ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពង់ចាម ជំរុញ​ឲ្យមាន​ការចិញ្ចឹមមាន់ និងជ្រូក​កាន់តែច្រើន

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ កសិដ្ឋានចិញ្ចឹមមាន់ និងជ្រូក នៅឃុំស្រក ស្រុកកំពង់សៀម រួមនិងតំបន់ផ្សេងទៀតជាច្រើនកន្លែងនៅខេត្តកំពង់ចាម អាចផលិតបានរាប់លានក្បាល ក្នុងមួយឆ្នាំដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋ​​។ លោក អ៊ុន…

ខេត្តកំពង់ចាម៖ កសិដ្ឋានចិញ្ចឹមមាន់ និងជ្រូក នៅឃុំស្រក ស្រុកកំពង់សៀម រួមនិងតំបន់ផ្សេងទៀតជាច្រើនកន្លែងនៅខេត្តកំពង់ចាម អាចផលិតបានរាប់លានក្បាល ក្នុងមួយឆ្នាំដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋ​​។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត ​បានអញ្ជើញពិនិត្យដោយផ្ទាល់ និងបានណែនាំដល់ម្ចាស់កសិដ្ឋាន ព្រមទាំងមន្ត្រីជំនាញ ធ្វើយ៉ាងណា ឲ្យសកម្មភាពចិញ្ចឹមសត្វទាំងនេះ មានភាពផុលផុស​កាន់តែច្រើនឡើង ក្នុងគោលបំណងកាត់បន្ថយការនាំចូលសត្វ ពីក្រៅស្រុកនាពេលខាងមុខ។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឲ្យដឹង នៅព្រឹកថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២១ ថា​ ដីនៅឃុំស្រក ជាប្រភេទដីថ្ម ដែលមិនអំណោយផលដល់ការដាំដុះដំណាំ​ឲ្យលូតលាស់ល្អដូចនៅកន្លែងផ្សេងនោះទេ។ ​ក្រុមពាណិជ្ជករជាច្រើននាក់ ក៏បាននាំគ្នាបង្កើត​កសិដ្ឋានចិញ្ចឹមមាន់ និងជ្រូក មានជាច្រើនកន្លែង រហូតមកដល់ពេលនេះ ចេះតែបង្កើតឡើងជាបន្តបន្ទាប់។

លោក ម៉េង ហ៊ាង ​បន្តថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី២៣ មករា ២០២១ ដោយឃើញមាន់ និងជ្រូក ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ក្នុងឃុំស្រក មានការលូតលាស់ល្អ និងប្រកបដោយអនាម័យ គឺការចិញ្ចឹមតាមលក្ខណៈបច្ចេកទេស​ត្រឹមត្រូវ ដោយមិនយូរនោះទេ សត្វទាំងពីរប្រភេទ ដែលបានចុះកិច្ចសន្យាជាមួយនឹង​ក្រុមហ៊ុន CP នឹងត្រូវចាប់លក់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា។ នៅតំបន់នេះ ត្រូវបានក្រុមពាណិជ្ជករ ​ចាប់អារម្មណ៍ និងបាននាំគ្នា មកទិញដីពីប្រជាពលរដ្ឋ ដើម្បីសាងសង់រោង សម្រាប់ចិញ្ចឹមមាន់ និងជ្រូក ដែលបានដំណើរការ ចាប់តាំង​ពីឆ្នាំ២០១៧ រហូតមកដល់សព្វថ្ងៃ។ គ្រាន់តែរោងចិញ្ចឹមជ្រូក ដែលបាន​ចុះកិច្ចព្រម​ព្រៀងជាមួយនឹងក្រុមហ៊ុនCP មានចំនួន ៨០ដំបូល និងរោងចិញ្ចឹមមាន់មាន ៣២ដំបូល។ ជាមួយនោះ ជ្រូកអាចនឹងហុចផលបានប្រមាណ ១៥ម៉ឺនក្បាល បើរាប់បញ្ចូលជាមួយនិឹការព្រមព្រៀង និងក្រុមហ៊ុនផ្សេងទៀត ក្នុងមួយឆ្នាំ ជ្រូកអាចផលិតបាន រហូតដល់ជិត ១លានក្បាល។ ចំណែកមាន់វិញ ប្រហែល ៤លានក្បាល។ បើនិយាយពីការផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម គឺនៅសល់សម្រាប់នាំចេញទៅលក់នៅក្រៅខេត្តផងដែរ។

លោក នង ម៉េងហ៊ាង ​បញ្ជាក់ថា សម្រាប់នៅក្នុងខេត្តកំពង់ចាម ទីតាំង ដែលមានចិញ្ចឹមមាន់ និងជ្រូក រួមមាន​ ស្រុកបាធាយ ជើងព្រៃ ព្រៃឈរ ចំការលើស្ទឹងត្រង់ និងស្រុកកំពង់សៀម គឺមានលទ្ធភាពផ្គត់ផ្គង់ សម្រាប់តម្រូវការប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ដោយសល់សម្រាប់នាំចេញទៅលក់នៅក្រៅខេត្តផ្សេងទៀត។

លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯ​អភិបាលខេត្ត ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយធ្វើយ៉ាងណា ទាក់ទាញក្រុមពាណិជ្ជករ ឬអ្នកវិនិយោគទុនបរទេស ដើម្បីពង្រីកវិស័យចិញ្ចឹមមាន់ និងជ្រូក នៅក្នុងខេត្តកំពង់ចាម ឲ្យកាន់តែមានចំនួនច្រើនឡើងបន្ថែមទៀត។

លោកបន្តថា បើសិនក្នុងករណីការចិញ្ចឹមសត្វមានលក្ខណៈយ៉ាងផុលផុស រយ:ពេលពីរទៅបីឆ្នាំខាងមុខ កម្ពុជានឹងត្រូវកាត់បន្ថយការនាំចូលពីប្រទេសជិត​ខាងស្ទើរតែទាំងស្រុង។

លោកបន្ថែមថា ដោយឡែក ក៏មានកសិករមួយចំនួន​ ចិញ្ចឹមជាលក្ខណៈគ្រួសារ។ ក្នុងម្នាក់ចិញ្ចឹមមាន់មាន ២០០ ទៅ ៣០០ក្បាល ដោយមានធ្វើរោងចិញ្ចឹម ទៅតាមលក្ខណៈបច្ចេកទេស ដែលជំនាញពេទ្យសត្វ បានណែនាំ ដែលអាចធ្វើឱ្យចៀសផុតពីជំងឺផ្សេងៗ។ តែការចិញ្ចឹមតាមកសិដ្ឋានធំៗ រោងចិញ្ចឹមមាន់មួយ មានប្រមាណ ១៥.០០០ក្បាល ហើយបំពាក់ដោយប្រព័ន្ធ សម្រាប់ជីវៈសុវត្ថិភាពដល់សត្វ ហើយបើសិនយើងចង់ចូលទៅក្នុងរោង គឺត្រូវស្លៀកសំលៀកបំពាក់ ដូចខោអាវពេទ្យ ហើយស្បែកជើង ត្រូវជ្រលក់​ចូលថ្នាំសម្លាប់មេរោគជាមុន ដើម្បីកុំឲ្យមានមេរោគ ចូលទៅក្នុង​បរិវេណរោងចិញ្ចឹមមាន់ និង​ជ្រូក​ទាំងនោះ៕ ដោយ៖ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ