ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ការ​ធ្វើ​អាជីវកម្ម​មួយ សំខាន់​បំផុតត្រូវ​រើស​ទីតាំង ​ឬ​​ត្រូវ​សិក្សា​ពី​ទីតាំង​មុន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ គឺជា​រឿង​សំខាន់​បំផុត​មួយ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ​។ បើ​រើស​ទីតាំង​ខុសនោះ​ផលិតផល ឬអ្វី​ដែល​យើង​ចង់​លក់​នោះ ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ គឺ​ប្រៀប​ដូច​យក​លុយ​ទៅ​បោះចោល​ ។…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ គឺជា​រឿង​សំខាន់​បំផុត​មួយ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ​។ បើ​រើស​ទីតាំង​ខុសនោះ​ផលិតផល ឬអ្វី​ដែល​យើង​ចង់​លក់​នោះ ក៏​មិន​ទទួល​បាន​ជោគជ័យ​ដែរ គឺ​ប្រៀប​ដូច​យក​លុយ​ទៅ​បោះចោល​ ។ បើ​យើង​រក​ទីតាំង​មិន​បាន​ល្អ ឬ​ពិបាកយើង​លក់​មិន​ដាច់​ទេ ​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី (រូបភាព៖ ក្រុមការងារ MJQE)

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បន្ត​ថា ដូច្នេះ​ដើម្បី​រកស៊ី​ទទួល​បាន​ប្រាក់​ចំណេញ ត្រូវ​រក​ទីតាំង ដែល​គេ​ហៅ​ថា ផ្លូវ​មាន​ម៉ូយ កុំ​រក​ទីតាំង​ផ្លូវ​ធំ ឬ​អាច​និយាយ​បាន​ថា រក​ទីតាំង​តាម​គំរូ​អាជីវកម្ម​របស់​ខ្លួន​ព្រោះ​បច្ចុប្បន្ន​នេះ​សហគ្រិន និង​អាជីវករ​មួយ​ចំនួន​ចូល​ចិត្ត​បើកហាង ឬ​ក្រុមហ៊ុន​ដោយ​រក​ទីតាំង​ផ្លូវ​ធំ​ជា​ជាង​រក​ទីតាំង​ផ្លូវ​ម៉ូយ ​។ ការណ៍​នេះ ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​ខ្វះ​អតិថិជន និង​អាច​បិទទ្វារ​ទៅ​វិញ​បន្ទាប់​ពី​បើក​មិនយូរ​ប៉ុន្មាន​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ថា​តាម​ពិត​ទៅ សហគ្រិន​ជោគជ័យ ការ​បើក​ក្រុមហ៊ុន គេ​មិន​ដែល​សង្វាត​រក​ផ្លូវ​ធំ​នោះ​ទេ គឺ​គេ​សង្វាត​រក​ទីតាំង​ដែល​មាន​មនុស្ស​ច្រើន​អ៊ូអរ​ ។ ទីតាំង​ផ្លូវ​ធំ​ខ្លះ​មាន​តម្លៃ​ថ្លៃ​ជាង​ទីតាំង​ផ្លូវ​តូច​ស្ទើរតែ​១​គុណ​នឹង​១០ តែបើ​និយាយ​ពី​ផ្លូវ​ម៉ូយ​វិញ គឺ​ចាញ់​ទីតាំង​ផ្លូវ​តូច​ស្រឡះ​តែ​ម្ដង ​។​ មាន​ន័យ​ថា ទីតាំង​ផ្លូវ​ធំ​នោះ​គ្មាន​មនុស្ស​ចេញចូល គ្មាន​អតិថិជន តែ​ទីតាំង​ផ្លូវ​តូច​ខ្លះ​វិញ មាន​មនុស្ស​ច្រើន​កុះករ​ប្រៀប​ដូច​ជា​កូន​ប្រទេស​មួយ​អ៊ីចឹង​។

ដោយឡែក លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​លើកយក​ទីតាំង​និង​អាជីវកម្ម​មួយ​ចំនួន​ខាងក្រោម ដែល​យើង​គ្រប់​គ្នា​អាច​គិតគូ​ពិចារណា​បាន ៖

ឧទាហរណ៍​ថា ប្រសិនបើ​យើង​បើកហាង​គុយទាវ ឬ​ហាង​អាហារ​នៅ​ទីតាំង​ក្បែរ​សាលារៀន ទោះបី​ទីតាំង​នោះ​ជា​ផ្លូវលំ ឬ​តូច​ចង្អៀត​ក៏​ដោយ គឺ​ប្រាកដជា​លក់ដាច់​ខ្លាំង​ជាង​ទីតាំង​ផ្លូវ​ធំ ដែល​គ្មាន​មនុស្ស​ចេញចូល​។ បើ​យើង​ក្រឡេក​មើល​ទីតាំង​ផ្លូវ​ខាងក្រោយ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អា​មេ​រិ​កាំ​ង នោះ​យើង​នឹង​ឃើញ​ថា ទីតាំង​នេះ ផ្លូវ​តូច​មែន តែ​ដូច​ជា​កូន​ប្រទេស ឬ​ជា​តំបន់​បរទេស​ដូច្នេះ​ដែរ គឺ​មាន​អាជីវករ​លក់ដូរ​គ្រប់​ប្រភេទ ហើយ​លក់ដាច់​ខ្លាំង​ទៀត​ផង​។ លក់ដាច់​ខ្លាំង ព្រោះ​ទីតាំង​នេះ​មាន​បុគ្គលិក​រាប់​ពាន់​នាក់ ហើយ​មាន​សិស្ស​រាប់​ម៉ឺន​នាក់​ចេញចូល​។ សូ​ម្បី​តែ​អ្នកលក់​ទឹកអំពៅ និង​ពងមាន់​អាំង​ក្បែរ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អា​មេ​រិ​កាំ​ង ក្នុង​មួយ​ខែ​ៗ​អាច​រក​ចំណូល​បាន​មិន​តិច​ជាង​ខ្ទង់ពាន់​ដុល្លារ​ឡើយ​។

ឧទាហរណ៍ ស្ថានីយ​ចាក់​សាំង​មួយ បើ​យើង​បើក​ទៅ​បី​ជ្រុង​បត់​អត់​បាន គេ​អត់​បើក​ទេ គឺថា យ៉ាង​ហោច​ក៏​បាន​បី​ជ្រុង​អាច​ចូល​បាន​ដែរ​។ ចំពោះ​ស្ថាប័ន​អប់រំ​ទាមទារ​ឱ្យ​ជា​កន្លែង​ដែល​មាន​មហាជន​ច្រើន​ហើយ​ងាយស្រួល​ធ្វើ​ដំណើរ​។ យើង​ត្រូវ​សិក្សា​គ្រប់​ចំណុច​ទាំងអស់​ទាក់ទង​តាំងពី​ធនធានមនុស្ស ហិរញ្ញវត្ថុ ស្ថិរភាព​នយោបាយ ចំណង់​ចំណូលចិត្ត តម្រូវការ និង​ជំនាញ​របស់​យើង​។

លោក​បន្ត​ដូចនេះ​ថា ៖ «​ខ្ញុំ​ឱ្យ​យោបល់​ថា ដើម្បី​រកស៊ី​ចំណេញ គឺ​រក​ឱ្យ​ត្រូវ​។ មាន​ន័យ​ថា ត្រូវ​រក​ទីតាំង​ដែល​គេ​ហៅ​ថា ផ្លូវ​មាន​ម៉ូយ កុំ​រក​ទីតាំង​ផ្លូវ​ធំ ព្រោះថា​បច្ចុប្បន្ន​នេះ សហគ្រិន និង​អាជីវករ​មួយ​ចំនួន​ចូល​ចិត្ត​បើកហាង ឬ​ក្រុមហ៊ុន​ដោយ​រក​ទីតាំង​ផ្លូវ​ធំ​ជាង​រក​ទីតាំង​ផ្លូវ​ម៉ូយ​។ ការណ៍​នេះ ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​ខ្វះ​អតិថិជន និង​អាច​បិទទ្វារ​ទៅ​វិញ​បន្ទាប់​ពី បើក​មិនយូរ​ប៉ុន្មាន​។ នៅ​សហរដ្ឋអាមេរិក ហាង​ដូ​ណាត់​របស់​គេ​តូច​មួយ ប៉ុន្តែ​នៅ​មាត់​ផ្លូវ​ធំ​តម្លៃ​៨០​ម៉ឺន​ដុល្លារ ហើយ​ផ្ទះ​មួយទៀត ផ្លូវ​ចូល​បាន​តែ​ពីរ​ជ្រុង តម្លៃ​តែ​៣០​ម៉ឺន​ដុល្លារ​។ ដូច្នេះ ទីតាំង​ជា​រឿង​ដ៏​សំខាន់​ណាស់ ព្រោះ អតិថិជន​ងាយស្រួល​ចូល (Accessible) ហើយ​ចំពោះ​ស្ថានីយប្រេងឥន្ធនៈ ហ្គា​រ៉ា​ស​សាំង (Gas Station) គឺ​ត្រូវ​តែ​មាន​ផ្លូវ​មុខ​បួន​មាន​ឡាន ចេញចូល​បាន​។ ចំណុច​ទី​២ គឺ​តម្រូវការ និង​ការ​ផ្គត់ផ្គង់ (Demand and supply) នៅ​ស្រុក​ខ្មែរ​យើង ប្អូន​ៗ​ភាគច្រើន​គាត់​មាន​ពិសោធន៍​តិច​ពេក (Expose) តិច​ពេក​។ ឃើញ​គេ​ធ្វើ​អ្វី យើង​ធ្វើ​តាម​គេ យើង​ក្លាយជា​អ្នក​ធ្វើ​តាម​ពីក្រោយ​គេ (Follower) យើង​ក៏​មិនមែន​ជា​អ្នក​ដែល​ចាប់ផ្ដើម​ដែរ (Initiator) ទេ​»​។

ដើម្បី​ឱ្យ​យើង​ក្លាយជា​អ្នក​ចាប់ផ្តើម​ទៅ​បាន លោក​ថា​ទាល់តែ​យើង​យល់​ច្បាស់​អំពី​សង្គម​ពិភពលោក ថា​គេ​ចង់បាន​អ្វី? គេ​មាន​អ្វី? ​ហើយ​អ្វីខ្លះ​ដែល​គេ​មិន​ទាន់​មាន? យើង​ធ្វើ​ទៅ ដើម្បី​បំពេញតម្រូវការ​ហ្នឹង (Demand and supply) ។ បើ​គេ​បើកហាង​កាហ្វេ យើង​ចង់​បើក​ដែរ បើក​ត​ៗ​គ្នា អង្គុយ​ខាត អង្គុយ​ចិញ្ចឹម​ម្ចាស់ផ្ទះ​គ្រប់​ៗ​គ្នា​ហ្នឹង​។ ឧទាហរណ៍​មួយទៀត ហាង​លក់​ទូរ​សព្ទ គេ​បើក​យូរហើយ គេ​នាំ​ចូល​ទូរ​សព្ទ​មក ហើយ​គេ​ចំណេញ​ធ្វើ​មហាសេដ្ឋី តែ​យើង​មក​បើក​លក់​តាម​គេ​ដែរ​។ ធ្វើ​តាម​គេ មិនមែន​សុទ្ធតែ​ល្អ​ទេ ហើយ​ក៏​មិនមែន​សុទ្ធតែ​មិនល្អ​ដែរ យើង​ត្រូវ​សិក្សា​ពី​អាជីវកម្ម​បែប​ថ្ងៃ​រះ​ថ្ងៃ​លិច (Sun rise and sun set) ថា​តើ​អាជីវកម្ម​នោះ​កំពុង​តែ​ឡើង ឬ​ក៏​កំពុង​តែ​ធ្លាក់​ចុះ?

ចំណុច​នេះ​យើង​ត្រូវ​គិត​ឱ្យ​បាន​ច្បាស់ កុំឱ្យ​ចេះ​តែ​ធ្វើ​តាម​គេ​។ ធ្វើ​អាជីវកម្ម មិនមែន​គេ​ធ្វើ​ឱ្យ​តែ​ល្អមើល​នោះ​ទេ​។ អ្នក​បើកហាង​លក់​កាហ្វេ​ទាំងអស់​សុទ្ធតែ​មហាសេដ្ឋី ព្រោះ​ឪពុក​ម្តាយ​គេ​មិនមែន​ក្រ​ទេ ហើយ​គេ​ក៏​មាន​ណាស់​ដែរ​។ គេ​បើកហាង​កាហ្វេ​មួយ គេ​ចំណាយ​ដើមទុន​ច្រើន​ណាស់ រាប់​ម៉ឺន​រាប់​សែន​ដុល្លារ​។ ដូច្នេះ មិនមែន​ដូច​យើង​លេងសើច​ទេ ហើយ​អ្នកខ្លះ​ដាក់​ទៅ​ខាត​អស់​ខ្មាស​គេ នៅ​ពេល​ជួប​មុខ​ឪពុក​ម្តាយ​ពេល​ណា គាត់​ស្តីឱ្យ​ធ្វើ​ឱ្យ​បាក់ទឹកចិត្ត​ទៀត​។ អ៊ីចឹង​បើក​អាជីវកម្ម​មិនមែន​ចេះ​តែ​ធ្វើ​តាម​គេ ហើយ​ជោគជ័យ​នោះ​ទេ គឺ​ត្រូវ​សិក្សា​ច្បាស់លាស់​ណាស់ ពិសេស​នោះ​គឺ​ទីតាំង​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អត្ថបទ​ខាងលើ​ត្រូវ​បាន​ដកស្រង់​ចេញពី​សៀវភៅ ៖ «​គំនិត​រកស៊ី គួ​ច ម៉េ​ង​លី» ក្នុង​ទំព័រ​ទី ១៣១ ដល់ ១៣៤ ដែល​បាន​បោះពុម្ពផ្សាយ​នៅ​ក្នុង​ខែ មីនា ក្នុង​ឆ្នាំ ២០១៩ ជា​ស្នាដៃ​និពន្ធ​ដោយ​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ផ្ទាល់ ​។ ប្រសិនជា​បងប្អូន​មាន​ចំណាប់អារម្មណ៍ ជា​ពិសេស​អ្នក​ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម ឬ​ចង់​បើក​ហ៊ា​ង​នានា ក្នុង​សៀវភៅ​នេះ​បាន​និយាយ​លម្អិត​អំពី​វិធីសាស្ត្រ​នានា​ដែល​យើង​អាច​យក​ជា​គំរូ​បាន ហើយ​សៀវភៅ​នេះ​ផង​ដែរ បងប្អូន​អាច​រក​ជាវ​បាន​តាម​បណ្តា​បណ្ណាគារ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ