រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០ បានសម្រេចផ្តល់លិខិតសរសើរ ជូនចំពោះបុគ្គលឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។
បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើសម្រាប់សកម្មភាពនានា ទាក់ទងនឹងប្រទេសជប៉ុន រួមមាន ៖ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងកម្ពុជា។ និងលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនៃស្នងការដ្ឋាននរគបាល ខេត្តឧត្តរមានជ័យ លោកបានចូលរួមចំណែកគាំទ្រជនជាតិជប៉ុន ដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។
រីឯពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុនជូនចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ដោយមានវត្តមានលោក ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកការប្រគល់លិខិតសរសើរជូនឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ត្រូវបានធ្វើឡើង នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១។ នៅថ្ងៃដដែលនេះផងដែរ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការស្វាគមន៍ដូចនេះថា ៖ «ខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នា ចំពោះការចូលរួមក្នុងកម្មវិធីប្រគល់ជូនលិខិតសរសើរ ដល់រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ នារាត្រីនេះ។ ជាបឋមខ្ញុំសូមសម្តែងការអបអរសាទរ អស់ពីដួងចិត្តចំពោះលោកបណ្ឌិត ម៉ី កល្យាណដែលទទួលបានការសរសើរ នៃលិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសសម្រាប់ឆ្នាំ ២០២០ (Awarded the Foreign Minister’s Commendation for 2020) ឆ្នាំទី ២ នៃ REIWA ។ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ បានកើតនៅខេត្តពោធិ៍សាត់។ នៅក្នុងឆ្នាំ ១៩៧៤ លោកបានមកប្រទេសជប៉ុន ក្នុងនាមជានិស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ហើយបានចាប់ផ្តើមសិក្សានៅសាកលវិទ្យាល័យ KOBE ដែលជាសាកលវិទ្យាល័យជាតិដ៏ល្បីមួយនៅប្រទេសជប៉ុន។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថា៖ «ប៉ុន្តែមួយឆ្នាំក្រោយមក បន្ទាប់ពីបានមកដល់ប្រទេសជប៉ុន ខ្មែរក្រហមបានឡើងកាន់អំណាចនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យគាត់មិនអាចវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញបានទេ រីឯព័ត៌មានអំពីក្រុមគ្រួសាររបស់គាត់ក៏គាត់មិនបានទទួលដែរ។ គាត់គ្មានជំរើសក្រៅពីស្នាក់នៅបន្តក្នុងប្រទេសជប៉ុនឡើយ ហើយគាត់បានសិក្សាបណ្តើរ និងខិតខំធ្វើការបណ្តើរ នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មដ៏ល្បីល្បាញមួយគឺ “Kanematsu Gosho” រហូតដល់ឆ្នាំ ១៩៨៨។ នៅឆ្នាំនេះដដែល គាត់បានក្លាយជាអ្នកសេដ្ឋកិច្ចម្នាក់ ជាមួយអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ។ បន្ទាប់ពីចូលរួមក្នុងការគាំទ្រផ្នែកកសិកម្ម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ លោកបណ្ឌិត កល្យាណ ទីបំផុតក៏បានវិលត្រឡប់ មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ ១៩៩៣ គឺជាឆ្នាំដំបូង បន្ទាប់ពីការរស់នៅក្រៅប្រទេស អស់រយៈពេល ១៩ឆ្នាំ»។
លោកបន្តថា ចាប់តាំងពីឆ្នាំ ២០០៨ មក គាត់បានរស់នៅក្នុងប្រទេសកម្ពុជា ហើយបានកាន់មុខតំណែងសំខាន់ៗដូចជាទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិជាន់ខ្ពស់ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលតាមរយៈការងារទាំងនេះ គាត់បានចូលរួមចំណែកគាំទ្រឱ្យមានការបង្កើត គោលនយោបាយសេដ្ឋកិច្ច និងកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត កល្យាណ ជឿជាក់ថាបើគ្មានការពង្រឹងតំបន់ជនបទទេ ប្រទេសកម្ពុជាមិនអាចទទួលបានកំណើនពិតប្រាកដនោះទេ។
ក្នុងគ្រានោះផងដែរ លោកបណ្ឌិត កល្យាណ ដែលក្នុងនាមជាអតីតនិស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន លោកបានបន្តផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសជប៉ុនដល់ប្រជាជនកម្ពុជាយ៉ាងច្រើន និងបានបង្កើនមិត្តភាព ដោយលោកដើរតួជាស្ពានតភ្ជាប់មិត្តភាព រវាងជប៉ុននិងកម្ពុជា។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា ៖ «ខ្ញុំពិតជាមានការឈឺចាប់ នៅពេលដែលបានដឹង ថាលោកវេជ្ជបណ្ឌិត ម៉ី កល្យាណ បានបាត់បង់សមាជិកគ្រួសារ ភាគច្រើនរបស់គាត់ ក្នុងរបបខ្មែរក្រហម។ វាហួសពីការស្រមើស្រមៃរបស់ខ្ញុំ។ ប៉ុន្តែវាគឺជាការលួងលោមមួយដែលគាត់បានរកឃើញមិត្តភក្តិជាច្រើន នៅក្នុងប្រទេសជប៉ុន និងកម្ពុជា ហើយបានក្លាយជាសមាជិកដ៏សំខាន់នៃគ្រួសារជប៉ុន នៅក្នុងប្រទេសកម្ពុជា»។
លិខិតកោតសរសើររបស់រដ្ឋមន្ត្រីការបរទេសត្រូវបានផ្តល់ជូន ក្នុងការទទួលស្គាល់ពីការចូលរួមចំណែកដ៏ធំធេង របស់លោក ចំពោះមិត្តភាពទ្វេភាគីរបស់យើង អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ ក្នុងឱកាសអនុស្សាវរីយ៍នេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកដ៏ធំធេងរបស់លោក ចំពោះទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជា។ ហើយខ្ញុំសង្ឃឹមថា គាត់នឹងមានសុខភាពល្អ ហើយនឹងបន្តប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍របស់គាត់ សម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ