ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក កឹ​ម សុខា ជា​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ និង​មិនជា​រឿង​អាទិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន បាន​បញ្ជាក់​ថា សំណុំរឿង​របស់​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន បាន​បញ្ជាក់​ថា សំណុំរឿង​របស់​លោក កឹ​ម សុខា គឺ​ជាស​ន្ទា​នុ​សិទ្ធិ​របស់​តុលាការ ហើយ​ការ​សុំ​បើក​សវនាការ​មិនមែន​ជា​អាទិភាព​នោះ​ទេ ព្រោះ​ជន​ត្រូវ​ចោទ​កំពុង​នៅ​ក្រៅ​ឃុំ ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បន្ទាប់​ពី​ក្រុម​មេធាវី​លោក កឹ​ម សុខា បាន​ស្នើ​ជា​លើក​ទី​៣ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បើក​ដំណើរការ​រឿង​ក្តី​ព្រហ្មទណ្ឌ លោក​កឹ​ម សុខា ឲ្យ​បាន​ឆាប់ កាល​ពេល​ថ្មី​ៗ​នេះ ។

លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០២១​ថា ៖«​ខ្ញុំ​សូម​ជូន​ចំណុច​អំពី​ទិដ្ឋភាព​ច្បាប់ និង​បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹ​ម សុខា ថា​តើ​ហេតុ​អ្វី​បាន​សវនាការ​សំណុំរឿង​ផ្សេង​អាច​បន្ត​ដំណើរការ​ទៅ​បាន ហើយ​សំណុំរឿង កឹ​ម សុខា បែរជា​នៅ​តែ​អូស​បន្លាយ​ពេលវេលា​ទៅ​វិញ គឺ សំណុំរឿង កឹ​ម សុខា កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ហើយ​ការ​សម្រេច​បែប​ណា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ ។

អ្នកនាំពាក្យ​បន្ត​ថា លោក កឹ​ម សុខា បាន និង​កំពុង​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួន​យ៉ាង​ពេញលេញ​តាម​ផ្លូវច្បាប់ ដោយ​មាន​មេធាវី​ការពារ​ដល់​ទៅ​៥ រូប ។ សវនាការ​លើ​ករណី កឹ​ម សុខា នា​ពេល​កន្លង​មក​ត្រូវ​បាន​ធ្វើ​ឡើងជា​សាធារណៈ និង​ប្រកបដោយ​តម្លាភាព ដោយ​អនុញ្ញាត​ឱ្យ​សង្គម​ស៊ី​វិល តំណាង​អង្គទូត​ក៏​ដូច​ជា សាធារណជន​ផ្សេង​ទៀត​បាន​ចូលរួម​ស្តាប់ ។ ឧទាហរណ៍ ករណី​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្តុ​តាង​ជា Video Clip ដែល​មេធាវី​របស់ កឹ​ម សុខា អះអាង​ថា​ជា Video មិន​ពិត ។ ប៉ុន្តែ​ក្រោយ​ពេល​ផ្ទៀត​ផ្ទាត់​បង្ហាញ​ថា Video Clip ដែល​ផ្តល់​ដោយ​មេធាវី​របស់ កឹ​ម សុខា គឺ​ដូច​គ្នា​នឹង Video Clip ដែល​ជា​ភស្តុ​តាង​នៅ​ក្នុង​សំណុំរឿង ។

ខ្លឹមសារ​ជា​រួម​នៃ Video Clip នេះ កឹ​ម សុខា បាន​និយាយ​ថា «​គាត់​ត្រូវ​បាន​រៀបចំ​បណ្តុះបណ្តាល និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​» ។ លោក​បន្ត​ថា ប្រសិនបើ​ករណី​ដូច​លោក កឹ​ម សុខា បែប​នេះ​កើតឡើង​នៅ​ប្រទេស​ផ្សេង​ក៏​ប្រទេស​នោះ​នឹង​អនុវត្ត​វិធានការ​ច្បាប់​ដូច​ករណី​កម្ពុជា​ផង​ដែរ ។ ឧទាហរណ៍ ករណី​មានការ​ចោទប្រកាន់​ថា Donald Trump បាន​ចូល​ដៃ​ជាមួយ Russia ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​នា​ពេល​កន្លង​មក​ក៏​សហរដ្ឋអាមេរិក​បាន និង​កំពុង​ចាត់ការ​ស៊ើបអង្កេត​ផង​ដែរ ។

លោក​គូសបញ្ជាក់​ថា​៖« ដោយ​ករណី កឹ​ម សុខា គឺ​មិន​មានការ​ឃុំខ្លួន​នោះ​ទេ ហេតុ​ដូចនេះ ការ​បើក​សវនាការ​លើ​សំណុំរឿង​នេះ គឺ​មិនមែន​ជា​អាទិភាព​នោះ​ទេ ។ អាទិភាព​ពិតប្រាកដ គឺ​ការ​បើក​សវនាការ​ចំពោះ​សំណុំរឿង​ដែល​មាន​អ្នក​ជាប់​ឃុំ ដើម្បី​ជៀង​វាង​កុំឱ្យ​មានការ​ឃុំខ្លួន ហួស​កាលកំណត់​របស់​ច្បាប់ ជា​ពិសេស​ស្រប​ពេល​ដែល​តុលាការ​កំពុង​អនុវត្ត​យុទ្ធនាការ​ដោះ ស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ ក្នុង​គោលដៅ​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។ ហេតុ​ដូចនេះ ប្រសិនបើ កឹ​ម សុខា ស្ថិត​ក្នុង​ការ​ឃុំ នោះ​សវនាការ​សំណុំរឿង​នេះ​ក៏​នឹង​ត្រូវ​យក​មក​ចាត់ការ​ជា​អាទិភាព​ផង​ដែរ​» ។

សូម​ជម្រាប​ថា ក្រុម​មេធាវី​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក ចាន់ ចេ​ន​, លោក ផែង​ហេង​, លោក អាង ឧត្តម និង​អ្នកស្រី ម៉េ​ង សុភា​រី បាន​ដាក់​លិខិត​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្នើ​សុំ​ឱ្យ​តុលាការ​បន្ត​សវនាការ​លើ​សំណុំរឿង​នេះ​ឡើង​វិញ បាន​បញ្ជាក់​ថា ៖«​យើងខ្ញុំ​ជា​សហ​មេធាវី​ការពារ​ក្តី​ជូន​លោក​កឹ​ម សុខា សូម​ជម្រាប​ជូន​លោក​ចៅក្រម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​បាន​គ្រប់​ក្រង​បាន​ទាំងស្រុង​ហើយ​តាម​រយៈ​ក្រសួងសុខាភិបាល​យើង​ស្នើ​សុំ​តុលាការ​ជំនុំជម្រះ​ដំណើរការ​វិញ ដូច​ការ​ជំនុំជម្រះ​រឿង​ក្តី​ដទៃ​ទៀត​ដែរ​» ។

ក្រុម​មេធាវី​លោក កឹ​ម សុខា​ក៏​បាន​លើក​ឡើង​ថា​ការ​ស្នើ​សុំ​នេះ ដើម្បី​ជៀសវាង​ការ​បន្ត​ផ្អាក​ដំណើរការ​នីតិវិធី ជា​ពិសេស​នោះ ដើម្បី​ជៀសវាង​ការ​បន្ត​រំលោភ​បំពាន​លើ​សិទ្ធិ​ក្នុង​ការ ទទួល​បានការ​ជំនុំ​ជម្រះក្តី​ឆាប់រហ័ស និង​យុ​ត្តិ​របស់​លោក​កឹ​ម សុខា ។ ក្រុម​មេធាវី​បាន​គូសបញ្ជាក់​ថា​ការ​ស្នើ​សុំ​នេះ​ជា​លើក​ទី​៣​ហើយ ដើម្បី​ឲ្យ​តុលាការ​បន្ត​សវនាការ​ឡើង​វិញ ឲ្យ​បាន​ឆាប់​បំផុត ។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​មេធា​នី​ដដែល​ក៏​បាន​កត់​សម្គាល់ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនុំជម្រះ​ករណី លោក​កឹ​ម សុខា គឺ​បាន​ធ្វើការ​ដេញដោល​សួរ​លោក​កឹ​ម សុខា យ៉ាងច្រើន​អស់ហើយ ។ ការ​ដាក់​កម្មវិធី​បន្ត​សវនាការ​លើ​សំណុំរឿង​ចាស់​នេះ មិន​គួរ​អូស​បន្លាយ​ទៀត​ទេ ព្រោះថា​ក្រុម​ប្រឹ​ក្ស​ជំនុំជម្រះ​មេធាវី និង​ភាគី​ពាក់ព័ន្ធ គឺ​មាន​សមាសភាព​ស្រេច​ហើយ ។ ក្រុម​មេធាវី​បញ្ជាក់​ថា ក្នុង​ពាក្យ​ស្នើ​សុំ​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ទុក​សំណុំរឿង​ចាស់​ចោល​យូរ​ហួសហេតុ​ពេក ដែល​អង្គ​សវនាការ​បាន​ធ្វើការ​ដេញ​ច​ដោល​រួច​ហើយ​នោះ មិនមែន​ជា​ជម្រើស ល្អ​ទេ និង​គ្មាន​ទម្លាប់​រឿង​ក្តី​យក​មក​ដេញដោល​រួច​ទុក​ចោល​យ៉ាង​យូរ​នេះ​ដែរ ។ រឿង​នេះ​គួរតែ ត្រូវ​បាន​ដាក់​កម្មវិធី​ជា​ប្រក្រតី​ដូច​បណ្តាលរឿង​ក្តី​ផ្សេង​ទៀត ដែល​តុលាការ​កំពុង​ដំណើរកា រ​កម្មវិធី​សព្វថ្ងៃ​» ។

ក្រុម​មេធាវី​ដដែល​ក៏​បាន​លើក​ឡើង​ថា សំណុំរឿង​ខាងលើ គិត​មក​ដល់​ពេល​នេះ​មាន​ថិ​រ វេលា​ជាង​៣​ឆ្នាំ​ហើយ ដែល​តុលាការ​មិន​ទាន់​បាន​បញ្ចប់​ដំណើរការ​នីតិវិធី​នៅ​សាលាដំបូង​នៅឡើយ ។ រយៈ​បេ​ល​នេះ​គឺ​យូរ​ហួសហេតុ​ពេល ។ ការ​ទុក​សំណុំរឿង​ដែល​បាន​ដេញដោល​ចោល យូរ និង​អូស​បន្លាយ​ដំណើរការ​ជំនុំជម្រះ​ដោយ​មិន​មានច្បាប់ និង​នីតិវិធី​សំអាង​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ក្នុង​ការ​ទទួល​បានការ​ជំនុំ​ជម្រះក្តី​ឆាប់រហ័ស និង​យុត្តិធម៌​របស់​លោក​កឹ​ម សុខា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ