អនិច្ចា​! ប្អូនប្រុស​បាត់បង់​ជីវិត បងស្រី​សង្គ្រោះ​បន្ទាន់ ក្រោយ​ពី​ចាប់​គីង្គក់​ដុត​ហូប – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អនិច្ចា​! ប្អូនប្រុស​បាត់បង់​ជីវិត បងស្រី​សង្គ្រោះ​បន្ទាន់ ក្រោយ​ពី​ចាប់​គីង្គក់​ដុត​ហូប

1 ខែ មុន
  • Phnom Penh

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​​ពេល​អាណាព្យាបាល​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​បងស្រី​ម្នាក់​ទៀត​កំពុង​តែ​សង្គ្រោះ​បន្ទាន់ ដោយហេតុ​ការណ៍​ពុល​សត្វ​គីង្គក់ នេះ​បើ​តាម​សេចក្តីរាយការណ៍​បឋម កាលពី​វេលា​ម៉ោង​១១​និង​១៦​នាទី​ព្រឹក ថ្ងៃ​ទី​១៦…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត ខណៈ​​ពេល​អាណាព្យាបាល​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​បងស្រី​ម្នាក់​ទៀត​កំពុង​តែ​សង្គ្រោះ​បន្ទាន់ ដោយហេតុ​ការណ៍​ពុល​សត្វ​គីង្គក់ នេះ​បើ​តាម​សេចក្តីរាយការណ៍​បឋម កាលពី​វេលា​ម៉ោង​១១​និង​១៦​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​ដែល​បាត់​បង់ជីវិត​ខាងលើ​នេះ ឈ្មោះ លឹ​ម ពិសិដ្ឋ (​ហៅ​ចិន​) អាយុ​៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ លឹ​ម យឿ​ន អាយុ​៤០​ឆ្នាំ និង​ម្តាយ​ឈ្មោះ សេង ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ចំណែក​បងស្រី​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ វិ​ន មក​រា អាយុ​៧​ឆ្នាំ​។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ គេ​បានឃើញ​ក្មេង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដោយ​ម្នាក់​ឈ្មោះ វិ​ន មក​រា ភេទ​ស្រី អាយុ​៧​ឆ្នាំ (​ជា​បង​) និង​ម្នាក់​ទៀត​ឈ្មោះ វិ​ន ណូ ភេទ​ប្រុស អាយុ​៥​ឆ្នាំ (​ជា​ប្អូន​) បាន​នាំ​គ្នា​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ដុត​ហូប លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​បងប្អូន​ទាំង​២​នាក់​កើតរោគ​សញ្ញា ចុក​ចង្អោរ​បែកពពុះមាត់ (​ពុល​) តែ​ម្តង។

ប្រភព​ដដែល​បន្ត​ថា ដោយ​ឃើញ​ដូច្នោះ ក្រុម​គ្រួសារ និង​អាណាព្យាបាល​បាន​ដឹក​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​គិរី​រង់ ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល​ក្មេង​ប្រុស​ឈ្មោះ វិ​ន ណូ បាន​បាត់បង់​ជីវិត​មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​ឈ្មោះ វិ​ន មក​រា ជា​បងស្រី​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។

បន្ទាប់​ពី​មាន​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ភ្លាម​ៗ និង​បាន​ពិនិត្យ​មើល​សាកសព​ក្មេង​ប្រុស​រង​គ្រោះ​តាម​ជំនាញ ដោយ​មានការ​ចូលរួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​គ្រួសារ​សព ហើយ​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​ថា សាកសព​ក្មេង​ប្រុស​ខាងលើ​នេះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​តែ​ពុល​គីង្គក់​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​ពិនិត្យ​រួច ទើប​ប្រគល់​សព​ក្មេង​ប្រុស​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕