ប្រទេសរុស្ស៊ី ៖ មេដឹកនាំប្រឆាំងរុស្ស៊ីលោកអាឡិចសីណាវ៉ានី បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៧មករានៅក្រុងមូស្គូ ពេលវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់ ជាកន្លែងលោកទទួលការព្យាបាលចាប់តាំងពីច្រើនខែមកហើយ ក្រោយរងការបំពុលមក។
មេដឹកនាំប្រឆាំងរូបនោះមានឈ្មោះក្នុងបញ្ជីបណ្ដាមនុស្សតាមរកចាប់ខ្លួន ចាប់តាំងពីថ្ងៃទី២៩ ធ្នូឆ្នាំ២០២០មក។ ក្រោយការចាប់ខ្លួនលោកណាវ៉ានីត្រូវជាប់ឃុំឃាំង រហូតដល់តុលាការធ្វើការសម្រេចមួយពីរឿងលោក។
លោកណាវ៉ានីជាអ្នករិះគន់ខ្លាំងក្លាបំផុត ចំពោះវិមានក្រឹមឡាំង បានសន្លប់ពេលលោកស្ថិតក្នុងយន្តហោះ ដែលហោះហើររវាងទីក្រុងតូមស្ក៍និងក្រុងមូស្គូកាលពីថ្ងៃទី២០សីហាឆ្នាំ២០២០។
បន្ទាប់មកលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុងប៊ែរឡាំង ជាមួយរោគសញ្ញា ដូចបណ្ដាមនុស្សរងការបំពុល។
កាលពីដើមខែកញ្ញាអធិការបតីអាល្លឺម៉ង់លោកស្រីអេនចឺឡាម័រកែលថ្លែងថា លោកណាវ៉ានីរងការបំពុលដោយសារធាតុពុល NOVITCHOK ជាសារធាតុពុលខ្លាំងមួយមានប្រភពនាសម័យកាលសហភាពសូវៀត។ អាជ្ញាធររុស្ស៊ីបានបដិសេធជាច្រើនលើក ពីការអះអាងនោះ ដោយទាមទារភស្ដុតាងនានាពីអាល្លឺម៉ង់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ