់​ឯកសណ្ឋាន​បម្រើសេវា​ខណៈ​វិស័យ​នេះ​មិន​ទាន់​មាន​ភាព​ច្បាស់​ថា​ងើបឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ «​បង​អើយ ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់ ព្រោះ​នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ស្លៀក​ឈុត​ជាម​គ្គុ​ទេស​ទេសចរ​ជា​ថ្មី ក្រោយ​ខាន​បាន​ពាក់​ឯកសណ្ឋាន​នេះ​ជិត​មួយ​ឆ្នាំ​ពេញ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស…

រាជធានី​ភ្នំពេញ​៖ «​បង​អើយ ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់ ព្រោះ​នេះ​ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ស្លៀក​ឈុត​ជាម​គ្គុ​ទេស​ទេសចរ​ជា​ថ្មី ក្រោយ​ខាន​បាន​ពាក់​ឯកសណ្ឋាន​នេះ​ជិត​មួយ​ឆ្នាំ​ពេញ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស ទេសចរ​នៅ​ខេត្តសៀមរាប​ដែល​បាត់បង់​ចំណូល​ពី​វិស័យ​ម​គ្គុ​ទេស​ទេសចរណ៍​ដែល​រង​គ្រោះ​យ៉ាង​ដុនដាប​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ ១៩ ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​ថយ​ចុះ​យ៉ាង​ខ្លាំងក្លា​នោះ ។

ប្រាកដ​ណាស់​មិនមែន​មាន​តែ​លោក ធឿ​ន វុ​ឌ្ឍី ទេ​ដែល​រង​គ្រោះ​នោះ មាន​ម​គ្គុ​ទេស​ទេសចរ​មួយ​ចំនួន​ធំ​បាន​បាត់បង់​ចំណូល​ទាំងស្រុង​តែ​ម្តង ខណៈ​សណ្ឋាគារ​លំដាប់​ផ្គា​យ និង​ផ្ទះសំណាក់​ល្មម​ៗ​បាន​បិទទ្វារ​ជា​បន្តបន្ទាប់​នៅ​ខេត្តសៀមរាប ទឹកដី​អង្គរ ។ វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់​ដោយ​ពុំ​ទាន់​អាច​ព្យាករណ៍​ដឹង​ថា​ដល់​ពេល​ណា​អាច​នឹង​ងើបឡើង​វិញ​នោះ​ទេ ខណៈ​អ្នកធ្វើការ​លើ​វិស័យ​ទេសចរណ៍​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ថា​វិស័យ​ទេសចរណ៍​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ធនធាន​អ្នក​ជំ​ណា​ញ​ទេសចរណ៍ ដោយសារ​បងប្អូន​អ្នកជំនាញ​ទេសចរណ៍​ដែល​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ បាន​ងាក​ទៅ​ចាប់​មុខរបរ​ថ្មី ដូច​ជា​អ្នក​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា ជាងសំណង់ ឬ​ក៏​រៀន​ធ្វើ​ជា​គ្រូទាយ​ជាដើម ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស ទេសចរ​នៅ​ខេត្តសៀមរាប​មាន​មាឌធំ​និង​សំបូរ​ស្រអែម​ស្រស់​បាន​ពោល​ដោយ​ក្តី​រំភើប​ថា ចូល​មក​ដល់​ខែមករា​ដើមឆ្នាំ​២០២១​នេះ រួប​លោក​ទើបតែ​មានឱកាស​បាន​គ្រង​ឯកសណ្ឋាន​ជា​អ្នក​ម​គ្គុ​ទេស​ទេសចរ ដូច្នេះ​ហើយ​លោក​ពិតជា​សប្បាយចិត្ត​និង​នឹករលឹក​ឃើញ​រាល់​សកម្មភាព​មុន​ៗ​ដែល​បាន​ធ្វើ​កន្លង​មក​។

​លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស ទេសចរ​នៅ​ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៨​មក​រា ឆ្នាំ​២០២១​នេះ​ថា «​ជំងឺ​កូ​វី​ដ​១៩ ស្ទើរតែ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​បិទ​ទាំង​ស្រុក​នៅ​ខេត្តសៀមរាប ហើយ​អ្នកឯកទេស​យើង​ពិតជា​ជួប​ការ​លំបាក​ខ្លាំង អ្នកខ្លះ​ព្យាយាម​ទៅ​ស្រុក​កំណើន​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​។ អ្នកខ្លះ​បាន​ចិញ្ចឹម​មាន់ ទា ខ្លះ​ទៀត​ដើរ​បង់សំណាញ់ ធ្វើ​ការងារ​សំណង់​ជាដើម ឱ្យ​តែ​អាចរ​ស់បាន​។ សម្រាប់​ខ្ញុំ​ដោយសារ​ប្រពន្ធ​របស់ខ្ញុំ​មានមុខ​របរ​លក់​ចាប់ហួយ​តូច​មួយ​ខ្ញុំ​ក៏​នៅផ្ទះ​ជួយ​មើល​ការងារ​គាត់ និង​បាន​ចិញ្ចឹម​មាន់ ទា ក្រៅពី​នេះ​ដើរ​បង្រៀន​តាម​អ្វី​ដែល​អាច​ធ្វើ​បាន​» ។

បើ​តាម​ម​គ្គុ​ទេស​ទេសចរ​រូប​នេះ លើក​ឡើង​កន្លង​មក​ក្រសួងទេសចរណ៍​ធ្លាប់​ផ្សព្វផ្សាយ​ថា ម​គ្គុ​ទេស​ទេសចរ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​៥.០០០​នាក់ ហើយ​ក្នុង​នោះ​ខេត្តសៀមរាប​មាន​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​សរុប​។

លោក ធឿ​ន វុ​ឌ្ឍី មាន​ប្រសាសន៍​បន្ត​ថា «​ចូល​ដល់​ដើមឆ្នាំ​២០២១​នេះ ខ្ញុំ​បាន​ពាក់​ឯកសណ្ឋាន ដែល​បង្ហាញ​ខ្លួនឯង​ជាម​គ្គុ​ទេស​ទេសចរ​ប្រចាំ​តំបន់​ទើបបាន​មួយ​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​មានចិត្ត​រំភើប​នឹង​ខោអាវ​នេះ​ណាស់ ធ្វើ​ឱ្យ​យើង​នឹកឃើញ​ដល់​ការងារ​និង​នឹក​អ្វី​ៗ​ដែល​យើង​ធ្លាប់​ធ្វើ​, នឹកឃើញ​ដល់​កាយវិការ​ដែល​យើង​ធ្លាប់​សម្តែង ពាក្យ​ពេ​ជន៍ ឬ​ប្រវត្តិសាស្ត្រ​ដែល​យើង​ធ្លាប់​រៀប​រ៉ាប់​ជូន​ភ្ញៀវ ដែល​ខក​ខាត​ធ្វើ​អស់​ពេល​ជា​យូរហើយ ។ អ៊ីចឹង​នៅ​ពេល​យើង​បាន​ស្លៀកពាក់​ឯកសណ្ឋាន​នេះ វា​ធ្វើ​ឱ្យ​អារម្មណ៍​របស់​យើង​មានការ​សប្បាយ​ចិត្តខ្លាំង​មែនទែន​»​។

បើ​តាម​ម​គ្គុ​ទេស​ទេសចរ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​រូប​លោក​បាន​ចាប់​ផ្តើ​អាជីព​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០១៣ តែ​រង​គ្រោះ​ធ្ងន់​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស ។ យ៉ាងណាមិញ លោក​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ភ្ញៀវ​ទេសចរ​ខ្មែរ​នឹង​គាំទ្រ​ក្នុង​ការ​ប្រើប្រាស់​សេវា​ម​គ្គុ​ទេស​ទេសចរ បន្ត​ទៀត ខណៈ​កាល​ដើម​ខែមករា​កន្លង​មកនេះ លោក​មានឱកាស​បាន​គ្រង​ឈុត​ម​គ្គុ​ទេស​ទេសចរ​ជា​ថ្មី ដោយសារ​តែ​លោក​បាន​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវ​ក្នុងស្រុក​ប្រមាណ​១០០​នាក់​សម្រាប់ កម្មវិធី​ដើរ​ព្រៃ​ភ្ជាប់​ជាមួយ​ការ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​អង្គរ ដែល​ជា​ស្នាដៃ​ដូនតា​។

លោក​បន្ត​ថា « នៅ​ពេល​ខាង​មុខ ពោល​នៅ​ខែ​២​ឬ​ខែ​៣​ខាង​មុខ​នេះ ខ្ញុំ​សង្ឃឹម​និង​មាន​ភាព​ជឿជាក់​ថា​អាច​នឹង​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ម​គ្គុ​ទេស ទេសចរណ៍​នេះ​ជា​បន្ត​ទៀត ប៉ុន្តែ​ថា​មាន​ចំនួន​តិច​ឬ​ច្រើន​យ៉ាងណា​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​»​។
​ស្រប​ពេល​វិស័យ​ទេសចរណ៍​បន្ត​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ នៅ​ពេល​កន្លង​មក​ការ​គាំទ្រ​ឬ​ការ​ទទួលយក​សេវា​ពី​ភ្ញៀវ​បរទេស​ច្រើន​ជាង​ភ្ញៀវ​ក្នុងស្រុក ខណៈ​ភ្ញៀវ​ក្នុងស្រុក​ភាគច្រើន​ទៅ​លេង​ប្រាសាទ​អង្គរ​បាន​ត្រឹមតែ​ថតរូប​ដោយ​ពុំ​បានដឹង​ពី​ប្រវត្តិ​នៃ​ការ​សាងសង់​ប្រាសាទ​អង្គរ​ដោយ​បែប​ណា​នោះ​ទេ​។

លោក​បាន​លើក​ឡើង​ថា «​ចំណេះដឹង​ដែល​យើង​ខំរៀន ខំ​ទន្ទិញ​និង​ធ្លាប់​បាន​បម្រើ​សេវាកម្ម​ទៅ​ដល់​ភ្ញៀវ​បរទេស​និង​ខ្មែរ គឺ​ជនជាតិ​ខ្មែរ​យើង​ខ្លួនឯង ហាក់ដូចជា​មិន​បាន​ស្វែង​យល់​អំពី​អ្វី​ដែល​ជា​របស់​ខ្លួនឯង​ឱ្យ​បាន​ច្រើន​នោះ​ទេ​។ ពី​មុន​យើង​បម្រើសេវា​ដល់​ភ្ញៀវ​បរទេស​សឹង​៩៩% តែ​ដោយឡែក​ជូន​ខ្មែរ​យើង​មាន​តិចតួច ពេល​ពួក​គាត់​មក​លេង គាត់​ថត​តែ​រូប​តិចតួច​ហើយ​ត្រលប់​ទៅ​វិញ​។ ក្នុង​នាម​យើង​ជា​ខ្មែរ មក​លេង​ក្រុង​បុរាណ​របស់​ដូនតា​ខ្លួនឯង ប៉ុន្តែ​អត់​បាន​យល់​ថា​ប្រវត្តិ​ដូនតា​ធ្វើការ​កសាង​ប្រាសាទ​បែប​ណាខ្លះ​គាត់​អត់​ដឹង​។​កាលណា​យើង​មក​លេង​កន្លែង​ណា​ម​យ​យើង​គួរតែ​យល់​ថា កន្លែង​ឬ​ទីតាំង​នេះ​ជា​អ្វី ហើយ​មាន​ប្រវត្តិ​យ៉ាងម៉េច ការ​កសាង​គេ​ប្រើ​មនុស្ស​ប៉ុន្មាន​នាក់ ហើយ​អូស​ថ្ម​យ៉ាងម៉េច បាន​អស្ចារ្យ​អីចឹង?​ជា​ទូទៅ​ភ្ញៀវ​ខ្មែរ​យើង​មិនសូវ​ជា​ចាប់អារម្មណ៍​ចង់​ដឹង​ទេ ។ ប៉ុន្តែ​កាល​ថ្ងៃ​ទី​២៣​កន្លង​ទៅ​នៅ​ពេល​ខ្ញុំ​បម្រើសេវា​ជូន​ភ្ញៀវ​មក​ពី​ភ្នំពេញ​នៅ​ពេល​គាត់​បាន​ស្តាប់​ហើយ​គាត់​លាន់មាត់​ថា Wow… ពិតជាអស្ចារ្យ​មែន ដែល​កាលពីមុន​ខ្ញុំ​ដើរ​តែឯង​គ្មាន​ដឹង​អ្វី​សោះ​»​។

លោក​ស​ង្គ​ត់​ធ្ងន់​ថា នៅ​ពេល​ភ្ញៀវ​ក្នុងស្រុក​មក​ទទួល​សេវា​ពី​ម​គ្គុ​ទេស ទេសចរណ៍ ធ្វើ​ឱ្យ​ពួក​គាត់​ចំណេញ​ច្រើន ដោយ​យើង​បាន​បណ្តុះ​នូវ​ព្រលឹង​ជាតិ​យើង​ឡើង​វិញ​។​នៅ​ពេល​សព្វថ្ងៃ​ហាក់ដូចជា ព្រលឹង​ដូនតា ព្រលឹង​ខ្មែរ​យើង​ហាក់ដូច​នៅ​ក្នុង​ខ្លួន​មិនសូវ​ជា​ច្រើន​។​បើសិនជា​យើង​បាន​ស្តាប់​វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​មោទនភាព ថា​ខ្មែរ​យើង​មិនមែន​ជា​អ្នក​អន់​ឯណា យើង​ជា​មនុស្ស​មានពូជ​ពង្ស​ជា​អ្នក​ខ្លាំង ហេតុ​អ្វី​យើង​ទុក​ចោល​បណ្តោយ​ឱ្យ​មានការ​បែកបាក់ យើង​គួរតែ​ថែរក្សា​។ ដូចនេះ​យើង​ត្រូវ​បណ្តុះ​ទាំង​ការ​ស្រលាញ់ មោទនភាព ហើយ​ធ្វើ​ឱ្យ​គាត់​ស្រលាញ់​សម្បត្តិ​បិ​តិក​ភណ្ឌ​ដែល​ជា​ស្នាដៃ​របស់​ដូនតា ហើយ​គាត់​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា​។

លោក​លើក​ឡើង​ថា «​បើ​ភ្ញៀវ​ក្នុងស្រុក​នៅ​តែ​បន្តសកម្មភាព​ធម្មតា​ដូច​មុន​ៗ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ម​គ្គុ​ទេស ទេសចរណ៍​ម្នាក់​មានការ​អាក់អន់​ចិត្តខ្លាំង​ណាស់​។​ឧទាហរណ៍​បើ​ពួក​គាត់​ដើរ​កម្សាន្ត​ដោយ​មិនមែន​អ្នក​ម​គ្គុ​ទេស ដោយ​គាត់​មិន​បាន​ស្វែង​យល់​ជូន​កាល​ដំ​ថ្ម​មួយ​ដុំ​ដែល​មាន​រូបចម្លាក់​គួរ​ឱ្យ​គោរព តែ​គាត់​អត់​ដឹង​ហើយ​ឡើង​ជាន់​លើ​ថ្ម ដើរ​ឆ្លងកាត់ ស្លៀកពាក់​ខ្លី ខុស​ពី​បំរាម​របស់​អាជ្ញាធរ​អ​ប្សា​រា ហេតុ​អ្វី​បានជា​យើង​ខ្មែរ អត់​យល់​តែ​ភ្ញៀវ​បរទេស គេ​មក​គេ​យល់​ជាង​ខ្មែរ​ហេតុ​អី្វ​បានជា​អីចឹង​។​ដូចនេះ​ខ្ញុំ​មានការ​អន់ចិត្ត ។ នៅ​ពេល​កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​ទៅ​ប្រទេស​ជុំវិញ​យើង វៀតណាម ឡាវ ថៃ គេ​បាន​ប្រើប្រាស់​អ្វី​ដែល​ជា​ធនធាន​របស់​គេ​ហើយ​គេ​ហាក់​មាន​ជាតិនិយម​ខ្លាំង​។​ពិសេស​ជាង​ទៀត​គេ​ស្វែង​យល់​ថា តំបន់​បេតិកភណ្ឌ​ដែល​ជាទី​សក្តារ​បូជា គេ​ត្រូវ​មាន​ឥរិយា​បទ​បែប​ណា ស្លៀកពាក់​បែប​ណា ដល់​នៅ​កន្លែង​ខ្លះ គេ​មិន​ពាក់​ទ្រនាប់ជើង​ផង​»​។

តាម​អ្នក​ម​គ្គុ​ទេស ទេសចរ​នៅ​ខេត្ត​ស​រៀម​រាប​រូ​នេះ បាន​អំពាវនាវ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត ក្រសួងទេសចរណ៍ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​គួរ​ជំរុញ​នូវ​ការ​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​ខ្មែរ​យើង​មាន​មោទនភាព​ចំពោះ​ជាតិ​របស់​ខ្លួន ហើយ​ចូលរួម​ថែរក្សា ផ្តល់​តម្លៃ ហើយ​ជា​ពិសេស​ម​គ្គុ​ទេស ទេសចរណ៍​គាត់​ជា​មនុស្ស​បម្រើ​ការងារ​ដោយ​សុច្ចរិត​បំផុត ប្រើ​តែ​កំលាំង និង​ចំណេះដឹង​ពេលវេលា​របស់​គាត់​ដើម្បី​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​។​ដូចនេះ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ងាក​មក​ទទួល​សេវាកម្ម​ដើម្បី​គាំំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​បន្ត​ថា «​កន្លង​មក​យើង​គ្រប់​គ្នា​ស៊ឹង​ដឹង​ថា ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ចង់​ជាប់​លំដាប់​ទី​មួយ ជួយ​ដល់​កញ្ចប់​ថវិកាជាតិ​ដោយសារ​តែ​វិស័យ​នេះ​។​ប៉ុន្តែ​នៅ​ពេល​វិស័យ​នេះ​រង​ផល​ប៉ះពាល់ ហាក់​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​សម​ស្រប សម្រាប់​អ្នក​ដែល​ធ្លាប់​មានគុណ​បំណាច់​ចំពោះ​វិស័យ​ទេសចរណ៍​។​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន បាន​បិទ​អស់​ខ្លះ​ហើយ ពិសេស​ក្រុម​ម​គ្គុ​ទេស​ដូច​ពួក​ខ្ញុំ ដែល​ជា​អ្នក​ខំ​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ជាតិ តែ​នៅ​ពេល​យើង​ប៉ះពាល់​នេះ​ហាក់​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ដើម្បី​ជួយ​ក្រុម​ពួក​ខ្ញុំ​នៅឡើយ​។​ខ្ញុំ​គិត​ថាបើ​បន្ត​នៅ​តែ​បែប​នេះ​ទៀត ពួក​ខ្ញុំ​ទាំងអស់​គ្នា​កាត់​តែ​រឹត​លំបាក ហើយ​អាច​នឹង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដើម្បី​ឱ្យ​តែ​រស់​»​។
​លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍​អាច​នឹង​នៅ​តែ​បន្ត​រង​ផល​ប៉ះពាល់ ទោះបី​វ៉ាក់សាំង​មាន​ហើយ​ក៏​ដោយ ការ​ចាក់​និង​ការ​កំ​ម្ម៉​ង់​ទិញ​មក​មាន​ដំណាក់កាល ។​ដូចនេះ​យើង​មើលឃើញ​ថា​ផល​ប៉ះពាល់​នៅ​បន្ត​អូស​បន្លាយ​តទៅ​ទៀត​។

លោក​ជំទាវ​លើក​ឡើង​ថា​« នៅ​ខេត្តសៀមរាប​សេវាកម្ម យើង​ធ្លាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​លាន​នាក់ អីចឹង​ពលរដ្ឋ​កម្ពុជា​ក៏​មិន​អាច​មក​ជួយ​សង្គ្រោះ​សេវាកម្ម​នៅ​ខេត្តសៀមរាប​បាន​ដែរ​។​ដូចនេះ​យើង​មើលឃើញ​ថា​ប្រសិនបើ​គ្មាន​វិធានការ​បន្ទាន់​ណាមួយ​នោះ​ទេ យើង​នឹង​បាត់បង់​អ្នកជំនាញ​ទេសចរណ៍ ដែល​នៅ​ពេល​នេះ ពួក​គាត់​កំពុង​ស្រ​វេ​ស្រវា​រក​កិច្ច​ការងារ​ផ្សេង​ៗ អ្វី​ដែល​គាត់​ធ្វើ​បាន​គឺ​គាត់​ធ្វើ​មិន​ថា​ចិ​ញ្ចឹ​មាន់ ទា​នោះ​ទេ​»​។

ប្រធាន​សមាគម​រូប​នេះ​សង្កត់ធ្ងន់​ថា «​នេះ​ជា​ក្តី​បារម្ភ​របស់​សមាគម​ទេសចរណ៍​យើង អីចឹង​យើង​ចង់បាន​ការ​ចេញ​នៅ​វិធានការ​ណាមួយ ការពារ និង​ទប់ស្កាត់​ពួក​គាត់​ឱ្យ​រស់​ក្នុង​អន្តរកាល​មួយ​នេះ​។​យើង​ចង់បាន​ការ​ជួយ​សង្គ្រោះ​ដល់​អ្នកជំនាញ​ទេសចរណ៍​ដូច​ជា​ជួយ​ផ្តល់​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ​ដើម្បី​បាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​គាត់​បាន ហើយ​សម្រាប់​ម្ចាស់​សហគ្រាស​នៅ​ក្នុង​វិស័យ​ទេសចរណ៍​គឺ​យើង​ចង់បាន​ការ​ជួយ​ទម្លាក់​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប​មក​ឱ្យ​ពួក​យើង​ដើម្បី​បន្ត​និ​ន្ត​រ​ភាព​យើង​បន្ត​ទៀត ព្រោះថា​វិស័យ​ធនាគារ​គាត់​លែង​ផ្តល់​កម្ចី​ឱ្យ​ទៀត​ហើយ ទោះបី​មិន​មានការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ក្តី​។​លើស​ពី​នេះ​ម្ចាស់​សហគ្រាស​ប្រឈម​មុខការ​ចំណាយ​គ្រប់​បែប​យ៉ាង​ហើយ យើង​ត្រូវ​ចំណាយ​លើ​ពន្ធ​ដែល​បាន​ជំពាក់​បំណុល​ចាស់​ៗ​ថែម​ទៀត យើង​ពិតជា​ពិបាក​មែនទែន អីចឹង​យើង​ចង់បាន​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ ឬ​យោគយល់​នៅ​ចំណុច​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ