វិធី​ថ្មី​មួយទៀត ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ចង្អៀត​​ស្ទះ​ចរាចរណ៍​តាមផ្លូវ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​ថ្មី​មួយទៀត ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ចង្អៀត​​ស្ទះ​ចរាចរណ៍​តាមផ្លូវ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ស​ប្តា​ហ៍​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​លេខ​ទូរស័ព្ទ​ចំនួន​៣​ខ្សែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍ ប្រសិនបើ​ជួប​ករណី​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​ចត​គ្មាន​សណ្តាប់ធ្នាប់​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ នៅ​ស​ប្តា​ហ៍​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​លេខ​ទូរស័ព្ទ​ចំនួន​៣​ខ្សែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍ ប្រសិនបើ​ជួប​ករណី​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​ចត​គ្មាន​សណ្តាប់ធ្នាប់​ជាដើម ។ នេះ​គឺជា​ការ​ប្រឹងប្រែង​ថ្មី​មួយទៀត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ស្ទះ​នៅ​តាម​ដងផ្លូវ ព្រោះថា កន្លែង​ខ្លះ​មានការ​កកស្ទះ​តែ​មិន​មាន​វត្តមាន​នគរបាល ឬ​កន្លែង​ខ្លះ​ទៀត​មនុស្ស​មិន​គោរព​​ច្បាប់​ចរាចរណ៍ ដូច​ជា​បត់​នៅ​កន្លែង​ហាមបត់ និង​ខ្លះ​ទៀត​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ពិសេស​ទោចក្រយានយន្ត ដោយសារ​តែ​មិន​ចង់ទៅ​បត់​នៅ​ឆ្ងាយ​ជាដើម ។

ក្រោយ​ពី​ការ​ផ្តល់​ព័ត៌មាន និង​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ទាំងនេះ ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​លើក​ឡើង​ថា វិធានការ​ផ្តល់​លេខ​ទូរស័ព្ទ​និង​រាយការណ៍​បន្ទាន់​នេះ អាច​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​បញ្ហា​ចរា​ចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ទាមទារ​ឲ្យមានការ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ទៀត ។

ទោះជា​បែប​ណា ការ​ផ្តល់​លេខ​ទូរស័ព្ទ​នេះ​ក៏​ប្រសើរ​ជាង​ការ​គ្មាន​លេខ​សម្រាប់​ទាក់ទង​ដែរ ។ទូរស័ព្ទ​លេខ ០៧៨ ៨៧៧ ០០៩ និង​លេខ​០១៧ ៨៣១ ៩៤១ គឺជា​លេខ​ទូរស័ព្ទ​ផ្នែក​អន្តរាគមន៍​ចរាចរណ៍ ឯ​ទូរស័ព្ទ​លេខ ០៦៩ ៥១៦ ៩៩៩ គឺជា​លេខ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ដែល​ពលរដ្ឋ​អាច​ទាក់ទង​បាន​ភ្លាម​ៗ ប្រសិនបើ​ជួប​ករណី​កកស្ទះ ឬ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​ចត​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

នេះ​គឺជា​ការ​បញ្ជក់​លើ​ទំព័រហ្វេ​ស​ប៊ុ​ក​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។ ជា​ទូទៅ​មានការ​ពិនិត្យ​ឃើញ​ថា បញ្ហា​ច​រាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ភាព
ប្រសើរ​​ឡើង​នោះ​ទេពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទោះបី​ជា​មានកា​រវិ​វត្ត​ច្រើន​លើ​ផ្នែក​សុវត្ថិភាព​ក៏ដោយ ។

ភាព​ចង្អៀត​ណែន​នៃ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ បើ​តាម​លោក គង់ រតនៈ ប្រធាន​វិទ្យា​ស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​វិទ្យុ​ក្នុងស្រុក​មួយ​ដកស្រង់​សម្តី​ថា កើតឡើង​ដោយសារ​តែ​រាជធានី​ភ្នំពេញ​មាន​កំណើន​យានយន្ត តែ​ទំហំ​ផ្លូវ​មិន​សមាមាត្រ​ជាមួយ​ចំនួន​យានយន្ត ។ មិនតែប៉ុណ្ណោះ ការ​កកស្ទះ​ចរាចរណ៍ កើតឡើង​ដោយសារ​តែ​ការ​ចត​យានយន្ត​ឥត​សណ្តាប់ធ្នាប់ ព្រោះតែ​ក្នុង​ទីក្រុង​ពុំ​មាន​ចំណត​គ្រប់គ្រាន់ ។

លោក​ចង់​ឲ្យ​អាជ្ញាធរ​លើកទឹកចិត្ត​ឲ្យ​មាន​ក្រុមហ៊ុន​ឯកជន​សាងសង់​ចំណត​សាធារណៈ​ឲ្យ​បាន​​ច្រើន ជា​ជាង​ការ​ដោះស្រាយ​លើ​ការ​ចត​តាមដងផ្លូវ​ដោយ​ឥត​សណ្តាប់ធ្នាប់ ក្នុង​រយៈពេល​បន្ទាន់​ៗ ។ ជាមួយ​គ្នា​នេះ លោក​ក៏​ចង់​ឲ្យ​មានការ​បង្កើន​ការ​អប់រំ និង​ការ​អនុ​វត្ត​ច្បាប់​ច​រាចរណ៍​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ឲ្យ​មាន​ស្តង់ដារ​ខ្ពស់ កាត់​បន្ថយ​ភាព​រញ៉េរញ៉ៃ​ផ្នែក​ចរាចរណ៍​ក្នុង​ទីក្រុង ៕