រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៥ មួយគ្រឿង បានឆេះខ្លោចរងការខូចខាតយ៉ាងដំណំ ខណៈដែលក្រុមជាងកេះដែកកេះរោលបិទតែមទំនងជាស្រក់សាំងមិនដឹងក៏ឆាបឆេះឡើង ក្រោយពេលដែលបុរសជាម្ចាស់យកមកទុកអោយជាងធ្វើតែម ហើយទៅរកហូបបាយបាត់នោះ ។

ករណីនេះដែរ បានកើតឡើងនៅវេលាម៉ោង១២ និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចកន្លែងបិទតែមម៉ូតូយីហោ «MK99» ផ្ទះលេខ ១០០ ផ្លូវលេខ ១៩៣ ក្នុងាង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

ប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសជាម្ចាស់ម្នាក់បានជិះយកម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាក ហុងដា C125 ព៌ណខ្មៅពាក់ស្លាកលេខភ្នំពេញ១CX-៩០៩៦ មួយគ្រឿង យកមកអោយជាងនៅកន្លែងបិទតែមម៉ូតូ ដែលមានយីខាងលើបិទតែមអោយ រួចចេញទៅរកកន្លែងហូបបាយបាត់ទៅ ។ ពេលដែលម្ចាស់ទៅហូបបាយបាត់ក្រុមជាងក៏នាំគ្នាបិទតែមម៉ូតូមួយគ្រឿងខាងលើ ដោយខ្លះជួយទាញស្គុត និងខ្លះទៀតកេះដែកកេះរោលបិត ក៏ស្រាប់តែឆាបឆេះឡើងបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ហើយក្រុមជាងក៏បាននាំគ្នាស្រវ៉េស្រវ៉ាយកទឹក និងបំពង់ពន្លត់អគ្គិភ័យទៅធ្វើការបាញ់ពន្លត់ភ្លាមៗបានទាន់ពេលវេលា ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅ និងករណីឆេះម៉ូតូនៅហាងបិទតែមម៉ូតូឈ្មោះ MK99 នេះដែរទំនងជាកើតឡើង ដោយសារតែម៉ូតូស្រក់សាំង ហើយមិនដឹងជាងចេះតែនាំគ្នាកេះដែកកេះអ៊ុតនោះក៏បណ្តាលអោយឆាប និងឆេះម៉ូតូមួយគ្រឿងខាងលើបណ្តាលអោយឆេះរោលរងលារខូចខាតតែម្តង ។

ក្រោយពេលលើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ក៏បានចុះទៅដល់កន្លែងបិទតែមម៉ូតូយីហោនោះដែរ ។ ម្យ៉ាងបុរសជាម្ចាស់ម៉ូតូទៅហូបបាយបាត់មិនទាន់មកវិញទៀតនោះ ក៏រង់ចាំអោយភាគីទាំងពីរធ្វើការដោះស្រាយគ្នាជាក្រោយទៀតផងដែរ ៕

ចែករំលែកព័តមាននេះ