រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំរួចបើករថយន្តម៉ាកព្រូសលឿនដូចហោះជ្រុលទៅបុកចូលផ្ទះលក់ចាប់ហួយយ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតសម្ភារៈ និង គ្រឿងភេសជ្ជៈជាច្រើនមុខ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង1និង15នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី28 ខែមករា ឆ្នាំ2021 នៅចំណុចផ្ទះលក់ចាប់ហួយយីហោ ផល្លី លក់ភេសជ្ជៈគ្រប់មុខ 24ម៉ោង តាមបណ្តោយផ្លូវ1986 កែងផ្លូវ1007 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តបង្កមួយគ្រឿងខាងលើម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BH-4500 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពពីម្ចាស់ផ្ទះរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុ គាត់ឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ1007 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ផ្លូវកែង ក៏បួងចង្កូតមិនទាន់ជ្រុលទៅបុកចូលផ្ទះរបស់គាត់យ៉ាងពេញទំហឹង បណ្តាលឱ្យធ្លុះទ្វារផ្ទះ និងយរងខូចខាតអស់ច្រើនមុខ បែកទូកញ្ចក់ ទូទឹកកក និងសម្ភារៈប្រើប្រាស់ច្រើនមុខទៀត។ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេចមួយកំណាត់មុខរួញស្រុញ រងការខូចខាតយ៉ាងដំណំ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីបង្កហេតុរួច គេឃើញអ្នកជិះនៅក្នុងរថយន្ត មានប្រុស មានស្រីជាច្រើននាក់បានស្ទុះចេញពីរថយន្ដ រួចគេចចេញពីកន្លែងកើតហេតុបាត់អស់ នៅសល់តែអ្នកបើកបរម្នាក់ដែលស្រវឹងជោកជាំ នៅចចារគ្នាជាមួយម្ចាស់ផ្ទះរងគ្រោះ។
ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះរងគ្រោះបានទាមទារសំណងថ្លៃខូចខាតចំនួន2000ដុល្លារ តែខាងម្ចាស់រថយន្តស្រវឹងស្រារហូតគ្រប់គ្រងស្មារតីលែងបាន ក៏អោយម្ចាស់ផ្ទះរងគ្រោះយករថយន្តនោះទៅ និងមិនចចារអ្វីឡើយ ។ ដោយសារដោះស្រាយមិនត្រូវគ្នា រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ ចំណែកម្ចាស់ផ្ទះរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងទាមទារសំណងពីម្ចាស់រថយន្តបង្កផងដែរ ៕





ចែករំលែកព័តមាននេះ