ដូចដែលលោកអ្នកបានជ្រាបខ្លះរួចមកហើយពីមូលហេតុដែលនាំឱ្យកើតរើមនៅលើប្រដាប់បន្តពូជ(លិង្គ) បុរសបង្កឡើងដោយវីរុសដោយសារតែកង្វះអនាម័យខោក្នុង (ខោទ្រនាប់) ឬស្លៀកខោច្រើនជាន់ដែល បណ្តាលឱ្យស្អុះស្អាប់ទៅជាជូរផ្អូមជាហេតុបង្កជាមេរោគ។ សម្រាប់លេខនេះ លោកអ្នកបានយល់ពីរបៀបការពារកុំឱ្យកើតមានរើមនៅលើប្រដាប់ភេទវិញម្តង ជួបជាមួយលោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត ថុង សុខហ៊ាន ឯកទេសវះកាត់ទូទៅ និងប្រព័ន្ធមូត្រសាស្ដ្រ នៃមន្ទីរពេទ្យព្រះកុសុមៈ បានប្រាប់ឱ្យដឹងអំពីវិធីការពារកុំឱ្យកើតមានជំងឺនេះដូចតទៅ៖
– ត្រូវមានអនាម័យចំពោះប្រដាប់បន្តពូជឱ្យបានស្អាតល្អ ។
– មិនត្រូវរួមភេទដោយមិនពាក់ស្រោមអនាម័យឡើយ បើលោកអ្នកមានដៃគូច្រើន ហើយវិធីប្រសើរជាងនេះ គឺមានដៃគូមួយទល់នឹងមួយ ។
– កុំស្លៀកខោច្រើនជាន់នាំឱ្យស្អុះស្អាប់ជាឱកាសនៃមេរោគជ្រៀតចូល ។
– ផ្លាស់ប្តូរខោទ្រនាប់យា៉ងតិចមួយថ្ងៃម្តងពិសេសនៅពេលបោកគក់ គួរតែហាលឱ្យចំពន្លឺថ្លៃដើម្បីសម្លាប់មេរោគ។
ជាការពិតណាស់ ការព្យាបាលជំងឺរើមនៅលើប្រដាប់ភេទបុរសនេះ មិនអាចធ្វើការព្យាបាលទៅតាមគំនិតខ្លួនឯងនោះទេ គឺត្រូវតែអនុវត្តទៅតាមជំនាញយា៉ងត្រឹមត្រូវ ពោលគឺមកពិនិត្យ និងធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ជាមួយនឹងគ្រូពេទ្យឯកទេសចៀសវាងបង្កទៅជាបញ្ហាធ្ងន់ធ្ងរ ដែលពិបាកនឹងរកដំណោះស្រាយ ។
ដូច្នេះបើមានការសង្ស័យមានអាការរមាស់ ឬមានពងបែកនៅលើប្រដាប់ភេទ សាមីខ្លួនគប្បីប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យក្រែងជារោគរើម និងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទើបជាការប្រសើរ ៕
ចែករំលែកព័តមាននេះ