ខេត្តកំពង់ចាម ៖ កសិដ្ឋានចិញ្ចឹមមាន់ និងជ្រូក នៅឃុំស្រក ស្រុកកំពង់សៀម រួមនិងតំបន់ផ្សេងទៀតជាច្រើនកន្លែង និងអាចផលិតបានរាប់លានក្បាលក្នុងមួយឆ្នាំដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត គឺបានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំដល់ម្ចាស់កសិដ្ឋាន ព្រមទាំងមន្ត្រីជំនាញធ្វើយ៉ាងណាឲ្យសកម្មភាពចិញ្ចឹមសត្វទាំងនេះមានភាពផុលផុសកាន់តែច្រើនឡើង ក្នុងគោលបំណងកាត់បន្ថយការនាំចូលសត្វពីក្រៅស្រុកនាពេលខាងមុខ ។
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប្រាប់ឲ្យដឹងកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១មកនេះថា ដីនៅឃុំស្រក ជាប្រភេទដីថ្ម ដែលមិនអំណោយផលដល់ការដាំដុះដំណាំឲ្យលូតលាស់ល្អដូចនៅកន្លែងផ្សេងនោះទេ ។ ដោយសំឡឹងឃើញពីសំណាក់ក្រុមពាណិជ្ជករជាច្រើននាក់ ក៏បាននាំគ្នាបង្កើតនៅកសិដ្ឋានចិញ្ចឹមមាន់ និងជ្រូក មានជាច្រើនកន្លែងរហូតមកដល់ពេលនេះបង្កើតឡើងជាបន្តបន្ទាប់ ។
លោកបន្តថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ដោយឃើញមាន់ និងជ្រូក ដែលចិញ្ចឹមនៅតាមកសិដ្ឋានក្នុងឃុំស្រក មានការលូតលាស់ល្អ និងប្រកបដោយអនាម័យ គឺការចិញ្ចឹមតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនយូរនោះទេសត្វទាំងពីរប្រភេទដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន CP នឹងត្រូវចាប់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។
នៅតំបន់នេះត្រូវបានក្រុមពាណិជ្ជករមានការចាប់អារម្មណ៍ និងបាននាំគ្នាមកទិញដីពីប្រជាពលរដ្ឋ ដើម្បីសាងសង់រោងសម្រាប់ចិញ្ចឹមមាន់ និងជ្រូក ដែលបានដំណើរការចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់សព្វថ្ងៃ ។ គ្រាន់តែរោងចិញ្ចឹមជ្រូកដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន CP មានចំនួន ៨០ដំបូល និងរោងចិញ្ចឹមមាន់មាន ៣២ ដំបូល ជាមួយនោះជ្រូកអាចនឹងហុចផលបានប្រមាណ ១៥ម៉ឺនក្បាល បើរាប់បញ្ចូលជាមួយនិងការព្រមព្រៀងជាមួយក្រុមហ៊ុនផ្សេងទៀត ។ ក្នុងមួយឆ្នាំអាចផលិតជ្រូកបានរហូតដល់ជិត១លានក្បាល ចំណែកមាន់វិញប្រហែល ៤លានក្បាល បើនិយាយពីការផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម គឺនៅសល់សម្រាប់នាំចេញទៅលក់នៅក្រៅខេត្តផងដែរ ។
លោក នង ម៉េងហ៊ាង បញ្ជាក់ទៀតថា សម្រាប់នៅក្នុងខេត្តកំពង់ចាម ទីតាំងដែលមានចិញ្ចឹមមាន់ និងជ្រូក គឺក្នុងនោះរួមមាន ៖ ស្រុកបាធាយ ជើងព្រៃ ព្រៃឈរ ចំការលើស្ទឹងត្រង់ និងស្រុកកំពង់សៀម គឺមានលទ្ធភាពផ្គត់ផ្គង់សម្រាប់តម្រូវការប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ដោយសល់សម្រាប់នាំចេញទៅលក់នៅក្រៅខេត្តផ្សេងទៀត ។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយធ្វើយ៉ាងណាទាក់ទាញក្រុមពាណិជ្ជករ ឬអ្នកវិនិយោគទុនបរទេសដើម្បីពង្រីកវិស័យចិញ្ចឹមមាន់ និងជ្រូក នៅក្នុងខេត្តកំពង់ចាម ឲ្យកាន់តែមានចំនួនច្រើនឡើងបន្ថែមទៀត ។
បើសិនក្នុងករណីការចិញ្ចឹមសត្វមានលក្ខណៈយ៉ាងផុលផុស រយ:ពេលពីរទៅបីឆ្នាំខាងមុខកម្ពុជានឹងត្រូវកាត់បន្ថយការនាំចូលពីប្រទេសជិតខាងស្ទើរតែទាំងស្រុង ។ ដោយឡែកក៏មានកសិករមួយចំនួនគាត់ចិញ្ចឹមជាលក្ខណៈគ្រួសារ ក្នុងម្នាក់ចិញ្ចឹមមាន់ចំនួន ២០០ ទៅ ៣០០ក្បាល ដោយមានធ្វើរោងចិញ្ចឹមទៅតាមលក្ខណៈបច្ចេកទេស ដែលជំនាញពេទ្យសត្វបានណែនាំដែលអាចចៀសផុតពីជំងឺផ្សេងៗ ។
តែការចិញ្ចឹមតាមកសិដ្ឋានធំៗរោងចិញ្ចឹមមាន់មួយមានប្រមាណ ១៥.០០០ក្បាល ហើយបំពាក់ដោយប្រព័ន្ធប្រជាក់សម្រាប់ជីវៈសុវត្ថិភាពដល់សត្វ ហើយបើសិនយើងចង់ចូលទៅក្នុងរោង គឺត្រូវស្លៀកសំលៀកបំពាក់ដូចខោអាវពេទ្យ ហើយស្បែកជើងត្រូវ ច្រលក់ចូលថ្នាំសម្លាប់មេរោគជាមុន ដើម្បីកុំឲ្យមានមេរោគចូលទៅក្នុងបរិវេណរោងចិញ្ចឹមមាន់ និងជ្រូក ៕
ចែករំលែកព័តមាននេះ