ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែលគ្មានកន្លែងស្នាក់នៅសមរម្យ ទើបអាជ្ញាធរ ឃុំស្រែថ្មី ស្រុករលាប្អៀរ បានអនុញ្ញាតឲ្យក្រុមអ្នកដើរលក់ទំនិញតាមរ៉ឺម៉កម៉ូតូ គោយន្តទាំងនោះបានឈប់សម្រាក ក្នុងបរិវេណសាលាឃុំ ក្នុងពេលយប់ ព្រមទាំងផ្ដល់ទឹក ភ្លើង ដល់ពួកគាត់ទៀតផង។ លោក នូ ឃាន មេឃុំស្រែថ្មី ស្រុករលាប្អៀរ បានប្រាប់ភ្នាក់ងារយើងនៅរសៀល ថ្ងៃទី១៥ ខែមករានេះថា កន្លងទៅលោកក៏ធ្លាប់ជួបប្រជាពលរដ្ឋក្នុងឃុំរបស់លោកដើរលក់ក្អមឆ្នាំងតាមរទេះគោយន្ត រ៉ឺម៉កម៉ូតូទៅដល់ខេត្តឆ្ងាយៗ ជួបការលំបាកកន្លែងស្នាក់នៅ លោកបានដឹងពីភាពលំបាកនេះ។

ហេតុនេះហើយ លោកឃើញក្រុមប្រជាពលរដ្ឋមកពីខេត្តឆ្ងាយៗ មានព្រៃវែង តាកែវ ស្វាយរៀង ដើរលក់ទំនិញតាមរ៉ឺម៉កម៉ូតូ គោយន្ត មានដូចជាលក់ផ្កា លក់កូនឈើ លក់គ្រែ លក់ពូកខ្នើយ តុទូ និងសម្ភារប្រើប្រាស់ផ្សេងៗជាដើម បានមកសុំលោកកស្នាក់នៅពេលយប់ លោកក៏បានអនុញ្ញាតឲ្យពួកគាត់ចូលមកសម្រាកនៅក្នុងបរិវេណសាលាឃុំស្រែថ្មី ដើម្បីការពារសន្តិសុខផង និងជួយសម្រួលឲ្យពួកគាត់បានសម្រាកនាយស្រួលផង។ ពួកគាត់ស្នាក់នៅក្នុងបរិវេណសាលាឃុំស្រែថ្មីនេះ មានបន្ទប់ទឹក បង្គន់អនាម័យ មានទឹកស្អាត មានភ្លើងគ្រប់គ្រាន់ សម្រាប់ឲ្យពួកគាត់ប្រើប្រាស់តាមតម្រូវការ។

ពួកគាត់មកសម្រាកមានរបៀនរៀបរយ និងធ្វើអនាម័យ មុននឹងចេញទៅលក់ដូរនៅពេលព្រឹក។ ជួបជាមួយភ្នាក់ងារយើង ប្រចាំខេត្តកំពង់ឆ្នាំង បុរសម្នាក់ ដែលមកពីខេត្តព្រៃវែងបានឱ្យដឹងថាគាត់បានដើរលក់ដើមផ្កា កូនឈើ ផ្សេងៗមកដល់ខេត្តកំពង់ឆ្នាំង តែងតែចូលមកស្នាក់នៅសាលាឃុំស្រែថ្មីជានិច្ច ព្រោះទីនោះមានសុវត្ថិភាពល្អ មានទឹក មានភ្លើងប្រើប្រាស់ ហើយគេមិនយកលុយទៀត ។ គាត់បានដឹងនៅសាលាឃុំនេះមានកន្លែងស្នាក់នៅស្រួលតាមលក់មុនៗគេប្រាប់តៗគ្នា។ ចំណែកបុរសម្នាក់ទៀត ដែលជាអ្នកលក់ អំបោសវែង អំបោសខ្លី លក់កន្ត្រងបេះផ្លែឈើ និងរបស់ប្រើប្រាស់ផ្សេងៗទៀត បានបញ្ជាក់ដែរថា៖

គាត់ធ្លាប់ចូលមកស្នាក់នៅពេលយប់នៅសាលាឃុំស្រែថ្មីនេះច្រើនដងណាស់ ឱ្យតែមកលក់នៅខេត្តកំពង់ឆ្នាំង គឺមកសម្រាកនៅទៅនេះហើយ ទោះបីទៅលក់តាមភូមិឃុំឆ្ងាយៗ ២០ទៅ៣០គីឡូម៉ែត្រក៏ដោយ។ ចុងក្រោយក្រុមអ្នកលក់ដូរដែលមកស្នាក់នៅសាលាឃុំស្រែថ្មី បានថ្លែងអំណរគុណលោក លោកមេឃុំ ដែលបានផ្តល់កន្លែងស្នាក់នៅបានសមរម្យ មានទាំងទឹក ភ្លើង និងមានសុវត្ថិភាពទៀត។

សូមបញ្ជាក់ដែរថា៖ ក្រុមអ្នកលក់ដូរដឹកតាម រ៉ឺម៉កម៉ូតូ គោយន្តទាំងនោះនៅម៉ោងជាង៥-៦ល្ងាចបាននាំគ្នាចូលមកស្នាក់នៅហើយ ក្នុង១ថ្ងៃ២០ទៅ៣០រ៉ឺម៉ក និងគោយន្ត លុះម៉ោង៦ព្រឹកចេញទៅវិញ និងបើកលក់តាមភូមិឃុំលុះល្ងាចឡើងទើបត្រឡប់មកវិញ ក្នុងម្នាក់ៗស្នាក់នៅជាងកន្លះខែ ឬអស់ទំនិញទើបទៅផ្ទះវិញ៕ ដោយ ៖ ពៅ សុខហ៊ាន


ចែករំលែកព័តមាននេះ