គួរ​រឹត​បន្តឹង​ការ​ចេញ-ចូល​ឆ្លង​ដែន​តាម​ច្រករបៀង – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គួរ​រឹត​បន្តឹង​ការ​ចេញ-ចូល​ឆ្លង​ដែន​តាម​ច្រករបៀង

2 ខែ មុន
  • Phnom Penh

ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ទៅ​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ក្នុង​នោះ​កម្ពុជា​គ្រប់គ្រង និង​ទប់ស្កាត់​បាន​ទាំងស្រុង​លើ​ការ​ឆ្លង​ចូល​សហគមន៍ តាម​រយៈ​ព្រឹត្តិការណ៍​ថ្ងៃ ២៨ វិច្ឆិកា រួម​ទាំង​ការ​រាលដាល​ពី​ប្រទេស​ថៃ…

ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ទៅ​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ក្នុង​នោះ​កម្ពុជា​គ្រប់គ្រង និង​ទប់ស្កាត់​បាន​ទាំងស្រុង​លើ​ការ​ឆ្លង​ចូល​សហគមន៍ តាម​រយៈ​ព្រឹត្តិការណ៍​ថ្ងៃ ២៨ វិច្ឆិកា រួម​ទាំង​ការ​រាលដាល​ពី​ប្រទេស​ថៃ ក៏​ដូច​ជា​ការ​នាំ​ចូល​ពី​ក្រៅប្រទេស​ក៏​កម្ពុជា ចាត់វិធានការ​ត្រួតពិនិត្យ ទប់ស្កាត់​បាន​ដែរ ។ ប៉ុន្តែ​ស្ថានភាព​ដូច្នេះ​មិន​មាន​ន័យ​ថា កម្ពុជា​អស់​កូ​វី​ដ​នោះ​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា មាន​អ្នកជា​សះស្បើយ​ម្នាក់​ទៀត ពី​ជំងឺ​កូ​វី​ឌ​១៩ ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។ នោះ​គឺ​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បាន​ទៅ​ហាង Zando សាខា​បឹង​កេងកង កាលពី​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ក្រសួងសុខាភិបាល ក៏​បាន​ប្រកាស​ថា កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី​ទេ ។ ជា​សរុប​នៅ​ទូ​ទាំង​ប្រទេស រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៦៤​នាក់ ។ ក្នុង​នោះ​៣៦១​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គឺ​មាន​អ្នក​ឆ្លង​សរុប​៤១​នាក់ ប៉ុន្តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​អ្នកជា​សះស្បើយ ៣៩​នាក់​ហើយ​។ ពោល​គឺ​គិត​មក​ដល់​ថ្ងៃ​ទី​៣០ ខែធ្នូ កម្ពុជា​នៅ​សល់​អ្នកជំងឺ​កូ​វី​ដ​តែ​៣​នាក់​ប៉ុណ្ណោះ ។

យ៉ាងនេះ​ក្តី កាលពី​ស​ប្តា​ហ៍​មុន សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍ មាន​បុរស​វៀតណាម​ម្នាក់​រក​ឃើញ​កើត​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​បុរស​វៀតណាម​នោះ បាន​ធ្វើ​ដំណើរ​ពី​ភូមា​កាត់​តាម​ប្រទេស​ថៃ ហើយ​ឆ្លង​ដែន​ចូល​កម្ពុជា និង​ចេញពី​កម្ពុជា​ចូល​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ពោល​គឺ​ចូល​តាម​ច្រករបៀង ។

ដំណឹង​នេះ កើតឡើង​ខណៈ​ដែល​កម្ពុជា កំពុង​ពង្រឹង​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ ក្នុង​ពេល​ថៃ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​សហគមន៍​យ៉ាង​ខ្លាំង ។ ក្រសួងសុខាភិបាល​កម្ពុជា បាន​ច្រានចោល​នូវ​ការ​ចុះ​ផ្សាយ​របស់​វៀតណាម​នោះ ហើយ​ថា កម្ពុជា មិន​មាន​បុរស​វៀតណាម ដែល​រក​ឃើញ​កើត​ជំងឺ​កូ​វី​ដ ឆ្លងកាត់​កម្ពុជា​ឡើយ ។

មក​ដល់​ដើម​ស​ប្តា​ហ៍​នេះ បុរស​វៀតណាម​នោះ ក៏​បាន​ចម្លងជំងឺ​កូ​វី​ដ​១៩ ទៅ​ជនជាតិ​វៀតណាម​៣​នាក់​ទៀត ។ ដូច្នេះ​ហើយ បានជា​មន្ត្រី​សុខាភិបាល​យើង​បាន​ណែនាំ​បន្ទាន់​មួយ​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន ពិសេស​មន្ទីរ​សុខាភិបាល តាម​បណ្តា​ខេត្ត​ទាំងនោះ ត្រូវ​តែ​ពង្រឹង​នូវ​ការ​រឹត​បន្តឹង​ការ​ឆ្លង​ដែន ពិសេស​នៅ​តាម​ច្រករបៀង​នានា​ឲ្យ​បាន​តឹង​រឹង​បំផុត ។

មួយ​ថ្ងៃ​ៗ មន្ត្រី​សមត្ថកិច្ច​យើង​ខំប្រឹង​ត្រួតពិនិត្យ​យក​សំណាក​វិភាគ​ផង រាប់រយ​នាក់​លើ​អ្នក​ឆ្លង​ដែន តាម​ព្រំដែន​នានា ប៉ុន្តែ​បើ​របូត​នៅ​តាម​ច្រករបៀង ហើយ​ករណី​ជនជាតិ​វៀតណាម​នោះ រហូត​ដល់​ឆ្លងកាត់​ប្រទេស​យើង ទៅ​ចេញ​ដល់​វៀតណាម ហើយ​បើ​សិនជា​ការ​ឆ្លង​ដែន​របស់​បុរស​វៀតណាម ដែល​ទើប​រក​ឃើញ​កើត​កូ​វី​ដ​នោះ​ពិតមែន គឺជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​យើង ។

ដូច្នេះ នៅ​ពេល​នេះ មានការ​ប្រឹងប្រែង​រួម​គ្នា​បន្ត​ទៀត ព្រោះ​កម្ពុជា​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​ហើយ រយៈពេល​ជាង ១​អាទិត្យ​មកនេះ នៅ​ព្រំដែន​ថៃ ដោយ​ត្រួតពិនិត្យ​សុខភាព​អ្នក​ឆ្លង​ដែន ធ្វើ​វិភាគ​រក​សំណាក និង​នាំ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​ត្រឹមត្រូវ​នៅ​ព្រំដែន​នោះ ហើយ​មាន​ខេត្ត​ខ្លះ ក៏​ដឹក​ជញ្ជូន​តាម​រថយន្ត​យោធា​យក​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​នោះ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​កន្លែង​រៀបចំ តាម​បណ្តា​ខេត្ត​ទាំងនោះ​ផង​ដែរ​។

មក​ដល់​ពេល​នេះ ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ថៃ​ទាំងអស់ មិន​មាន​រក​ឃើញ​កើត​ជំងឺ​កូ​វី​ដ​១៩​ទេ ហើយ​បើ​ទោះបីជា​មាន​អ្នក​របូត ទៅ​ដល់​ផ្ទះ​នៅ​ស្រុកភូមិ ក៏​អាជ្ញាធរ​សមត្ថកិច្ច តាម​ទៅ​ដល់​ផ្ទះ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​យក​សំណាក​វិភាគ​រក​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ ។មាន​តែ​ការ​ចូលរួម​សហការ​ទាំងអស់​គ្នា​ទេ ទើប​កម្ពុជា​យើង​អាច​បន្ត​ឆ្លងកាត់ និង​យកឈ្នះ​សមរភូមិ​កូ​វី​ដ​បន្ត​ទៀត ។ ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ​យើង​ម្នាក់​ត្រូវ​ម្ចាស់​ការ និង​ចូលរួម​សហការ ពិសេស​អ្នក​មក​ពី​ក្រៅប្រទេស​និយាយ​ឲ្យ​ចំ​ប្រទេស​ថៃ​ត្រូវ​ឲ្យ​ពេទ្យ​ត្រួតពិនិត្យ​សុខភាព ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក ។

មិនយូរ​ទេ ១៤​ថ្ងៃ ដើម្បី​ភាព​សុខសាន្ត​ទាំង​ខ្លួនឯង​ផង ទាំង​ក្រុម​គ្រួសារ​ផង និង​ទាំង​ប្រទេស​ជាតិ​យើង​ផង​។ អំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ក្រៅ​តែ​ពី​មិន​ចំណាយ​លុយ​អ្វី​ហើយ​ពលករ​ក្រីក្រ​យើង​ដែល​ឆ្លង​ដែន​មក​ពី​ថៃ ក៏​នៅ​ទទួល​បាន​លុយ​ឧបត្ថម្ភ​របស់​រាជរដ្ឋា​ភិបាល​៣០​ម៉ឺន​រៀល ក្នុង​១​គ្រួសារ​ថែម​ទៀត​ផង ៕ អត្ថបទដោយ៖ មុត ស្រីពៅ