ខេត្តកំពង់ស្ពឺ ៖ ភ្នំជ្រាវ ឬបារាំងដោតទង់មានទឹកធ្លាក់ខួបប្រាំង វស្សាមិនដែលដាច់ទេ ។ នៅទីនោះមានទឹកជ្រោះ៧ជាន់ មានព្រៃព្រឹក្សា លតា វល្លិ ពណ៌បៃតងខ្ចី និងមានសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរ ឈូៗឥតឈប់ ។ ភ្នំជ្រាវស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
បើធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៤ ពីទីរួមខេត្តកំពង់ស្ពឺឆ្ពោះទៅផ្លូវបំបែកទីប្រជុំជនអមលាំង ចម្ងាយប្រមាណ៦០គីឡូម៉ែត្រ រួចហើយបន្តដំណើរទៅទិសពាយ័ព្យប្រមាណ២០គីឡូម៉ែត្រទៀត នឹងទៅដល់ទឹកធ្លាក់ដំណាក់ទី១ ។
ជ្រាវជាទឹកធ្លាក់ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដរបស់អ្នកទេសចរក្នុងតំបន់ដែលភាគច្រើនគេនាំគ្នាទៅកម្សាន្តតែនៅថ្ងៃសៅរ៍ និងអាទិត្យ ឬថ្ងៃបុណ្យប៉ុណ្ណោះ ។ អ្នកទេសចរអាចនាំគ្នាងូតទឹកធ្លាក់នៅដំណាក់ទី១ ដែលមានជម្រាលទឹកហូរសម្រាប់ងូតលេងកម្សាន្ដ ។
ក្រោយងូតទឹកហើយនោះអ្នកទេសចរនាំគ្នាហូបអាហារថ្ងៃត្រង់ក្រោមម្លប់ឈើ ឬក្បែរល្បាក់ទឹកធ្លាក់ដែលលាន់សំឡេងយ៉ាងកងរំពងលាយឡំនឹងសំឡេងស្រែកខ្ញៀវខ្ញារ ពីសត្វបក្សាបក្សីទាំងឡាយ បង្កើតបានទៅជាសំឡេងតូរ្យតន្ត្រីយ៉ាងពីរោះ គួរឱ្យចង់ស្តាប់កម្សាន្តធ្វើឱ្យអារម្មណ៍ដែលហត់នឿយក្នុងការងារហាក់បីដូរជារសាយហូរទៅតាមខ្សែទឹក ។
ទឹកធ្លាក់ជ្រាវហូរពីកំពូលភ្នំឱរ៉ាល់ ដែលអ្នកស្រុកនៅតំបន់នោះហៅថា «បារាំងដោតទង់» ។ ទឹកជ្រោះនេះមាន៧ដំណាក់ ដែលដំណាក់ នីមួយៗ មានជម្រាល និងគន្លាក់ចម្ងាយប្រមាណ៣០ម៉ែត្រ និងល្បាក់ធ្លាក់កម្ពស់ប្រមាណ៣ ម៉ែត្រអំណោយផលក្នុងការងូត និងហែលលេងកម្សាន្ដ ។
ចំពោះដំណាក់ទី ៧វិញ ស្ថិតនៅឆ្ងាយ(ជិតបារាំងដោតទង់) ត្រូវចំណាយពេលឡើងភ្នំរាប់ម៉ោង ជាហេតុធ្វើឱ្យអ្នកទេសចរភាគច្រើនមិនចង់បន្ដដំណើរទៅកាន់ដំណាក់ទី៧ទេ(រាប់ពីក្រោមឡើងលើ)។ បើទោះបីជាមានគេអះអាងថា នៅដំណាក់បន្ទាប់មានទឹកធ្លាក់កម្ពស់រហូតដល់ជាង២០ម៉ែត្រ ស្រស់ស្អាតយ៉ាងណាក៏ដោយ មានមនុស្សតិចតួចណាស់តស៊ូបន្តចូលទីកន្លែង ជ្រៅៗ លាក់ខ្លួនក្នុងធម្មជាតិ។បើនិយាយពីទឹកធ្លាក់ដ៏ថ្លាយង់នេះវិញ គឺមានសីតណ្ហភាពត្រជាក់អាចក្លាស្សេស្រាបៀរបានទៀតផង ដោយមិនចាំបាច់ប្រើទឹកកកឡើយ ។
លោកអនុសេនីយ៍ទោអ៊ុំ រតនា នាយប៉ុស្តិ៍រដ្ឋបាលអមលាំងឱ្យដឹងកាលពីពេល ថ្មីៗនេះថា បច្ចុប្បន្នទឹកធ្លាក់ជ្រាវគ្រប់គ្រងដោយអាជ្ញាធរ និងសហគមន៍ «គោកមន្ទីរ» មានទៅតាមក្រុម នីមួយៗ ដូចជាក្រុមមើលការខុសត្រូវតំបន់កម្សាន្ដទឹកធ្លាក់ មានក្រុមការងារសំអាតបរិស្ថាន ។ ក្រុមការងារតែងតែទៅណែនាំអំពីការវេចខ្ចប់ និងដាក់កាកសំណល់សំរាមឲ្យមានរបៀបរៀបរយដើម្បីបរិស្ថានស្អាត ។
នៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យ អ្នកទេសចរជាតិទៅលេងកម្សាន្ដច្រើនលើសថ្ងៃធម្មតា ។ ថ្វីដ្បិតតែទឹកធ្លាក់ដ៏ត្រជាក់នេះហូរខួបប្រាំងវស្សាយ៉ាងណាក្តី ក៏ក្រុមការងារមិនដែលដើរចោល ឬចាកចេញពីគោលដៅណាមួយឡើយ គឺពង្រាយបណ្ដាក់សមាជិករបស់ខ្លួនស្ទើរគ្រប់ដំណាក់ ដើម្បីរង់ចាំមើលអំពីហេតុការណ៍អាសន្នណាមួយ ពិសេសរដូវនេះជារដូវវស្សាទឹកហូរធ្លាក់គំហុក ។ កាលណាមានអ្នកចាំតាមដានមើលគ្រប់ពេលអាចធ្វើឱ្យអ្នកទៅកម្សាន្តគេចផុតពីគ្រោះថ្នាក់ ផ្សេងៗជាយថាហេតុបាន ។
ទឹកធ្លាក់ជ្រាវមានប្រភពពីលើកំពូលភ្នំឱរ៉ាល់ ឬបារាំងដោតទង់(កន្លែងបិតារបស់ព្រះបាទត្រសក់ផ្អែមតាំងធម៌សមាធិ) ។ មានប្រវត្តិរឿងតំណាលថា កាលដើមឡើយនៅពេលព្រះបាទត្រសក់ផ្អែមបានឡើងសោយរាជ្យ ដោយព្រះអង្គនឹករលឹកទីដែលព្រះអង្គធ្លាប់ដាំត្រសក់ក៏ឱ្យគេសាងព្រះរាជគោកមន្ទីរ (កន្លែងលំហែ) ទុកសម្រាប់់ទៅលំហែនៅពេលព្រះអង្គនឹករលឹកទីប្រសូត និងកន្លែងដែលព្រះអង្គដាំត្រសក់ ។ ជានិច្ចកាលព្រះបាទត្រសក់ផ្អែមតែងតែនាំបរិវារ និងមហេសីទៅលំហែ ងូតទឹកលេងនៅតាមដំណាក់ទឹកធ្លាក់ នីមួយៗ ។
សម័យថ្ងៃមួយព្រះជាយាជ្រុះបាត់ព្រះទម្រង់ (ចិញ្ចៀន)ទៅក្នុងទឹកធ្លាក់នោះ ។ ដោយបានដឹងថា ព្រះជាយារបស់ព្រះមហាក្សត្រជ្រុះបាត់ព្រះទម្រង់ ក្រុមសេនា អាមាត្យ នាំគ្នាចុះទឹករាវ និងជ្រាវរកព្រះទម្រង់នោះ ។ បើទោះជានាំគ្នារាវរកយ៉ាងណាក្តីនៅតែមិនប្រទះឃើញសោះ ធ្វើឱ្យ ម្នាក់ៗទាល់តម្រិះនិយាយអ្វីលែងកើតក៏នាំគ្នាសម្រាក ។ កាលបើក្រុមសេនា អាមាត្យរកព្រះទម្រង់មិនឃើញនោះ ព្រះបាទត្រសក់ផ្អែមក៏ត្រាស់ថា មិនបាច់រកទៀតទេ ហើយសន្មតនៅទីនោះថា «ជាបឹងជ្រាវ ឬទឹកធ្លាក់ជ្រាវ» ។ ដោយមានប្រវត្តិ និងការហៅ តៗគ្នាតាំងពីដើមរៀងមក ទើបអ្នកស្រុកនៅតំបន់នោះនាំគ្នាហៅថា «ភ្នំជ្រាវ ឬទឹកធ្លាក់ជ្រាវ » រហូតដល់បច្ចុប្បន្ន ។ អ្នកទៅកម្សាន្តដែលមិនបានវេចខ្ចប់ម្ហូបអាហារទៅជាមួយសម្រាប់បរិភោគក៏មានអ្នករស់នៅតំបន់នោះនាំគ្នាលក់ដូរម្ហូបអាហារជាច្រើនបែប ច្រើនមុខ មានដូចជាមាន់ដុត ត្រីដុតអំបិល និងបាយម្ហូប ផ្សេងៗ ក្នុងតម្លៃសមរម្យ៕
ចែករំលែកព័តមាននេះ