រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងអ្នកនាង ឡោម លក្ខិណា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយជាមួយនឹងគូស្នេហ៍ថ្មីយ៉ាងស្ងៀមស្ងាត់កាលពីពេលថ្មីៗនេះ បន្ទាប់ពីនាងបានរស់នៅជាស្ត្រីមេម៉ាយកូនមួយអស់រយៈពេលប្រមាណមួយឆ្នាំមកហើយ ក្រោយពីស្វាមីរបស់នាងបានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
ពិធីភ្ជាប់ពាក្យរបស់តារាសម្តែងរូបនេះ ត្រូវបានគេដឹងថា បានរៀបចំឡើងតាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែមិនសូវមានព័ត៌មានច្រើនបានផ្សព្វផ្សាយនោះឡើយ ដោយសារពិធីនោះហាក់មិនសូវមានអ្នកសិល្បៈចូលរួមច្រើនឡើយ ពោលគឺភាគច្រើនគឺមានចាស់ទុំ និងសាច់ញាតិទាំងសងខាងដែលបានចូលរួមប៉ុណ្ណោះ។
រូបភាពនៃពិធីភ្ជាប់ពាក្យរបស់អ្នកនាង ឡោម លក្ខិណា ត្រូវបានទម្លាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអនាគតស្វាមីរបស់នាងដែលមានឈ្មោះថា ឆាង វណ្ណា ដែលមានងារជាមន្ត្រីនគរបាលជាតិ មានឋានន្តរសក្តិ សក្តិ៤កន្លះ បម្រើការងារនៅក្រសួងមហាផ្ទៃ។
យ៉ាងណា ដំណឹងពីការភ្ជាប់ពាក្យរបស់អ្នកនាង ឡោម លក្ខិណា នាពេលនេះក៏បានទទួលការសាទរផងដែរ ពីសំណាក់ទស្សនិកជន និងមិត្តភក្តិរបស់នាង ក្នុងពេលដែលនាងបានស្វែងរកបុរសម្នាក់ទៀតដែលយល់ចិត្ត ដែលអាចកាន់ដៃនាងរស់នៅជាគ្រួសារដោយសុភមង្គល។
បើទោះបីជាតារារូបនេះ មិនបានបង្ហាញពីការរៀបចំពិធីភ្ជាប់ពាក្យ និងវេលាជាក់លាក់ពីការរៀបមង្គលការជាសាធារណៈក៏ដោយ ប៉ុន្តែគេរំពឹងថា បុរសទីពីរ ដែលនាងនឹងកាន់ដៃជាគូអនាគតនាពេលនេះ ប្រាកដជាផ្តល់ភាពកក់ក្តៅដល់រូបនាង បន្ទាប់ពីនាងបានរស់នៅជាស្ត្រីមេម៉ាយរងារឯកាអស់រយៈពេលប្រមាណមួយឆ្នាំមកនេះ។
ជាការកត់សម្គាល់ មិនទាន់ទម្លាយពីការភ្ជាប់ពាក្យរបស់ខ្លួនជាសាធារណៈផង ប៉ុន្តែបើក្រឡេកមើលគណនេយ្យហ្វេសប៊ុករបស់ ឡោម លក្ខិណា វិញ តារារូបនេះបែរជាបង្ហោះសារមួយដោយបានសម្តែងការមិនពេញយ៉ាងខ្លាំង ជុំវិញការចុះផ្សាយពីបណ្តាញសារព័ត៌មានមួយចំនួនដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យមកលើរូបនាង។
ឡោម លក្ខិណា បានបង្ហោះសារថា នាងខ្ញុំ ឡោម លក្ខិណា សូមគោរពស្នើសុំដល់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់នាងខ្ញុំក្នុងរយ:២ថ្ងៃកន្លងមកនេះ សូមមេត្តាកែសម្រួលពាក្យពេចន៍មួយចំនួនដែលមើលទៅមិនសមរម្យ ដែលធ្វើអោយប៉ះពាល់ដល់សិទ្ធិ សេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាងខ្ញុំ សូមមេត្តាកែសម្រួលប្រកបដោយវិជ្ជាជីវ: សីលធម៌ និងការគោរពស្រលាញ់ រាប់អានគ្នាក្នុងនាមឈាមជ័រជាខ្មែរតែមួយ ហើយនាងខ្ញុំសូមអគុណដល់ការអាណិត ស្រលាញ់ រាប់អាន ពាក្យជូនពរ ការលើកទឹកចិត្ត ប្រកបដោយសីលធម៌ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់បងប្អូន ដែលមានចំពោះនាងខ្ញុំកន្លងមក។
គួរបញ្ជាក់ថា តារាសម្តែងអ្នកនាង ឡោម លក្ខិណា បានក្លាយខ្លួនស្ត្រីមេម៉ាយកូនមួយ បន្ទាប់ពីស្វាមីរបស់នាងបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានឡើងកាលពីអំឡុងខែមករា ឆ្នាំ២០២០។ ហេតុការណ៍នេះ បានកើតឡើង ខណៈពេលដែលស្វាមីរបស់នាងឈ្មោះប៉ា ចាន់ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជិះរថយន្តម៉ាកព្រូស ពណ៌ស ត្រូវរថយន្តធុនធំបុកឡើងខ្ទេចអស់ខាងមុខ បណ្តាលឲ្យស្វាមីរបស់នាង បានបាត់បងជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលស្ថិតនៅក្នុងបូរីឈូកវ៉ា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីមរណភាពរបស់ស្វាមីនោះមក ឡោម លក្ខិណា បានខិតខំតស៊ូបីបាច់ ថែរក្សា និងចិញ្ចឹមកូនតែម្នាក់ឯង ដោយការបន្តការងារសិល្បៈរបស់នាងដដែល មុនពេលដែលនាងបានរកឃើញគូស្នេហ៍ថ្មី និងបានដឹកដៃគ្នាភ្ជាប់ពាក្យជាផ្លូវការនាពេលនេះ៕
ចែករំលែកព័តមាននេះ