ផ្លូវ​ឆ្ពោះទៅ​កាន់ការ​សម្រេច​បំណង​ប្រាថ្នា​ឆ្នាំ​2021 – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្លូវ​ឆ្ពោះទៅ​កាន់ការ​សម្រេច​បំណង​ប្រាថ្នា​ឆ្នាំ​2021

2 ខែ មុន
  • Phnom Penh

ថ្ងៃ​ទី​១ ខែមករា​នេះ ជា​ការ​ចាប់ផ្តើម​ដំបូង ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២១ ។ ការ​ផ្ញើ​សារ​ជូនពរ​ជា​លិខិត​ជា​ផ្ទាល់មាត់ និង​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ឬ​ក៏…

ថ្ងៃ​ទី​១ ខែមករា​នេះ ជា​ការ​ចាប់ផ្តើម​ដំបូង ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២១ ។ ការ​ផ្ញើ​សារ​ជូនពរ​ជា​លិខិត​ជា​ផ្ទាល់មាត់ និង​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ឬ​ក៏ Messenger ឬ​ក៏​តាម Telegram​ជាដើម ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាងច្រើន​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​មក​ម្ល៉េះ ។ពិសេស​នៅ​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ ដែល​ជា​ការ​ឆ្លង​ឆ្នាំ ឬ​រាប់​ថយក្រោយ Countdown ។

សារ​ជូនពរ​ឲ្យ​អ្នក ដែល​យើង​គោរព​រាប់អាន ស្រឡាញ់ មាន​សុខភាព​ល្អ កុំបី​ឈឺ​ថ្កាត់ រឹង​មាំ សម្រេច​ជោគជ័យ ក្នុង​គ្រប់​កិច្ចការ​តូច​ធំ​ទាំងពួង ហើយ​ពិសេស គឺ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ សុភមង្គល​គ្រប់ពេលវេលា​ទាំង​យប់​ទាំង​ថ្ងៃ​ជាដើម គឺ​ត្រូវ​បាន​ប្រជា ពលរដ្ឋ​ខ្មែរ​យើង​ផ្ញើ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាងច្រើន នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២១​នេះ ។

ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០-២០២១ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ដែល​ជា​អ្នកកាសែត​ជើង​ចាស់ ក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០​ផង បាន​លើក​ឡើង​ថា «Covid- 19 បាន​បង្ក​នូវ​វិបត្តិ​សកល​ក្នុង​វិសាលភាព មិន​ធ្លាប់​មាន​ដែល​រាលដាល​ពី​វិស័យ​សុខា ភិបាល​ដល់​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​ទៀត​ផង ។

ការ​ផ្ទុះ​ឡើង​នៃ​រលក​ទី​២, ទី​៣ និង​ការ​កើត​ចេញ​នូវ​វីរុស ដែល​វិវត្តន៍​ថ្មី រឹតតែ​ធ្វើ​ឲ្យ​ពរ​សុខភាព​ល្អ​នេះ មាន​សារៈសំខាន់​ទៅ​ទៀត ។ អ្នកខ្លះ​ថា គ្រាន់តែ​ជូនពរ មិន​អាច​យកឈ្នះ​លើ Covid-19 នេះ​បាន​ទេ ។ ត្រូវ​មាន​វ៉ាក់សាំង មាន​ថ្នាំ​ព្យាបាល មាន គ្រូពេទ្យ​ថែទាំ មាន​ឧបករណ៍​ជួយ​សង្គ្រោះ ក្នុង​ករណី​ធ្ងន់ធ្ងរ ។​ល​។ ត្រូវ​ហើយ ! តែ​ពាក្យចាស់​លោក​ពោល​ថា «​អាគម​ផ្សំ​អាយុ​» មាន​ទៅ​ខាត​អី​គ្រាន់តែ​ជូន​និង​ទទួល​ពរ​នោះ យ៉ាង​ហោច​ក៏​បាន​ចម្រើន​កម្លាំងចិត្ត​ដែរ !» ។

យ៉ាងណា​ក៏​ដោយ លោក​ប្រមុខ​ការទូត​កម្ពុជា បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម ២​ចំណុច ដែល​នឹង​សម្រេច​បាន នៅ​ឆ្នាំ​ថ្មី ឆ្នាំ​២០២១ ។ នោះ​គឺ​មនុស្សជាតិ នឹង​យកឈ្នះ​កូ​វី​ដ​១៩ តាម​រយៈ​វ៉ាក់សាំង​ថ្មី ដែល​ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ ។ រីឯ​ចំណុច​មួយទៀត គឺ​ការ​បន្ថយ​ភាព​តានតឹង​រវាង​មហាអំណាច​កំពូល​ទាំង​២ គឺ​អា​មេ​រិ​ក និង​ចិន ។

ការ​បួងសួង បន់​ឲ្យ​ជំងឺ​កូ​វី​ដ​១៩ រលាយ​បាត់​ពី​ពិភពលោក រួម​ទាំង​កម្ពុជា ក៏​ជា​ក្តី​ប្រាថ្នា​របស់​មនុស្សជាតិ​ទូទៅ ពិសេស​នៅ​កម្ពុជា​។ នៅ​កម្ពុជា បើ​គិត​ត្រឹមតែ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដំបូង​លើ​បុរស​ជនជាតិ​ចិន មក​ដល់​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ គឺ​ក៏​ជិត​១​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​យើង ត្រូវ​កូ​វី​ដ​១៩ បៀតបៀន​នាំ​ឲ្យ​ខកខាន​ខាតបង់​អ្វី​ៗ​សព្វបែបយ៉ាង​ក្នុង​ការងារ និង​មុខរបរ​ប្រចាំ​ថ្ងៃ ។ នេះ​យើង​មិន​ទាន់​គិតដល់​ការ​ខាតបង់​សេដ្ឋកិច្ចជាតិ ដែល​រាជរដ្ឋាភិបាល ត្រូវ​ទទួលខុសត្រូវ​រាប់រយ​ពាន់​លាន​ដុល្លារ​នោះ​ផង​ទេ ។

ជា​ការ​ពិត ការ​ជូនពរ​និង​ការ​បួងសួង​បែ​បន់ គឺ​ពិតជា​មិន​អាច​សម្រេច​ទៅ​បាន​ទេ បើសិនជា​យើង​ម្នាក់​ៗ​មិន​ខិតខំ​ប្រឹងប្រែង​ទេ​នោះ ។ ពាក្យចាស់​ថា «​ចេះ​មក​ពី​រៀន មាន​មក​ពី​រក​» ។ ម្យ៉ាងទៀត បើ​តាម​ធម៌​ព្រះពុទ្ធ ដើម្បី​សម្រេច​ការងារ​អ្វីមួយ​ឲ្យ​ជោគជ័យ គឺ​ត្រូវ​មាន​ធាតុ​៤​ជា​សំខាន់​៖ ១-​ឆន្ទៈ ការ​កំណត់​គោលដៅ ២-​វិ​រិ​យៈ សេចក្តី​ព្យាយាម ៣-​ចិ​ត្តៈ ការ​តាំងចិត្ត​ឲ្យ​មោះមុត​ក្នុង​ការងារ​នោះ និង​៤-​វិមង្សា គឺ​ត្រូវ​រក​វិធីសាស្ត្រ​បែប​ណា ដើម្បី​សម្រេច​គោលដៅ​នោះ​ដែល​និយាយ​ដល់​បញ្ញា​របស់​បុគ្គល​ម្នាក់​ៗ ។

យើង​ងាក​មក​មើល​សង្គម​រស់នៅ​ជាក់ស្តែង​វិញ​ម្តង ។ ក្នុង​ករណី សិស្ស​រៀន​ត្រៀម ប្រឡង​អ្វីមួយ គឺ​មិនមែន​គ្រាន់តែ​សិស្ស​នោះ​ទទួល​បានការ​ជូនពរ​ពី​មិត្តភក្តិ បងប្អូន ឪពុក​ម្តាយ ក្រុម​គ្រួសារ សាច់ញ្ញាតិ ហើយ​ត្រូវ​ជាប់​ការ​ប្រឡង​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ តោង​ឲ្យ​សិស្ស​នោះ​ឯង ត្រូវ​ខិតខំ​រៀនសូត្រ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​យក ចិត្តទុកដាក់​បំផុត​។ នោះ​គឺ​ដំបូង​បំផុត សិស្ស​នោះ ត្រូវ​តែ​កំណត់​គោលដៅ​របស់​ខ្លួន គឺ​ការ​ប្រឡង​ខាង​មុខ ។ បន្ទាប់​មក សិស្ស​នោះ​ឯង ត្រូវ​ព្យាយាម សង្វាត​ក្នុង​ការ​រៀនសូត្រ មើល​មេរៀន​ផង ទៅ​រៀន​កួ​ផង ស្រាវជ្រាវ​ឯកសារ សួរ​គេ​សួរ​ឯង​ផង ។

ផុត​ពី​នេះ ទាមទារ​ឲ្យ​សិស្ស​នោះ ត្រូវ​មានការ​តាំងចិត្ត​មោះមុត ទោះបីជា​ភ្លៀង ឬ​ក្តៅ​យ៉ាងណា ក៏​នៅ​តស៊ូ​ទៅ​សាលារៀន ឬ​ក៏​ភ្លើង​ដាច់ ក្តៅ​ស្អោះ​បែប​ណា នៅ​តែ​ប្រឹងប្រែង​រៀន​មុខ​វិជ្ជា ដែល​ត្រូវ​ប្រឡង​នោះ​ឲ្យ​ចេះ​ចាំ​ស្ទាត់​ទាល់តែ​បាន ។ នៅ​ពេល​ចេះ​ចាំ​មុខ​វិជ្ជា​សព្វគ្រប់​ហើយ ក៏​ទាមទារ​ឲ្យ​សិស្ស​នោះ​ឯង ត្រូវ​រក​វិធីសាស្ត្រ​បែប​ណា ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​ប្រឡង​ឲ្យ​ជាប់ គឺ​តាម​រយៈ​ការ​ប្រើ​បញ្ញា ដោយ​ចូលរួម​ការ​ប្រឡងប្រជែង តាម​ការ​កំណត់​របស់​គណៈកម្មការ​ប្រឡង ឬ​សាលារៀន​នោះ​ឯង ។

ដូច្នេះ​យើង​ងាក​មក​មើល​សារ​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​នេះ​វិញ​ម្តង ដើម្បី​ឲ្យ​ឆ្នាំ​២០២១​នេះ សម្រេច​គោលដៅ​រួម​របស់​មនុស្សជាតិ គឺ​លុប​បំបាត់​កូ​វី​ដ​១៩ ចេញពី​ពិភពលោក និយាយ​ជា​រួម ហើយ​បើ​និយាយ​ដោយឡែក គឺ​ពី​កម្ពុជា​យើង តោង យើង​គ្រប់​រូប ត្រូវ​រួម​គ្នា​ធ្វើ​ស្រុះគ្នា ហើយ​ធ្វើ​ដោយ​បញ្ញា​ថែម​ទៀត ។

នោះ​គឺ​ប្រជាពលរដ្ឋ​យើង​គ្រប់​រូប គ្រាន់តែ​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រមុខ រាជរ​ដ្ឋា ភិ​បាល ពិស​ស​ក្រសួងសុខាភិបាល នូវ​វិធាន​សុខាភិបាល​សាមញ្ញ​ៗ ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វី​ដ​១៩ តាម​រយៈ​ការ​លាង​សម្អាត​ដៃ​ញឹកញាប់ ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព បុគ្គល​ពី​ម្នាក់ ទៅ​ម្នាក់ ១​ម៉ែត្រ​កន្លះ​យ៉ាងតិច​ជាដើម ។ ចៀសវាង​ការ​ជួបជុំ ដែល​មាន​មនុស្ស​ច្រើន ឬ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​បិទ​ជិត​ផង​ដែរ ។

ក្នុង​នោះ​ចំពោះ​មុខ គឺ​នៅ​កម្ពុជា​យើង​កំពុង​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មក​ពី​ប្រទេស​ថៃ ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​យើង​គ្រប់គ្រង​បាន​ហើយ លើ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​ធ្វើការ​និង​ស្នាក់​នៅ​ប្រទេស​ថៃ គ្រាន់តែ​បន្ត​ធ្វើការ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ថៃ ជា​ការ​សម្រេច ។ តែបើ​ថា ចាំបាច់​ណាស់ ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា មក​ស្រុក​កំណើត គឺ​ត្រូវ​មក​តាម​ច្រកព្រំដែន​ស្របច្បាប់​ណាមួយ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ឯកសារ សុខភាព វិភាគ​យក​សំណាក ទៅ​រក​ជំងឺ​កូ​វី​ដ​១៩ ព្រមទាំង​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​សមត្ថកិច្ច ជា​ការ​ស្រេច​ទៅ​ហើយ ។

បើ​មាន​ជន​ណា​ម្នាក់​លួច​គេច​ឆ្លង​ដែន ហើយ​ចូល​ទៅ​ដល់​ស្រុក​កំណើត នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​ប្រជាពលរដ្ឋ​យើង​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ ឬ​ក៏​បងប្អូន​ត្រូវ​តែ​រាយ ការណ៍​ភ្លាម​ទៅ​កាន់​អាជ្ញាធរ​សមត្ថកិច្ច នៅ​ភូមិ​ឃុំ​យើង ដើម្បី​ឲ្យ​ពេទ្យ​ចុះ​ទៅ​ពិនិត្យ​សុខភាព​ជូន​គាត់​យក​វត្ថុ​សំណាក និង​ណែនាំ​ឲ្យ​គាត់ ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​១៤​ថ្ងៃ ។

ការ​ធ្វើ​ដូច្នេះ ដើម្បី​ការពារ​បុគ្គល​ចំណូល​ថ្មី​នោះ​ផង និង​ដើម្បី​សុខ​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ ក៏​ដូច​ជា​សុខ​សុវត្ថិភាព​របស់​អ្នក​ភូម​ផង​របង​ជាមួយ​នោះ​ឯង ព្រោះ​កុំ​ភ្លេច​ថា បើសិនជា​ជន ចំណូល​ថ្មី​នោះ មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ គឺ​គ្មាន​នរណា​ឆ្លង​មុនគេ ក្រៅ​តែ​ពី​អ្នក​នៅ​ជិត​បុគ្គល​នោះ ជា​ក្រុម​គ្រួសារ​គាត់ និង​អ្នក​ជិតខាង​នេះឯង ។

ចូរ​កុំ​ភ្លេច​ថា រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា​យើង​បាន​ពិនិត្យ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​ឆ្លង​ដែន​ចូល​មក​ពី​ប្រទេស​ថៃ តាម​ព្រំដែន ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ដល់​ទៅ​១៤​នាក់​ហើយ ។

រីឯ​ក្រសួងសុខាភិបាល ក៏​ដូច​ជា​រាជរដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នៅ​ពេល​នេះ​បាន​ខិតខំ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា ដោយ​តាម​ផ្លូវអាកាស យើង​ធ្វើ​បាន​ល្អ គ្មាន​របូត​ម្នាក់​ឡើយ ។ ពោល​គឺ​គ្រាន់តែ​យន្តហោះ​ចុះ​ចត​ភ្លាម អ្នក​ដំណោះ​ទាំងអស់​ត្រូវ​ពិនិត្យ​សុខភាព ធ្វើតេស្តរ​កកូ​វី​ដ​១៩​ភ្លាម ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​ឲ្យ​គ្រប់​១៤​ថ្ងៃ ។

ចំណែក​នៅ​តាម​ព្រំដែន​គោក ជាប់​ប្រទេស​ថៃ ក៏​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ហ្មត់ចត់ តាម​បទបញ្ជា​ថ្មី​ចុង​ក្រោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ លើ​ពលករ​ខ្មែរ​ទាំងអស់ ហើយ​នាំ​ពួក​គាត់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ខេត្ត​ជាប់​ព្រំដែន​នោះ​តែ​ម្តង ដោយ​លែង​ដឹក​ជញ្ជូន​ពួក​គាត់ ចូល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ខេត្ត ជា​ស្រុក​កំណើត​របស់​ពួក​គាត់​ទៀត​ដូច​មុន​ទៀត​ហើយ ។

ជា​រួម​ទៅ​ដើម្បី​សម្រេច​ជោគជ័យ និង​គោលដៅ​អ្វីមួយ ក្រៅ​តែ​ពី​ទទួល​បាន​សារ​ជូនពរ​ពី​មិត្តភក្តិ សាច់ញាត្តិ​ក្រុម​គ្រួសារ​ហើយ​នោះ តោង​បុគ្គល​ម្នាក់​ៗ ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត តាម​រយៈ​ការ​កំណត់​គោលដៅ​ច្បាស់លាស់ តាំង​ចិត្តនឹង​ធ្វើ​ការងារ​នោះ ដោយ​ចិត្ត​មោះមុត និង​ព្យាបាល ព្រមទាំង​ធ្វើ​ដោយ​បញ្ញា​ស្មារតី​ទទួលខុសត្រូវ​ផង នោះ​ច្បាស់​ណាស់​ថា លទ្ធផល​នឹង​បាន​ដូច​ប្រាថ្នា​ជា​មិន​ខាន ៕ អត្ថបទដោយ៖ មុត ស្រីពៅ