ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្លាប​ជិត​ផុត​ពូជ នៅ​តំបន់​ត៉ា​ម​សារ ព្រែក​ទាល់ រង​ការ​រំខាន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សត្វ​ស្លាប​នៅ​ក្នុង​តំបន់​អភិរក្ស​រ៉ា​ម​សារ​ព្រែក​ទាល់ ទន្លេសាប ក្នុង​ខេត្តបាត់ដំបង កាលពី​ឆ្នាំ​២០២០​កើនឡើង ដូច​ជា ក្អែក​តូច ក្អែក​ទឹកធំ ស្មោញ…

ខេត្តបាត់ដំបង ៖ សត្វ​ស្លាប​នៅ​ក្នុង​តំបន់​អភិរក្ស​រ៉ា​ម​សារ​ព្រែក​ទាល់ ទន្លេសាប ក្នុង​ខេត្តបាត់ដំបង កាលពី​ឆ្នាំ​២០២០​កើនឡើង ដូច​ជា ក្អែក​តូច ក្អែក​ទឹកធំ ស្មោញ ចង្កៀល​ខ្យ​ង់ រនៀល​ពណ៌ ទុង​ប្រផេះ និង​ត្រដក់​ធំ ។ ទាំងនេះ​ជា​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ និង​ជិត​ផុត​ពូជ បាន​តាំង​សម្បុក​នៅ​តំបន់​អភិរក្ស និង​បាន​ពង​កូន ។

លោក​កត់ បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដាក់​ប្រចាំការ​នៅ​តាម​រាន នីមួយ​ៗ រហូត​ដល់​ទៅ​៨​រាន និង​មាន​ក្រុម​ល្បាត​ជុំវិញ​បន្ទាយ​សត្វ​ចំនួន​២​ក្រុម បន្ថែម​សរុប​ចំនួន​១០​ក្រុម ។ នៅ​រដូវ​កាល​ឆ្នាំ​២០២០​ស្ថានភាព​សត្វ​ស្លាប​ទឹក​កើនឡើង​ចាប់ពី​៣០% រហូត​ដល់​៥០% បើ​ប្រៀបធៀប​ទៅ​នឹង​ទិន្នន័យ​ឆ្នាំ​២០១៩ ។

ដោយសារ​ស្ថានភាព​ទឹក​នៅ​បឹង​ទន្លេសាប​មានការ​កើនឡើង​ក្នុង​កម្រិត​ទាប​ល្មម​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សត្វ​មួយ​ចំនួន​ធំ​ងាយស្រួល​បន្ត​ពូជ​ពង​កូន និង​មិន​មានការ​រំខាន​ដោយ​សំឡេង និង​មាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​ពី​មនុស្ស​ទៅ​រំខាន​ពួក​វា ។

«​ព្រែក​ទាល់​» ​ជា​ដែន​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​ទាក់ទាញ​បំផុត​របស់​កម្ពុជា «​ព្រែក​ទាល់​» ជា​តំបន់ជីវៈ​ចម្រុះ​មួយ​ក្នុង​ចំណោម​បី​របស់​បឹង​ទន្លេសាប ដែល​ទីនោះ​ស្ថិត​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយ​ត្រូវធ្វើ​ដំណើរ​តាម​កាណូត​ចេញពី​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង ត្រូវ​ចំណាយពេល​ប្រមាណ​៤ ឬ​៥​ម៉ោង ក្នុង​ចម្ងាយ​ផ្លូវទឹក​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​តាម​ផ្ទៃ​ទឹក ដូច​ជា​វត្ត​ឈើខ្មៅ​ជាដើម ហើយ​មាន​ព្រំប្រទល់​ក្នុង​បឹង​ទន្លេសាប​ជាមួយ​ខេត្តសៀមរាប និង​ពោធិ៍សាត់​ផង​ដែរ ។ បើ​ទៅ​ដល់​ព្រែក​ទាល់​ហើយ ចង់ទៅ​សៀមរាប​ជា​ការ​ងាយ​បំផុត ដោយ​ត្រូវ​ប្រើ​ពេល​ជិត​២​ម៉ោង អាច​ទៅ​ឡើង​នៅ​ចំណុច​ភ្នំ​ក្រោម​ក្នុង​ខេត្តសៀមរាប​បាន ។

តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បញ្ជាក់​ថា ជាមួយនឹង​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​គួរ​ឲ្យ​ទាក់ទាញ ព្រែក​ទាល់​បាន​ក្លាយទៅជា​តំបន់​មួយ​ដែល​ទទួល​បាន​ភ្ងៀ​វ​ទេសចរ​ជា​ច្រើន​រៀង​រាល់​ឆ្នាំ ។ ទីនោះ​ជា​កន្លែង​មួយ​ដែល​ប្រមូលផ្ដុំ​សត្វ​ស្លាប​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​មក​រស់នៅ​ច្រើន​យ៉ាងច្រើន​សម្បើម និង​បង្កើត​ជា​សំបុក​រស់នៅ​យ៉ាង​គួរ​ឲ្យ​ចង់​ទស្សនា ដែល​មាន​ច្រើន​នៅ​ក្នុង​ចន្លោះ​ខែធ្នូ ដល់​ខែកុម្ភៈ ។ ភ្ញៀវ​ទេសចរ​នឹង​បានឃើញ​ការ​ប្រមូលផ្ដុំ​ដ៏​អស្ចារ្យ​របស់​សត្វ​បក្សី​នានា ។ នៅ​ពេល​ដែល​ទឹកនាច​តំបន់​ផ្សេង​ចាប់ផ្ដើម​ស្រក សត្វ​បក្សី​មក​ពី​គ្រប់​ទិស​ទី​បាន​មក​ជួបជុំ​គ្នា​នៅ​ទីនោះ ហើយ​បក្សី​ទាំងនោះ​នៅ​តែ​បន្ត​រស់នៅ​ក្នុង​តំបន់​រហូត​ដល់​ចុងខែ​កុម្ភៈ ប៉ុន្តែ​ទឹក​មិនសូវ​ជា​ច្រើន​ដូច​ពេល​មុន​ប៉ុន្មាន​ទេ ។ លោក​អ្នក​ក៏​អាច​ឃើញ​មាន​សត្វ​ទាំងនោះ​ផង​ដែរ នៅ​ក្នុង​អំឡុង​ខែកញ្ញា ប៉ុន្តែ​វា​មិនសូវ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​ដូច​ខែ​ទឹក​ស្រក​នោះ​ទេ ។

អ្នកជំនាញ​បញ្ជាក់​ថា ពេលវេលា​ដែល​ល្អ​បំផុត សម្រាប់​ការ​ទស្សនា​សត្វ​នៅ​ទីនោះ គឺ​ពេល​ព្រឹក​ព្រលឹម និង​ពេល​រសៀល ដូច្នេះ​បើ​អស់លោក​អ្នក​ចង់​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​សត្វ​ស្លាប​ទាំងនេះ អ្នក​ត្រូវ​តែ​ចំណាយពេល​មួយ​យប់​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​តំបន់​ព្រែក​ទាល់ ដែល​លោក​អ្នក​អាច​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ការិយាល័យ​បរិស្ថាន​ព្រែក​ទាល់​បាន ជាមួយនឹង​ការ​រៀប​ចំការ​ស្នាក់​នៅ​បែប សាមញ្ញ​ៗ ដែល​អាច​ទទួលយក​បាន ។

សម្រាប់​ការ​ទស្សនា​នៅ​ទីនោះ​អ្នក​អាច​នឹង​ចំណាយពេល​ច្រើន​បន្តិច ព្រោះ​អ្នក​ត្រូវធ្វើ​ដំណើរ​តាម​ទូក​លើ​ផ្លូវទឹក មិន​បាន​លឿន​ដូច​ផ្លូវគោក​បាន​ឡើយ ហើយ​វា​ក៏​ត្រូវការ​ចំណាយ ផ្សេង​ៗ​ជា​ច្រើន​ទៀត ព្រោះ​មុន​នឹង​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ចុង​ឃ្នាស ឬ​កំពង់​ផែ​មេ​ជ្រៃ (​អាស្រ័យ​ទៅ​លើ​កម្ពស់​ទឹក​) ហើយ​លោក​អ្នក​ត្រូវ​ជិះទូក កាណូត​ទៅ​កាន់​ព្រែក​ទាល់​ដោយ​សម្រាប់​​ទូក​មួយ (​អាច​ជិះ​បាន​ពី​៣​ទៅ​៤​នាក់​) ពេល​ទៅ​ដល់ទី​នោះ​លោក​អ្នក​ត្រូវ​រក​ទូក​តូច​មួយ​ទៀត សម្រាប់​ចល័ត​មើល​ការ​ទស្សនា​ព្រៃ និង​សត្វ​ស្លាប​ដោយ​ផ្ទាល់​(​រយៈពេល​ប្រហែល​មួយ​ម៉ោង​) ។

សម្រាប់​ការ​មក​ស្វែង​យល់​ចូលរួម របស់​លោក​អ្នក​នៅ​តំបន់​ទេសចរណ៍​ព្រែក​ទាល់ គឺ​មាន​ន័យ​ថា លោក​អ្នក​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​លើ​វិស័យ​អប់រំ និង​អភិរក្ស​ស្រឡាញ់​ទីនោះ​សប្បាយ​ជាមួយ​សត្វ​បក្សី​នៅ​តំបន់​នោះ​យ៉ាង​ប្លែក​ភ្នែក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ