តើ​បុណ្យមាឃបូជា​មាន​ប្រវត្តិ​យ៉ាង​ណា ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​បុណ្យមាឃបូជា​មាន​ប្រវត្តិ​យ៉ាង​ណា ?

1 ខែ មុន

មាឃបូជា​ជា​បុណ្យ​ធំ​មួយ​ដែល​មាន​សារៈសំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ។ បុណ្យ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ក្នុង​ប្រតិទិន​ជា​ទិវា​បុណ្យ​ជាតិ​ហើយ​ត្រូវ​បាន​ប្រកាស​ឱ្យ​គ្រប់​ស្ថាប័ន​អង្គភាព​ទាំងអស់​ឈប់​សម្រាក​ពី​ការងារ​មួយ​ថ្ងៃ ។ ទិវា​បុណ្យ​សាសនា​ដ៏​ធំ​មួយ​នេះ​ក៏​ត្រូវ​បាន​អង្គការសហប្រជាជាតិ​អនុម័ត​កាលពី​ឆ្នាំ​១៩៩៩ ដោយ​ទទួលស្គាល់​ថា​ជា​ពិធីបុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការសហប្រជាជាតិ​នៅ​លើ​ពិភពលោក​ផង​ដែរ ។ តើ​បុណ្យមាឃបូជា​មាន​ប្រវត្តិ​យ៉ាងណា​ចំពោះ​ព្រះពុទ្ធ​សាសនា…

មាឃបូជា​ជា​បុណ្យ​ធំ​មួយ​ដែល​មាន​សារៈសំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ។ បុណ្យ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ក្នុង​ប្រតិទិន​ជា​ទិវា​បុណ្យ​ជាតិ​ហើយ​ត្រូវ​បាន​ប្រកាស​ឱ្យ​គ្រប់​ស្ថាប័ន​អង្គភាព​ទាំងអស់​ឈប់​សម្រាក​ពី​ការងារ​មួយ​ថ្ងៃ ។ ទិវា​បុណ្យ​សាសនា​ដ៏​ធំ​មួយ​នេះ​ក៏​ត្រូវ​បាន​អង្គការសហប្រជាជាតិ​អនុម័ត​កាលពី​ឆ្នាំ​១៩៩៩ ដោយ​ទទួលស្គាល់​ថា​ជា​ពិធីបុណ្យ​អន្តរជាតិ​មួយ ដែល​គេ​អាច​ប្រារព្ធ​ធ្វើ​នៅ​តាម​ការិយាល័យ​ទាំងឡាយ​របស់​អង្គការសហប្រជាជាតិ​នៅ​លើ​ពិភពលោក​ផង​ដែរ ។

តើ​បុណ្យមាឃបូជា​មាន​ប្រវត្តិ​យ៉ាងណា​ចំពោះ​ព្រះពុទ្ធ​សាសនា ? មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធ​សាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​ថៃ្ង​១៥​កើត ខែមាឃ ក្រោយ​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ​ចំនួន​៩​ខែ​គត់​នា​សម័យ​នោះ ។

ការ​បង្កើត​ព្រះពុទ្ធ​សាសនា ក្នុង​ឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន​១២៥០ អង្គជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ​ដែល​បាន​និមន្ត​មក​ពី​គ្រប់​ទិស​ទី ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នូវ​គោលការណ៍​សម្រាប់​ឱ្យ​សមាជិក​មហាសន្និបាត​ទាំងអស់​កាន់​យក​ជា​វិ​ថី​ជីវិត និង​សម្រាប់​យក​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ជន​ដទៃ​ទៀត​ឱ្យ​បាន​យល់​ពី​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។

នៅថ្ងៃ​មាឃបូជា​នោះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​បាន​ប្រទាន​ឱវាទបាតិមោក្ខ​ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែល​ជា​វត្ត​ដំបូង​បង្អស់​ក្នុង​ព្រះពុទ្ធ​សាសនា​ក្នុង​ថ្ងៃ​នោះ ។ នៅ​ក្នុង​ថ្ងៃ​ចតុរង្គ​មហាសន្និបាត មាន​ហេតុការណ៍​សំខាន់​៤​យ៉ាង​កើតឡើង​គឺ​៖

១- ព្រះសង្ឃ​សមណ​ទូត ១២៥០ អង្គ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បញ្ជូន​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ដើម្បី​ផ្សព្វផ្សាយ​គោល​ធម៌​បាន​វិល​ត្រឡប់​មក​ចូល​គាល់​ព្រះ​អង្គ​វិញ​យ៉ាង​ព្រមព្រៀង​គ្នា ។ ព្រះ​ភិក្ខុសង្ឃ​ដែល​និមន្ត​មក​ចូលរួម​ក្នុង​មហា​សង្ឃ​សន្និបាត​សុទ្ធតែ​ជា​ព្រះអរហន្ត ខីណាស្រព​ទាំងអស់ ។

២- ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជា​ឯ​ហិ​ភិក្ខុ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស​ឱ្យ​ដោយ​ផ្ទាល់​ដែល​ហៅ​ថា ឯ​ហិ​ភិក្ខុ​ឧបសម្បទា ។

៣- ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជា​ព្រះអរហន្ត​បាន​អភិញ្ញា​៦ គឺ​សម្តែងឫទ្ធិ​បាន​, ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, កំណត់​ដឹងចិត្ត​អ្នក​ដទៃ​, បាន​រឭកជាតិ​បាន និង​អស់​អាសវៈ​មក​ជួប​ប្រជុំ​គ្នា​ក្នុង​វត្ត​វេឡុវ័ន​ដោយ​មិន​បាន​ណាត់​ទុកជា​មុន ។

៤- ថ្ងៃ​ដែល​ព្រះសង្ឃ​ទាំងអស់​ជួប​ប្រជុំ​គ្នា​នោះ​ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី​ខែមាឃ ។

ហេតុការណ៍​ជួប​ប្រជុំ​គ្នា​ខាងលើ​នេះ​ហៅ​ម្យ៉ាងទៀត​ថា ចតុរង្គសន្និបាត​គឺ កិច្ចប្រជុំ​ប្រកប​ដោយ​អង្គ​៤ ។ ចតុរង្គសន្និបាត​នេះ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​វត្ត​វេឡុវ័ន ក្នុង​ក្រុង​រាជគ្រឹះ​នៃ​មគធ​រដ្ឋ​របស់​ព្រះបាទ​ពិម្ពិសារ ក្រោយ​ពី​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​កន្លង​ហើយ​បាន​៩​ខែ ។

ព្រោះ​អច្ឆរិយហេតុ​កើតឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​បែប​នេះ​ហើយ ទើប​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ឆ្លៀតឱកាស​សម្តែង​ឱវាទ​បាដិមោក្ខ​ដល់​ព្រះសង្ឃ​ចំនួន​១២៥០​អង្គ​នោះ​ដោយ​ទ្រង់​កំណត់​គោលនយោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​ឱកាស​នោះ​ឯង ៕ សាន សារិន