ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់ឲ្យលក់ដូរនៅរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៀត​ហើយ!

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ អាជ្ញាធរខេត្ត នៅរសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២១ បានប្រជុំពិនិត្យ​ពិភាក្សា និងសម្របសម្រួល ដោះ​ស្រាយ ដោយបង្វែរទីតាំងលក់ដូររបស់អាជីវករ ចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម…

ខេត្តសៀមរាប៖ អាជ្ញាធរខេត្ត នៅរសៀលថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២១ បានប្រជុំពិនិត្យ​ពិភាក្សា និងសម្របសម្រួល ដោះ​ស្រាយ ដោយបង្វែរទីតាំងលក់ដូររបស់អាជីវករ ចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីឲ្យក្រសួងព្រះបរម​រាជវាំង បន្តការងារ​រៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ​របស់ព្រះរាជដំណាក់។

កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្ត និងលោក អ៊ិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានព្រះរាជដំណាក់​ សៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី យូ សុភា អភិបាលរងខេត្ត បានដាក់ចេញនូវ​វិធានការមួយចំនួន ដើម្បី​សម្រូល​ដល់ក្រុមការងារសាងសង់ ការរក្សាសណ្តាប់ធ្នាប់ និងសម្រួលដល់បងប្អូនអាជីវកករ ដូចខាងក្រោម៖ ១-​បង្វែរទីតាំងលក់ដូរបច្ចុប្បន្ន ដែលនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៅលើខឿនថ្មើរជើង ផ្នែកខាងលិច​នៃទីតាំងចាស់ និងត្រូវបែរមុខមកទិសខាងកើត ដើម្បីលក់ដូរ ជាបណ្តោះអាសន្ន។ ២-ក្រុម​ការ​ងារ​ខេត្ត នឹងចុះកំណត់ទីតាំងជាក់ស្តែង ជូនអាជីវករ ដែលត្រូវលក់ដូរជាបណ្តោះ​អាសន្ន នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីក្រសួងព្រះបរមរាជវាំង អាចបន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ​របស់ព្រះរាជដំណាក់ ស្របតាមផែនការគ្រោងទុក។ ៣-ស្នងការដ្ឋាននគរបាលខេត្ត ត្រូវទទួលខុសត្រូវរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនភ្ញៀវទេសចរជាតិ- អន្តរ​ជាតិ ដែលមកគោរពបូជា និងជួយសម្រួលចរាចរណ៍ នៅពេលគម្រោងបន្តសាង​សង់របងខ្លោងទ្វារ និងក្រាលកម្រាលក្រានីតដំណាក់កាលទី២ ចាប់ផ្តើម និងចំពោះរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗ ត្រូវយកទៅចតនៅចំណតមាត់ស្ទឹង ជាប់ទីតាំងហាត់ប្រាណ។ ៤-ម្ចាស់តូបលក់ផ្កា តូបលក់បាយ និងអ្នកលក់សត្វបក្សី ត្រូវសម្អាតបរិស្ថានអនាម័យ ជុំវិញតូបរបស់ខ្លួន ឱ្យបានស្អាតជាប្រចាំ និងមិនត្រូវចាក់ទឹក ឬទុកដាក់កាកសំណល់ផ្សេងៗ នៅលើផ្លូវសាធារណៈ ហើយក្នុងករណីមិនអនុវត្តតាមការណែនាំរបស់គណៈ​កម្ម​ការនោះទេ នឹងផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ឬបញ្ឈប់ការលក់ដូរជាស្ថាពរ តាមការពិនិត្យជាក់ស្តែង ព្រម​ទាំងត្រូវគោរពក្រមសីលធម៌សង្គម ជា​ពិសេសមិនត្រូវយកផ្កាភ្ញីផ្សេងៗ ដែលបានបូជាហើយ យកមកលក់ជូន​ភ្ញៀវវិញនោះឡើយ និងត្រូវចូលរួមអនុវត្តន៍តាមវិធានការពារ​ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ៥-មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវពិនិត្យ និងតាមដាន ចំពោះសកម្មភាពលក់ដូររបស់អាជីវករ និងបញ្ហាផ្សេងៗ ដែលកើតមានឡើង នៅព្រះវិហារព្រះអង្គចេក-ព្រះអង្គចម៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ