ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​មីក្រូហិរញ្ញវត្ថុ​បង្ហាញ​សញ្ញា​ងើបឡើង​វិញ ខណៈ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩ ថម​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​និង​កំពុង​បម្រើសេវា​ជូន​ប្រជាជន​ជាង ២​លាន នាក់ ហើយ​នៅ ក្នុង​ឆ្នាំ ២០២០ កន្លង​មកនេះ​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩…

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​និង​កំពុង​បម្រើសេវា​ជូន​ប្រជាជន​ជាង ២​លាន នាក់ ហើយ​នៅ ក្នុង​ឆ្នាំ ២០២០ កន្លង​មកនេះ​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ បាន​អនុម័ត ឱ្យ​មានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់​អតិថិជន​ប្រមាណ ២៨​ម៉ឺន​នា​ន់​ដែល​មាន​ឥណទាន សរុប​ជិត ១.៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​ចំនួន​អតិថិជន​ស្នើ​សុំ​ប្រមាណ ៣០​ម៉ឺន​នាក់ ។ ប៉ុន្តែ វិស័យ​នេះ​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើបឡើង​វិញ​ចាប់ពី​រយៈពេល ៦​ខែ​ចុងឆ្នាំ ២០២០ នៅ​ពេល​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ មានការ​ថយ​ចុះ ។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៥​ខែ មក​រា ឆ្នាំ ២០២១​នេះ​ថា ទោះបី​ឆ្នាំ ២០២០​យើង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ តែ​យើង​អាច គ្រប់គ្រង​បាន​ហើយ​នៅ​ឆ្នាំ ២០២១​នេះ​យើង​រំពឹង​ថា ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ វា​នឹង​ថម ថយ​បាន​ច្រើន​ថែម​ទៀត ដោយសារ​តែ​ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ​កន្លង​មកនេះ​យើង​ឃើញ សញ្ញា​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ វា​បន្ត​ធ្លាក់​ចុះ​ជា​ប្រចាំ ។

លោក​សង្កត់ធ្ងន់​ថា ដូចនេះ​យើង​រំពឹង​ថា មិន​ហូ​ស​ពី​ឆ្នាំ ២០២១​នោះ​ទេ ផល​ប៉ះពាល់​ពី ជំងឺ​កូ​វី​ដ ១៩ វា​នឹង​ថយ​ចុះ​ទៀត ។ ម្យ៉ាងទៀត​យើង​បាន​ស្នើ​សុំ​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​បន្ត​គោលការណ៍​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ នេះ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ ២០២១ ហើយ​ខាង​ធនាគារជាតិ​ក៏​បាន​យល់ព្រម​លើ ការ​ពន្យារពេល​នេះ​ផង​ដែរ ។ ជា​រួម ឆ្នាំ ២០២០​ជា​ឆ្នាំ​ដែល​វិស័យ​មីក្រូហិរញ្ញវត្ថុ​រង​ផល​ប៉ះ ពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​យើង​អាច​គ្រប់គ្រង​បាន ហើយ​នៅ​ក្នុង​រយៈ ពេល ៦​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២០ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​នៅ​ពេល​ផល​ប៉ះពាល់ ពី​ជំងឺ​កូ​វី​ដ ១៩ ថយ​ចុះ ។

នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ ឱ្យ​ដឹង​ទៀត​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​ឆ្នាំ ២០២០​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ក្នុង​កម្រិត​គួរសម ចាប់ពី​ខែ ៤ ខែ ៥ ឆ្នាំ ២០២០ ផល​ប៉ះពាល់​បាន​ស្ទុះ​ឡើងជា​កំ​ហុ​ក ហើយ​ទន្ទឹម​និង​នេះ​ឥណទាន​ថ្មី​ៗ​មានការ​ធ្លាក់​ចុះ ហើយ ឥណទាន​ដែល​មាន​ហានិភ័យ​មានការ​កើនឡើង​មាន​កម្រិត​ថ្វេ​រ​ដង ។ ជា​ធម្មតា​ក្នុង​វិស័យ​មី ក្រូ​ហិរញ្ញវត្ថុ​ឥណទាន​មាន​ហានិភ័យ​វា​មាន​កម្រិត​ជាង ១% ប៉ុន្តែ​នៅ​ខែ ៤ ខែ ៥ ឆ្នាំ ២០២០ កន្លង​ទៅ​នេះ​វា​ឡើង​ដល់​ជិត ៣% មាន​ន័យ​ថា វា​កើនឡើង​សឹងតែ​ធ្វេ​ដង ។

លោក​លើក​ឡើង​ថា ទន្ទឹម​និង​ឥណទាន​ថ្មី​ៗ​ក្នុង​រយៈពេល ២​ខែ​នេះ វា​ធ្លាក់​ចុះ​ប្រហែល ៥០% បើ​យើង​ប្រៀបធៀប​ទៅ និង​ឆ្នាំ ២០១៩ ។ អ៊ីចឹង​ឥណទាន​ធ្លាក់​ចុះ​ខ្លាំង​គឺ​នៅ​ខែ ៤ និង ខែ ៥ ក៏​ប៉ុន្តែ​សញ្ញា​ល្អ​ចាប់ពី​ខែ ៦ មក​យើង​សញ្ញា​ល្អ​វិល​ត្រលប់​មក​រក​ភាព​ដូច​ដើម​ចាប់ពី​ខែ ៦ ដល់​ខែ ៩ បាន​ធ្វើ​ឱ្យ​ឥណទាន​ដែល​មាន​ហានិភ័យ​បាន​ធ្លាក់​ចុះ​មក​វិញ ហើយ​ឥណទាន​ថ្មី​ចាប់ ផ្តើម​មាន​កំណើន​ឡើង​វិញ រហូត​ដល់​ខែ ១០ និង​ខែ ១១ ឥណទាន​ថ្មី​ៗ​កើនឡើង​លើស​ឆ្នាំ​មុន ហើយ​នេះ​ជា​សញ្ញា​វិជ្ជមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ