ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទូតអាមេរិក ជួបអភិបាលខេត្ត​បាត់ដំបង លើកឡើងពីការបន្ត​កម្មវិធី Peace Corp

3 ឆ្នាំ មុន
  • បាត់ដំបង

បាត់ដំបង៖ លោក ងួន រតនៈ ​អភិបាលខេត្តបាត់ដំបង បានអនុញ្ញាតឲ្យលោក​ W. Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក…

បាត់ដំបង៖ លោក ងួន រតនៈ ​អភិបាលខេត្តបាត់ដំបង បានអនុញ្ញាតឲ្យលោក​ W. Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ជួបសម្ដែង​ការគួរសម​ និងពិភាក្សាការងារ​ កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


កិច្ចប្រជុំរវាង​អភិបាលខេត្តបាត់​ដំបង និង​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេស​កម្ពុជា បានការពិភាក្សាការងារអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋបាលខេត្តបាត់ដំបង និងជាពិសេសរឹតចំណងមិត្តភាពរវាងរដ្ឋបាល​ខេត្តបាត់ដំបង និងសហរដ្ឋអាមេរិក​។


នៅក្នុងឱកាសនោះ លោក ងួន រតនៈ ​បានថ្លែងអំណរគុណដល់អង្គការនានា ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទាំងផ្នែកកសិកម្ម ឬផ្នែកអប់រំ ជាដើម ដែលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យទាំងនេះ។

លោកអភិបាលខេត្ត បានបន្តទៀតថា ខេត្តបាត់ដំបង មិនខុសពីបណ្ដាខេត្តនានា នៅប្រទេសកម្ពុជា ដែលបានជួបនូវវិបត្តិគ្រោះធម្មជាតិនានា មានដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម ហើយចំពោះគ្រោះទឹកជំនន់កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការ​ជាមួយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនានា ក្នុងការជួយសង្រ្គោះ​ប្រជាពលរដ្ឋភ្លាមៗ ឲ្យបានទាន់ពេលវេលា ចៀសវាងប្រជាពលរដ្ឋជួបប្រទះ​នូវហានិភ័យមួយចំនួន អាចប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ ហើយរដ្ឋបាលខេត្ត បាន​ជួយសង្រ្គោះជាបន្តបន្ទាប់ ដោយការចែកជាអំណោយជាស្បៀងសង្រ្គោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ព្រមទាំងពីសំណាក់សប្បុរសជននានា បានចុះចែកជូនប្រជាពលរដ្ឋភ្លាមៗ សម្រាប់ប្រជាពលរដ្ឋ អាច​ដោះស្រាយការហូបចុកបានបណ្ដោះអាសន្នមួយគ្រាដែរ​។ រាជរដ្ឋាភិបាល បានបញ្ចេញវិធានការថ្មីមួយទៀត ក្រោយទឹកជំនន់ស្រកទៅវិញ គឺការស្ដារជីវភាពប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយបានបញ្ចេញ​គ្រាប់ពូជស្រូវ គ្រាប់ពូជដំណាំនានា ដើម្បីឲ្យប្រជាពលរដ្ឋ យកទៅ​ដាំដុះបង្កើនជីវភាពឲ្យបានឆាប់រហ័ស ក្រោយរងផលប៉ះពាល់ ដោយសារទឹកជំនន់កន្លងមកនេះ​។


ពាក់ព័ន្ធទៅនឹងបញ្ហាកូវីដ-១៩ លោក ងួន រតនៈ បានបញ្ជាក់​ថា រដ្ឋបាលខេត្តបាត់ដំបង បាន​រៀបចំ​វិទ្យាល័យ ឬអនុវិទ្យាល័យនានា នៅតាមព្រំដែន តាមការណែនាំរបស់​សម្ដេចតេជោ ហ៊ុនសែន ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករ​ ដែលទើបតែ​ឆ្លងដែនពីប្រទេសថៃ។ ប្រទេសថៃ ដែលកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចាត់វិធានការតឹងរឹង​ចំពោះពលករចំណាកស្រុកពីប្រទេសថៃ ឲ្យ​នៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃ ហើយទន្ទឹមនឹងការអនុវត្តវិធានការ​នេះ រដ្ឋបាលខេត្តបានរៀបចំក្រុមការងារ ក្នុងការអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីបញ្ហាកូវីដ-១៩ ផងដែរ​។

លោកបានបញ្ជាក់​ថា ចំពោះពលករណា ដែលបាន​អនុវត្ត​នូវ​វិធានការចត្តាឡីស័កគ្រប់ចំនួន ១៤ថ្ងៃ តាមការកំណត់​របស់សុខាភិបាលរួចហើយ គាត់​ត្រូវ​ទទួលបាននូវវិញ្ញាបន​បត្រ​មួយ បញ្ជាក់​ ដើម្បីយកទៅបង្ហាញ​ដល់អាជ្ញាធរមានសមត្ថកិច្ច បញ្ជាក់ថា ខ្លួនគ្មានជំងឺកូវីដ-១៩ និងបាន​ធ្វើចត្តាឡីស័ករួចរាល់ហើយ​។

លោក​បានបន្តទៀតថា បញ្ហាកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជីវភាព និងសិស្សានុសិស្ស មិនអាចចូលរៀនបាន។ ជាក់ស្ដែងដូចជាសាលារៀននានា ដែលជាប់ភារកិច្ចធ្វើជាមណ្ឌលចត្តាឡីស័​ក សម្រាប់ពលករមកពីប្រទេសថៃ បានរាំងស្ទះដំណើរការនៃការចូលរៀនរបស់សិស្សានុសិស្ស នៅតាមព្រំដែន មិនអាចដំណើរការបាន​ទេ នៅពេលនេះ​។


ទន្ទឹមនឹងនេះ លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្ដល់ជាជំនួយនានា ក្នុងនោះ មានអង្គការ Peace Corp ដែលជាអង្គការមួយ ជួយដល់វិស័យ​អប់រំ នៅក្នុងខេត្តបាត់ដំបង និង​នៅតាមសាលារៀនផងដែរ​។


លោក​ W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការខិតខំប្រឹងប្រែង​កន្លងមក ហើយសហរដ្ឋអាមេរិក នឹងបន្តជួយសហការ ក្នុងនាមរឹតចំណងមិត្តភាព ជាពិសេសបន្តនូវកម្មវិធីរបស់អង្គការ Peace Corp ជាថ្មីម្ដងទៀត ក្នុងការបញ្ជូន​អ្នកស្ម័គ្រចិត្ត នៅសហរដ្ឋអាមេរិក ចុះជួយផ្នែកវិស័យអប់រំជាថ្មី ហើយក៏ជា​លើកដំបូងម្ដងទៀត សម្រាប់ពិភពលោក ដោយសារប្រទេសកម្ពុជា បាន​ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានល្អជាងគេ ស្របពេល ដែលបណ្ដាប្រទេសដទៃទៀត មិនទាន់អាចបន្តកម្មវិធីរបស់អង្គការ Peace Corp នាពេលនេះ​ ដោយសារនៅបន្តការឆ្លងរីករាលដាលជំងឺ​កូវីដ-១៩​៕ ដោយ៖ ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ