ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្ត​សវនាការ​សំណុំរឿង​​រួមគំនិត​ក្បត់​ ចុង​ក្រោយ​ប្រកាស​ពន្យារ​ពេល​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយថា តុលាការ​បាន​ប្រកាស​ពន្យា​រពេល​​សវនាការ​ទៅ​​ថ្ងៃ​ទី​៤ កុម្ភៈ ២០២១ ខាង​មុខ​ទៀត ។ សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​ចុង​ក្រោយថា តុលាការ​បាន​ប្រកាស​ពន្យា​រពេល​​សវនាការ​ទៅ​​ថ្ងៃ​ទី​៤ កុម្ភៈ ២០២១ ខាង​មុខ​ទៀត ។

សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ បាន​បន្ត​លើកយក​សំណុំរឿង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២១​នាក់ មក​បើក​សវ​នាការ​ជំនុំជម្រះ​ទោស ពាក់ព័ន្ធ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ តាម​មាត្រា​៤៥៣ មាត្រា​៤៩៤ មាត្រា​៥៩៥ និង​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ។

សវនាការ​នេះ ដឹកនាំ​ដោយ​លោក រស់ ពិសិដ្ឋ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជាប្រ​ធា​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កើត សាំង និង​លោក អុ​ឹ​ម វណ្ណៈ ចៅក្រម​អម ក្នុង​នោះ​មាន​មេធាវី​ការពារ​ដើមបណ្តឹង​រដ្ឋប្បវេណី និង​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ ។ សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ​ចំនួន​១៣ នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស និង​កំបាំង​មុខ​ចំពោះ​ជន​ត្រូវ​ចោទ​៨​នាក់ ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ ។

សវនាការ​ជា​សាធារណៈ​បាន​ប្រព្រឹត្ត​ធ្វើ​ពេញមួយ​ថ្ងៃ ក្រោម​ការ​ចូលរួម​តាមដាន​ស្តាប់​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​តំណាង​អង្គទូត​មួយ​ចំនួន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អ្នក​សារព័ត៌មាន​ជាតិ និង​ស្ថាប័ន​អង្គ​ម​ស៊ី​វិល​ផង​ដែរ ។ ចំណែ​ក​នៅ​ក្រៅ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ សង្កេត​ឃើញ​មាន​កងកម្លាំង​សមត្ត​កិច្ច​ដាក់​ពង្រាយ​តាម​ដងផ្លូវ​នានា និង​មាន​នគរបាល​ចរាចរណ៍​ឈ​ជើង​លើ​ដង​វិ​ថី​ជួយ​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ទៀត​ផង ។

ទោះជា​យ៉ាងណា​ក្តី គេ​ឃើញ​មាន​ក្រុម​ស្ដ្រី​ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​(​តវ៉ា​ថ្ងៃ​សុក្រ​)​ចំនួន​១៣​នាក់ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅមុខ​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក តាម​ផ្លូវ​លេខ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​នូវ​ការ​ចោទប្រកាន់ និង​ធ្វើការ​ដោះ​លែង​សាច់ញាតិ​របស់​ពួក​គេ ។
ប៉ុន្តែ​ដោយសារ​ការ​ខ្លាច​មាន​ភាព​រញ៉េរញ៉ៃ បង្ក​ការ​លំបាក​ដល់​អង្គ​សវនាការ និង​ជា​ការ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បម្រាម​របស់​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩​ផង​នោះ សមត្ថកិច្ច​របស់​អាជ្ញាធរ​ខណ្ឌ​៧​មក​រា បាន​ដេញ​ក្រុម​អ្នកគាំទ្រ​ទាំងនោះ​ឲ្យ​ទៅ​ឆ្ងាយ​ទៅ​ក្បែរ​របង​វិទ្យាល័យ​បាក់​ទូក​វិញ ហើយ​ទើប​មួយសន្ទុះ​ក្រោយមក ពួក​គាត់​ក៏​បាន​នាំ​គ្នា​រំសាយ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់​ទៅ ។

បើ​ទោះបីជា​មានការ​រារាំង​ពី​សំណាក់​សមត្ថកិច្ច​យ៉ាងនេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​សកម្ម​ភាព​ទាំងនោះ​មិន​មាន​បង្ក​ផល​លំបាក​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សា​ធារណៈ​សង្គម​នោះ​ទេ ។​​