ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មេធាវី​លោក កឹ​ម សុខា​ស្នើ​សុំ តុលាការ​បន្ត​បើក​សវនាការ​សំណុំរឿង​កូនក្តី​ខ្លួន​ជា​លើក​ទី​៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​មេធាវី​លោក កឹ​ម សុខា បាន​ដាក់​ពាក្យ​ស្នើ​សុំ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​បើក​សវនាការ​សំណុំរឿង​កូនក្តី​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​បំផុត​នូវ​សំណុំ​រឿង​ព្រហ្មទណ្ឌ លេខ​៥៦៤២ ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ក្រុម​មេធាវី​លោក កឹ​ម សុខា បាន​ដាក់​ពាក្យ​ស្នើ​សុំ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​បើក​សវនាការ​សំណុំរឿង​កូនក្តី​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​បំផុត​នូវ​សំណុំ​រឿង​ព្រហ្មទណ្ឌ លេខ​៥៦៤២ ចុះ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ។

យោង​តាម​ពាក្យ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក ចាន់ ចេ​ន​, លោក ផែង​ហេង​, លោក អាង ឧត្តម និង​អ្នកស្រី ម៉េ​ង សុភា​រី បាន​ដាក់​លិខិត​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្នើ​សុំ​ឱ្យ​តុលាការ​បន្ត​សវនាការ​លើ​សំណុំរឿង​នេះ​ឡើង​វិញ បាន​បញ្ជាក់​ថា​៖«​យើងខ្ញុំ​ជា​សហ​មេធាវី​ការពារ​ក្តី​ជូន​លោក កឹ​ម សុខា សូម​ជម្រាប​ជូន​លោក​ចៅក្រម​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ តាម​រយៈ​ក្រសួងសុខាភិបាល​យើង​ស្នើ​សុំ​តុលាការ​ជំនុំជម្រះ​ដំណើរការ​វិញ ដូច​ការ​ជំនុំជម្រះ​រឿង​ក្តី​ដទៃ​ទៀត​ដែរ​» ។

ក្រុម​មេធាវី​លោក កឹ​ម សុខា ក៏​បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​នេះ ដើម្បី​ជៀសវាង​ការ​បន្ត ផ្អាក​ដំណើរការ​នីតិវិធី ជា​ពិសេស​នោះ​ដើម្បី​ជៀសវាង​ការ​បន្ត​រំលោភ​បំពាន​លើ​សិទ្ធិ​ក្នុង​ការ​ទទួល​បានការ​ជំនុំ​ជម្រះក្តី​ឆាប់រហ័ស និង​យុ​ត្តិ​ធ​ម៍​របស់​លោក​កឹ​ម សុខា ។ ក្រុម​មេធាវី​បាន​គូសបញ្ជាក់​ថា ការ​ស្នើ​សុំ​នេះ​ជា​លើក​ទី​៣​ហើយ ដើម្បី​ឲ្យ​តុលាការ​បន្ត​សវនាការ​ឡើង​វិញ ឲ្យ​បាន​ឆាប់​បំផុត ។

ជាមួយ​គ្នា​នោះ​ដែរ ក្រុ​មេ​វ​ធានី​ដដែល​ក៏​បាន​កត់​សម្គាល់ថា សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃ​ទី​៣​ខែកញ្ញា ឆ្នាំ​២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនុំជម្រះ​ករណី លោក​កឹ​ម សុខា គឺ​បាន​ធ្វើការ​ដេញដោល​សួរ​លោក​កឹ​ម សុខា យ៉ាងច្រើន​អស់ហើយ ។ ការ​ដាក់​កម្មវិធី​បន្ត​សវនាការ​លើ​សំណុំរឿង​ចាស់​នេះ​មិន​គួរ​អូស​បន្លាយ​ទៀត​ទេ ព្រោះថា ក្រុម​ប្រឹ​ក្ស​ជំនុំជម្រះ​មេធាវី និង​ភាគី​ពាក់ព័ន្ធ គឺ​មាន​សមាសភាព​ស្រេច​ហើយ ។

ក្រុម​មេធាវី​បញ្ជាក់​ថា ក្នុង​ពាក្យ​ស្នើ​សុំ​យ៉ាង​ដូច្នេះ​ថា ៖«​ការ​ទុក​សំណុំរឿង​ចាស់​ចោល​យូរ​ហួសហេតុ​ពេក ដែល​អង្គ​សវនាការ​បាន​ធ្វើការ​ដេញ​ច​ដោល​រួច​ហើយ​នោះ មិនមែន​ជា​ជម្រើស​ល្អ​ទេ និង​គ្មាន​ទម្លាប់​រឿង​ក្តី​យក​មក​ដេញដោល​រួច​ទុក​ចោល​យ៉ាង​យូរ​នេះ​ដែរ ។ រឿង​នេះ​គួរតែ ត្រូវ​បាន​ដាក់​កម្មវិធី​ជា​ប្រក្រតី​ដូច​បណ្តាលរឿង​ក្តី​ផ្សេង​ទៀត ដែល​តុលាការ​កំពុង​ដំណើរការ​កម្មវិធី​សព្វថ្ងៃ​» ។ ក្រុម​មេធាវី​ដដែល​ក៏​បាន​លើក​ឡើង​ថា​សំណុំរឿង​ខាងលើ គិត​មក​ដល់​ពេល​នេះ​មាន​ថិរវេលា​ជាង​៣​ឆ្នាំ​ហើយ ដែល​តុលាការ​មិន​ទាន់​បាន​បញ្ចប់​ដំណើរការ​នីតិវិធី​នៅ​សាលាដំបូង​នៅឡើយ ។ រយៈពេល​នេះ គឺ​យូរ​ហួសហេតុ​ពេក ។

ការ​ទុក​សំណុំរឿង​ដែល​បាន​ដេញដោល​ចោល​យូរ និង​អូស​បន្លាយ​ដំណើរការ​ជំនុំជម្រះ​ដោយ​មិន​មានច្បាប់ និង​នីតិវិធី​សំអាង​បែប​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ក្នុង​ការ​ទទួល​បានការ​ជំនុំ​ជម្រះក្តី​ឆាប់រហ័ស និង​យុត្តិធម៌​របស់​លោក​កឹ​ម សុខា ។ មេធាវី​គូសបញ្ជាក់​ថា ៖«​សិទ្ធិ​ទទួល​បានកា​ជំនុំជម្រះ​ឆាប់រហ័ស និង​យុត្តិធម៌ គឺជា​គោលការណ៍​មូលដ្ឋាន​នៃ​សង្គម​ដ៏​ត្រឹមត្រូវ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្ការ​ភាព​អយុត្តិធម៌ ដូច​មាន​ចែង​ក្នុង​មាត្រា​១៤ ចំណុច​«​គ​» នៃ​កតិកាសញ្ញា​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​ចែង​ថា​«​ជន​គ្រប់​រូប​ត្រូវ​បាន​ជំនុំជម្រះ​ដោយ​ឥត​ពន្យា​ពេល​» ។

សូម​ជម្រាប​ថា​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​បើក​សវនាការ នៅ​ថ្ងៃ​ពុធ ទី​១៥​ខែមករា ឆ្នាំ​២០២០ បន្ទាប់​ពី​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ «​ស​ន្និ​ដ្ឋិ​ភាព​» ជាមួយ​បរទេស ។

លោក កឹ​ម សុខា ក្រោយមក​ក៏​ត្រូវ​បន្ធូរបន្ថយ​ការ​ឃុំខ្លួន​ផង​ដែរ ដោយ​ប្តូរ​ពី​ពន្ធនាគារ​មក​នៅ​ក្នុងផ្ទះ​វិញ ក្រោម​លក្ខខណ្ឌ​ផ្លូវច្បាប់​មួយ​ចំនួន ។ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ដើរ​ចុះ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ក៏​ដូច​ផ្តល់​សំភារៈ​មួយ​ចំនួន ដល់​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​ចំនួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ