រាជធានីភ្នំពេញ ៖ ធនាគារជាតិកម្ពុជានិងអ្នកពាក់ព័ន្ធ បានផលិតឯកសារវីដេអូខ្លីៗ អប់រំពលរដ្ឋឲ្យចេះប្រើប្រាស់កម្ចីមានប្រសិទ្ធភាព និងគុណភាព នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង ។ ស្ថាប័នជំនាញរបស់ជាតិ បានណែនាំពលរដ្ឋឲ្យចេះសិក្សាស្វែង យល់ពីលក្ខន្តិកៈស្ថានមីក្រូហិរញ្ញវត្ថុឲ្យបានច្រើន មុនចម្រេចចិត្តខ្ចីប្រាក់ពីស្ថាប័នណាមួយ ដើម្បីទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនពីប្រាក់កម្ចី ។
មន្ត្រីបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យមីក្រូហិរញ្ញវត្ថុ ក៍ដូចជាធនគារមានការរីកចម្រើន និងមានការប្រកួតប្រជែងខ្លាំង ដែលអ្នកខ្ចីប្រាក់អាច នឹងទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។
នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយ មានរយៈពេលប្រមាណជិត២នាទី បុរសពីរនាក់ដែលជាតួអង្គជាអ្នកនេសាទលើផ្ទៃសមុទ្រ។ ពួកគាត់នេសាទបណ្តើរនិយាយ ពីការខ្ចីប្រាក់មកពង្រីកមុខរបរបណ្តើរ ។ អ្នកនេសាទម្នាក់បានខ្ចីប្រាក់ពីអ្នកស្គាល់គ្នាមកពង្រីកមុខរបរ ដែលមានការប្រាក់ខ្ពស់ តែត្រូវបានបុរសម្នាក់ទៀត ណែនាំឲ្យទៅខ្ចីប្រាក់ពីស្ថាប័ន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ពិសេសទទួលបានការប្រាក់ទាប និងមានច្បាប់ការពារ។
លោក កាំង តុងងី មន្ត្រីទំនាក់ទំនងសាធារណៈ នៃសមាគមហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា សារអប់រំនោះបានបង្កើតឡើងនៅក្នុងកាលៈទេស ដែលពលរដ្ឋជាទូទៅមិនទាន់យល់ដឹង ច្បាប់ពីការប្រើប្រាស់ឥណទាន និងការជ្រើសរើសស្ថាប័នឥណទាន ។ លោកបានលើកឡើងថា ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុ បានកំពុងរីកចម្រើននិងមានការប្រកូតប្រជែងខ្លាំង ដូច្នេះមុនសម្រេចចិត្តខ្ចីប្រាក់ពីស្ថាប័នណាមួយ ពលរដ្ឋគួរសិក្សាឲ្យលម្អិត ដើម្បីទទួលបានអត្ថប្រយោជន៍ពីស្ថាប័នទាំងនោះ។ «យើងសង្កេតឃើញថាភាគពលរដ្ឋខ្ចីប្រាក់ពីស្ថាប័នដដែលៗដែលគាត់ធ្លាប់ប្រើប្រាស់។ ពួកគាត់ភាគច្រើនមិនបានសិក្សាពីស្ថាប័នឲ្យច្រើននោះទេ ដូច្នេះជាការខាតប្រយោជន៍មួយពីព្រោះបច្ចុប្បន្ននេះ ការប្រកួតប្រជែងខ្លាំងណាស់រវាងស្ថាប័នផ្តល់ប្រាក់កម្ចី។ ពួកគេប្រកួតប្រជែងទាំងសេវាកម្ម លក្ខន្តិកៈ និងអត្រាការប្រាក់ផង» នេះបើតាមការបញ្ជាក់របស់មន្ត្រីទំនាក់ទំនងសាធារណៈ នៃសមាគមហិរញ្ញវត្ថុកម្ពុជា។
ពលរដ្ឋកម្ពុជាប្រមាណជា ២លាននាក់ បានកំពុងប្រើប្រាស់ប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ នៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជាបំពេញតម្រូវការបន្ទាន់ ឬការពង្រឹងមុខរបរជាដើម។ ស្ថាប័នហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីទៅពលរដ្ឋក្នុងទំហំប្រមាណជាជាង ៤០០ លានដុល្លារ។ ប៉ុន្តែមន្ត្រីបាននិយាយថាអត្រាប្រើប្រាស់ប្រាក់កម្ចីបានធ្លាក់ចុះប្រមាណ ៣០ភាគរយ កំលុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ ។ ការប្រើប្រាស់កម្ចីបានផ្តើមងើបបន្តិចឡើងវិញ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២០មក។ និយាយពីអត្រាការប្រាក់វិញ ជាមធ្យមកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ស្ថិតនៅក្នុងរង្វង់ ១.៥ ភាគរយ ក្នុងមួយខែ ឬស្មើ ១៨ ភាគរយ ក្នុងមួយឆ្នាំ។ លោក កាំង តុងងី ថាមានស្ថាប័នខ្លះ បានប្រកួតប្រជែង រហូតទម្លាក់ថ្លៃអត្រាការប្រាក់ មកនៅ ៨ភាគរយ ក្នុងមួយឆ្នាំ។
«អាស្រ័យមានការប្រកួតប្រជែងបែបនេះ យើងណែនាំពលរដ្ឋឲ្យចេះសិក្សា ពិភាក្សាស្វែងយល់ពីលក្ខន្តិកៈនានាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានផលប្រយោជន៍។ ស្ថាប័ននីមួយៗមានលក្ខណផ្សេងៗគ្នា ពលរដ្ឋត្រូវចេះសួរនាំ និងស្វែងយល់ឲ្យបានច្រើនទើបល្អ»
ចែករំលែកព័តមាននេះ