ពលរដ្ឋរងគ្រោះដោយទឹកជំនន់មកទទួលអំណោយ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមក នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង បានទទួលនូវអំណោយជាគ្រឿងឧបភោគបរិភោគ ពីអង្គការមូលនិធិសប្បុរសធម៌ ដោយមានការសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរដោយលោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចែកអំណោយដល់គ្រួសារក្រីក្រចំនួន ១៦,៥៤៨នាក់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកបវេល ខេត្តបាត់ដំបង នាពេលកន្លងទៅថ្មីៗនេះ ។

អំណោយដែលជាគ្រឿងឧបភោគបរិភោគនេះ គឺជាអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ឆឺជី ហើយព្រមទាំងមានការសហការរៀបចំ និងសម្របសម្រួលដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងក្រុមការងារសិស្ស និស្សិត អាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តបាត់ដំបង(អ.ម.ត) និងស.ស.យ.ក ស្រុកបវេល ។

មានមតិក្នុងឱកាសនោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ស្រុកបវេលនេះជាស្រុកមួយដែលទទួលរងនូវផងប៉ះពាល់ធ្ងន់ជាងគេ ដោយសារតែទឹកជំនន់ធ្លាក់មកពីខេត្តប៉ៃលិនផង និងស្រុកព្រំដែនទាំង៣គឺស្រុកសំពៅលូន កំរៀង និងភ្នំព្រឹកជាដើម បង្កឲ្យមានការខូចខាតដំណាំប្រជាពលរដ្ឋ និងផ្ទះសម្បែងមួយចំនួនទៀតបានធ្វើឲ្យប្រជាពលរដ្ឋអាក់ខាននូវការប្រកបអាជីវកម្មទៀតផង ។

លោកអភិបាលខេត្តបានបន្តទៀតថា កន្លងមកសម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោមសខេង សម្ដេចតែងតែគិតគូរប្រជាពលរដ្ឋជាប់ជានិច្ច ក្នុងកំឡុងពេលដែលប្រជាពលរដ្ឋជួបនូវគ្រោះធម្មជាតិនេះ ហើយតាមរយៈក្រុមការងារចុះជួយស្រុកបវេល ក៏បានធ្វើការរៀបចំចែកជូនជាអំណោយសង្គ្រោះបឋមជាបន្តបន្ទាប់រួចមកហើយដែរ ។

ដើម្បីបំពេញសេចក្ដីត្រូវការបានមួយរយៈពេលដែលប្រជាពលរដ្ឋរងគ្រោះ និងជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយពេលនេះក្នុងនាមអាជ្ញធរក្នុងខេត្តបាត់ដំបង សូមថ្លែងអំណរគុណដល់អង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានរៀបចំការចែកជូនជាអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមក ដែលនេះបានបង្ហាញពីការស្រឡាញ់គ្នាទៅវិញទៅមក មិនប្រកាន់ការរើសអើងពូជសាសន៍ ពណ៌សម្បុរភេទអ្វីឡើយ គឺជួយគ្នាដោយចិត្តនឹងចិត្តក្នុងនាមជាមនុស្សធម៌ ជាមនុស្សដែលរស់នៅក្នុងសកលលោករួមគ្នាផងដែរ ។




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ