សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ មាន​ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ មាន​ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត

1 ខែ មុន
  • Battambang

ខេត្តបាត់ដំបង ៖ សហគមន៍​ទេសចរណ៍​អូរ​ជាំ​ជា​សហគមន៍​ដ៏​មាន​សក្កា​នុ​ពល​ថ្មី​មួយ​ដែល​ទើបតែ​បង្កើត​ឡើង​នៅ​ភូមិ​អូ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ អូរ​ជាំ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដែល​ស្ថិត​នៅ​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​ទីរួមខេត្ត​បាត់ដំបង មាន​ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។ ភ្ញៀវ​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៧ ទៅ​កាន់​ស្រុក​សំឡូត…

ខេត្តបាត់ដំបង ៖ សហគមន៍​ទេសចរណ៍​អូរ​ជាំ​ជា​សហគមន៍​ដ៏​មាន​សក្កា​នុ​ពល​ថ្មី​មួយ​ដែល​ទើបតែ​បង្កើត​ឡើង​នៅ​ភូមិ​អូ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ អូរ​ជាំ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដែល​ស្ថិត​នៅ​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​ទីរួមខេត្ត​បាត់ដំបង មាន​ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។ ភ្ញៀវ​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥៧ ទៅ​កាន់​ស្រុក​សំឡូត ហើយ​ឆ្ពោះទៅ​កាន់​ទឹកធ្លាក់​តែ​ម្តង​។

លោក ជុក ជំនោ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ជា​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​គ្រប់​រដូវ​កាល​ដោយសារ​តែ​ទឹកធ្លាក់​នៅ​ទីនោះ​នៅ​តែ​បង្ហាញ​ភាព​ស្រស់​ស្អាត​មិន​ថា រដូវប្រាំង ឬ​វស្សា​នោះ​ឡើយ​។ ដូច្នេះ​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តបាត់ដំបង ឬ​ចង់​ស្រូប​យក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ជាមួយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​គយគន់​ត្រជាក់​ភ្នែក​គាប់ចិត្ត​នោះ​កុំ​ភ្លេច​អញ្ជើញ​ចូល​ទស្សនា​កម្សាន្ត​នៅ​តំបន់​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​។ សូម​ជម្រាប​ថា ទឹកធ្លាក់​អូ​ជាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ​២០០៣ ដោយ​ប្រជាជន​ដែល​ទៅ​រស់ ដើម្បី​បង្កើត​មុខរបរ​ចិញ្ចឹមជីវិត​នៅ​តំបន់​នោះ​។

រហូត​មក​ដល់​ចុងឆ្នាំ​២០១៣ មាន​មន្ត្រី​បរិស្ថាន និង​សហគមន៍​មួយ​ឈ្មោះ​សហគមន៍​តំបន់​ការងារ​ធម្មជាតិ​អូរ​ជាំ​បាន​សហការ​គ្នា​រួម​គ្នា ដើម្បី​រៀបចំ​ផ្លូវ​ចូល​ទៅ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​ជាំ សហគមន៍​នេះ​ផង​ដែរ​ក៏​មានការ​ឧបត្ថម្ភ​ជ្រំ​ជ្រែង​ពី​អង្ក​ការ​ម្លប់​បៃតង​ផង​ដែរ​។ ដោយ​លែ​ក​លោក អ៊ុ​ច អ៊ុ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា ទឹកធ្លាក់​អូរ​ជាំ កំពុង​ឆក់​យក​បេះដូង​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង​ជា​ពិសេស​អ្នកទេសចរ​ដែល​និយម​ធ្វើ​ដំណើរ ផ្សងព្រេង​ដោយសារ​ទីនោះ​មាន​ផ្ទាំង​ថ្ម​ដែល​ជា​ថ្មភ្នំ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត មាន​ទឹកធ្លាក់​ត្រជាក់​ស្រឹប រួម​ជាមួយ​ព្រៃ​ព្រឹក្សា​ខៀវស្រងាត់ ហើយ​មាន​ភ្នំ​ល្វឹងល្វើយ​អម​ដោយ​ផ្កា​ព្រៃចម្រុះ​ពណ៌​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​បោះ​តង់ សម្រាក​លំហែកាយ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ គយគន់​ធម្មជាតិ​ព្រៃ​ភ្នំ និង ងូតទឹក​ធ្លាក់​ដ៏​ត្រជាក់​កាយ រំសាយ​អារម្មណ៍ បាត់​អស់​ទុក្ខ​កង្វល់​។

លោក​បញ្ជាក់​ថា ទឹកធ្លាក់​នេះ​មាន​រយៈកម្ពស់​៣០​ម៉ែត្រ ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ផ្ទាំង​ថ្ម​ធំ​ៗ និង​មាន​ត្រពាំង​មួយ​ដែល​ជា​ប្រភព​ទឹក​ហូរ​មក​កាន់​ទឹកធ្លាក់​នេះ​។ ផ្លូវ​ឡើង​ទៅ​កាន់​រមណីយដ្ឋាន​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា ៖ មានព្រៃ​ព្រឹក្សា ជ្រលង​ដងអូរ​ផ្ទាំង​ថ្ម និង​ទឹកធ្លាក់​ជា​បណ្តាក់​ៗ ចាប់ពី​ជើងភ្នំ​រហូត​ដល់​កំពូលភ្នំ ដែល​បង្ក​លក្ខណៈ​ក៏​ដូច​ជា​បង្កើត​បរិយាកាស​យ៉ាង​សប្បាយ​រីករាយ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ជាប់ចិត្ត​ដិតអារម្មណ៍​ចំពោះ​ធនធានធម្មជាតិ​នៅ​ទីនោះ​ផង​ដែរ​។

លោក​ប្រធាន​មន្ទីរ​បន្ថែម​ថា ស្ថានភាព​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​បាន​យ៉ាង​ងាយ ដោយ​ថ្មើរ​ជើងពេល​ទៅ​ដល់​ជើងភ្នំ​យើង​សង្កេត​ឃើញ​ផ្ទាំង​ថ្ម​ធំ ហាក់ដូចជា​ជញ្ជាំង​នៃ​នាវា​ដ៏​ធំ​មួយ​នៅ​កណ្តាល​ទី​ស្មសាន​រំ​ព​លេច​ដោយ​សម្រស់​ស្រស់​ត្រកាល និង​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​សន្ធឹកសន្ធាប់​នា​អតីតកាល​សម័យ​អង្គរ ដែល​ជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន ជា​ច្រើន​នៅ​ខេត្តសៀមរាប​។ លោក អ៊ុ​ច អ៊ុ​ភី​នី​ស្សា​រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ផលដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ និង​ក្នុង​តំបន់​ទឹកធ្លាក់​ធម្មជាតិ​អូរ​ជាំ គឺ​អាស្រ័យ​ផល​ពី​ប្រភព​ទឹកអូរ​ជាំ ដែល​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដូច​ជា ជីវៈចម្រុះ​ជា​ច្រើន​ដែល​ជួយ​ដល់​អាយុជីវិត​មនុស្ស​សត្វ​រស់នៅ​តំបន់​នោះ​ជា​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រកប​មុខរបរ​ដាំ​ដុះ និង​បាន​ផ្តល់​នូវ​ទឹក​សម្រាប់ ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

ថែម​ទាំង​ស្រោចស្រព​ផលដំណាំ​ជា​ច្រើន ព្រមទាំង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ​ចូលរួម​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ ហើយ​បាន​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ និង​រីក​ចម្រើន​ជាង​មុន​។ លោក​បន្ត​ទៀត​ថា កាលណា​យើង​ធ្វើ​ដំណើរ​តាម​ជ្រលង​ភ្នំ យើង​ឃើញ​ទិដ្ឋភាព​ប្រជា​កសិករ​យើង​ធ្វើ​ដំណាំ​កសិកម្ម​ហើយ​យ៉ាងណាមិញ​នៅ​ពេល​ដែល​យើង​ចូល​ទៅ​តំបន់​នោះ​ពោរពេញ​ទៅ​ដោយ​ទឹកធ្លាក់​ដែល​ត្រជាក់​មាន​ផ្ទៃដី​ទូលំទូលាយ​ប្រមាណ​ជាង ២​គីឡូម៉ែត្រ​ហើយ​មាន​ថ្មភ្នំ​ធម្មជាតិ​ស្អាត​ៗ​ដោយ​មាន ដើម​ផ្កា​ដើមឈើ​ប្រណីត​ធំ​ៗ​ដែល​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ហើយ​ជា​ពិសេស​ទៀត​នៅ​លើ​ខ្នងភ្នំ​នោះ​យើង​អាច​សម្លឹង​មក​ឃើញ​តំបន់​ផ្សេង​ៗ​ទៀត ពិសេស​នោះ​គឺ​យើង​អាច​ឃើញ​រហូត​ទៅ​ដល់​សមុទ្រ​ថៃ​ឯណោះ​។

ក្រោម​ម្លប់​នៃ​សន្តិភាព ប្រជាពលរដ្ឋ​យើង​កំពុង​តែ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​បាន​នៅ​ភាព​កក់ក្តៅ និង​មាន​សេចក្តី​សង្ឃឹម​ក្នុង​ការ​រស់នៅ​។ ក្នុង​ន័យ​នេះ​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​មានការ​លើកទឹកចិត្ត​ដល់​ការ​អភិវឌ្ឍន៍​តំបន់​សហគមន៍​ទេសចរ និង​ពង្រឹងគុណភាព​ផលិតផល​ទេសចរ ព្រមទាំង​សូម​អំពាវនាវ​ដល់​ប្រតិបត្តិ​ទេសចរ ទេសចរ​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សកម្មភាព​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ និង​សហការ​ថែរក្សា​សោ​ភ័​ភាព​ស្អាត​អនាម័យ បរិស្ថាន​ល្អ ដែល​ជា​កត្តា​ចម្បង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ថែរក្សា​សោភ័ណ​ភាព​រាជធានី​ខេត្ត​-​ក្រុង​៕ ដោយ ៖ សុខ សា​រ៉ា​យ