ខេត្តព្រះសីហនុ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវឈានទៅដល់ការចាប់ជនសង្ស័យបានចំនួន ៣នាក់ និងតាមចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់មួយចំនួនទៀត ។ ក្រៅពីការឃាត់ខ្លួនមនុស្ស៣នាក់ សមត្ថកិច្ចបានរកឃើញរថយន្តដែលជិះធ្វើសកម្មភាព និងថ្នាំញៀនមួយចំនួនថែមទៀត ។
លោកស្នងការ ជួន ណារិន្ទ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ជនសង្ស័យម្នាក់ និងគូកន ត្រូវបានកម្លាំងនគរបាលជំនាញខេត្តចាប់ខ្លួន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ។
ជនរងគ្រោះឈ្មោះ ផេង ស៊ូ ភេទប្រុស ជនជាតិចិន អាយុ២៨ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ចំលើ ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងរថយន្ត ។ ទោះបីជាយ៉ាងណា ភ្លាមៗនៅមិនទាន់ដឹងថា ជាករណីអ្វីពិតប្រាកដនៅឡើយ ខណៈសមត្ថកិច្ចកំពុងសាកសួរចម្លើយពីក្រុមជនសង្ស័យ ។
សូមរម្លឹកឡើងវិញថា ជនជាតិចិនម្នាក់បានស្លា.ប់ភ្លាមៗ នៅក្នុងរថយន្តរបស់ខ្លួន បន្ទាប់ពីត្រូវខ្មាន់កាំភ្លើង ជិះរថយន្តតាមដេញបាញ់ នាព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលនៅចំណុចនៅក្នុងមុខកាស៊ីណូ ជីយវនីសិន តាមបណ្តោយផ្លូវសណ្ឋារគារឯករាជ្យ នៅចំណុចក្រុម១៩ ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
ឃាតកម្មនេះបង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណជិៈរថយន្តពីរគ្រឿង ។ ក្នុងនោះ ជនល្មើសជិះរថយន្តម៉ាក Ford Raptors ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BI-1413 បានធ្វើសកម្មភាពបើកដេញតាមរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ផ្លាកលេខ 2AL-9459 (រថយន្តជនរងគ្រោះ) ។ លុះដល់ចំណុចកើតហេតុជនល្មើសបានបើករថយន្តទៅអែប នឹងរថយន្តរបស់ជនរងគ្រោះរួចបានបាញ់ទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្តង ៕
ចែករំលែកព័តមាននេះ