នាយ កុយ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ មុនគេ​នៅ​កម្ពុជា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នាយ កុយ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ មុនគេ​នៅ​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជួង ជី ហៅ​នាយ កុយ រំភើបចិត្ត​ស្ទើរ​ហោះ ក្រោយ​ឃើញ​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជួង ជី ហៅ​នាយ កុយ រំភើបចិត្ត​ស្ទើរ​ហោះ ក្រោយ​ឃើញ​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ចូល​ទៅ​ខ​មិន​ក្នុង​ការ​ផ្សាយ​ផ្ទាល់ កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ កាល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ថា​«​លោក​កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ ក្នុង​ចំណោម​អ្នក​ទទួល​មុន ។ ទទួល​បាន​វ៉ាក់សាំង​នឹង​មាន​ហាងឆេង​ខ្ពស់​» ។

ក្រោយ​ពី​បានឃើញ​សារ​សម្តេច​តេ​ជោ បែប​នេះ នាយ កុយ ក៏​បាន​បង្ហោះ​សារ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ២០២១​នេះ ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា «​ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​មួយ​លាន​ដូ​ស ហើយ​លោក​មាន​ប្រសាសន៍​ថា លោ កុយ គួរ ទទួល​វ៉ាក់សាំង​មុនគេ ក្នុង​ចំណោម​អ្នក​ទទួល​មុន ។ ទទួល​វ៉ាក់សាំង​បាន និង​មាន​ហាងឆេង​ខ្ពស់ ខ្ញុំបាទ សូម​ថ្លែង​អំណរ​អរគុណ ចំពោះ​សម្ដេច ដែល​លោក បាន​ផ្ដល់​កិត្តិយស ឲ្យ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​មុនគេ ខ្ញុំបាទ​សូម​ជូនពរ​សម្ដេច​ទាំង​ទ្វេ ព្រមទាំង​កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី ឲ្យ​ជួប​តែ​សេ​ច្តី​សុខ កុំ​ឲ្យ​មាន​ជម្ងឺរ​បៀតបៀន ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​បាន​រុងរឿង​បន្ត​ទៀត អរគុណ​សន្តិភាព​» ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​១៥ ខែមករា​នេះ​ថា ប្រទេស​ចិន បាន​សម្រេច​ផ្តល់​ឲ្យ​កម្ពុជា​នូវ​វ៉ាក់សាំង​កូ​វី​ដ​១៩ ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ឲ្យ​ប្រជាជន​កម្ពុជា ដោយ​ឥត​គិតថ្លៃ ចំនួន ៥០​ម៉ឺន​នាក់ ។ អ្នក ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន​មុនគេ គឺ​អ្នក​នៅ​ជុំវិញ​សម្តេច​ផ្ទាល់ ជុំវិញ​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា ជាដើម ។

បន្ទាប់​មក សម្តេច​ថា ខ្សែត្រៀម​ជួរ​មុខ គឺ​ក្រុម​គ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រី​យុត្តិធម៌ អ្នក​បោសសម្អាត គ្រូបង្រៀន អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​អ្នក​រត់​តាក់ស៊ី នឹង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង ដោយ​ឥត​គិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កន្លង​មក សម្តេច​បាន​ប្រកាស​ថា កម្ពុជា​ទទួលយក​តែ​វ៉ាក់សាំង​ណា ដែល​អង្គការ​សុខភាព​ពិភពលោក ប្រកាស​ទទួលស្គាល់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ សម្តេច​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក មិន​ទាន់​ប្រកាស​ទទួលស្គាល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ណាមួយ​នៅឡើយ​ទេ​។

ដូច្នេះ​នៅ​ពេល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​មាន​ភាព​ចាំបាច់ ត្រូវ​តែ​ទទួលយក​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន​ចិន គឺ​ស៊ី​ណូ​ហ្វា​ម ដើម្បី​ចាក់​ជូន​ប្រជាជន​កម្ពុជា ខណៈ​ដែល​វ៉ាក់សាំង​របស់​ចិន​នេះ ត្រូវ​បាន​ចាក់​នៅ​ប្រទេស​ជា​ច្រើន​រួច​មក​ហើយ ក្នុង​នោះ មាន​ទាំង​មេដឹកនាំ​ចិន និង​មេដឹកនាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជាដើម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​យើង​មិន​អាច​រង់ចាំ​តទៅ​ទៀត​ទេ ដោយសារ​តែ​ភាព​ចាំបាច់​ក្នុង​កិច្ច​ការពារ​ប្រជាជន​កម្ពុជា​យើង​។ ប៉ុន្មាន​ថ្ងៃនេះ មាន​ឆ្លង​ច្រើន គឺ​កាលពី​ម្សិលមិញ ឆ្លង ១៥​នាក់ ហើយ​នៅ​ថ្ងៃនេះ ពលករ​មក​ពី​ថៃ ឆ្លង ១០​នាក់​ទៀត​»​។

សម្តេច​តេ​ជោ បន្ត​ថា វ៉ាក់សាំង​ចិន គឺ​ងាយស្រួល​ក្នុង​ការ​រក្សា​ទុក ក៏​ងាយស្រួល​ក្នុង​ការ​ដឹកនាំ​ជញ្ជូន​ពី​ចិន មក​កម្ពុជា ៕