រាជធានីភ្នំពេញ ៖ វេលាព្រឹកថ្ងៃចន្ទ ទី២១ កុម្ភៈ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូយ៉ា ប្រាសាត ស៊ូប៊ែឌី បានជួបពិភាក្សាការងារជាមួយតំណាងសហភាពការងារកម្ពុជាដឹកនាំដោយលោករ៉ុង ឈុន និងនៅពេលរសៀលថ្ងៃដដែលនេះ លោកស៊ូប៊ែឌី នឹងជួបពិភាក្សាការងារជាមួយគណៈកម្មការរដ្ឋសភាកម្ពុជា ។ នេះបើយោងតាមលោកទូច ហួន មន្ត្រីទំនាក់ទំនងរបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃចន្ទនេះ ។
គួរបញ្ជាក់ថា លោកស៊ូយ៉ា ប្រាសាត ស៊ូប៊ែឌី បានមកដល់ប្រទេសកម្ពុជាជាលើកទី៤ កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា ។ បើតាមលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកស៊ូប៊ែឌី ក្រោយពីការជួបសន្ទនាជាមួយសម្តេចតេជោហ៊ុន សែន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស៊ូយ៉ា ប្រាសាត ស៊ូប៊ែឌី ក៏មានកម្មវិធីជួបជាមួយប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកឱម យ៉ិនទៀង ផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវកាលពីសប្តាហ៍មុនបានបញ្ជាក់ឱ្យដឹងថា នៅក្នុងដំណើរបំពេញទស្សនកិច្ចលើកទី៤ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូប៊ែឌី នឹងពិនិត្យមើលអនុសាសន៍របស់លោកអំពីមុខងាររបស់តុលាការ ។ លោកនឹងពិនិត្យមើលផងដែរ អំពីភាពរីកចម្រើនដែលទទួលបានពីការដកបទបរិហាកេរ្តិ៍ចេញពីបទល្មើសព្រហ្មទណ្ឌ និងការបង្កើតយន្តការអចិន្ត្រៃយ៍មួយសម្រាប់កិច្ចសន្ទនារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងការសិក្សាលើអង្គនីតិប្បញ្ញត្តិក្នុងបរិបទលើកស្ទួយសិទ្ធិមនុស្ស ។ ជាមួយគ្នានេះ លោកស៊ូប៊ែឌី នឹងចូលរួមពិភាក្សាផងដែរ លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លើទំនាស់ដីធ្លី និងការបណ្តេញចេញ ។ លោកស៊ូយ៉ា ប្រាសាត ស៊ូប៊ែឌី នឹងចាកចេញពីកម្ពុជានៅថ្ងៃទី២៤ កុម្ភៈ ២០១១ ខាងមុខនេះ៕
ចែករំលែកព័តមាននេះ