បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ត្រូវបានបញ្ជូនតាមរថយន្ត ទៅដាក់តាមមណ្ឌលចត្តាឡីស័ក ហើយបានរត់ចេញពីមណ្ឌល និងលោតចុះពីលើរថយន្ត ចំនួន ៦នាក់។ ប៉ុន្តែអាជ្ញាធរស្រុកអូរជ្រៅ បានរកឃើញចំនួន ២នាក់ មកវិញ។
គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ មកពីថៃ ចំនួន ១១០នាក់ ( ស្រី៤៩នាក់ ) បានចូលតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវភាគីថៃ ចាប់បញ្ជូន និងត្រឡប់មកដោយខ្លួនឯង ចូលតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន ១១០នាក់ ស្រី ៤៩នាក់ក្រោយពេលធ្វើការពិនិត្យសុខាភាព និងសាកសួរព័ត៌មាន ហើយដឹកតាមរថយន្តក្រសួងការពារជាតិ ដាក់តាមមណ្ឌលចត្តាឡីស័ក ១៤ថ្ងៃ។
លោក ហ៊ឹល រ៉ាយ៉ាំ អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ក្រុងសិរីសោភ័ណ បានដឹកប្រជាពលរដ្ឋខ្មែរពីព្រំដែន ដែលត្រឡប់ពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងធ្វើតេស្តសំណាក់វិភាគរយៈពេល ២ថ្ងៃនេះ មានចំនួន ៥៤នាក់ ( ស្រី ២១នាក់ ) ត្រូវដាក់នៅមណ្ឌលចត្តាឡីស័ក នៅមហាវិទ្យាល័យវិទ្យាសាស្គ្រសុខាភិបាល ខេត្តបន្ទាយមានជ័យ។
លោកវិជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយពេល ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារណែនាំ ដើម្បីពង្រឹងការងារធ្វើចត្តាឡីស័ក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់ពីប្រទេសថៃ និងត្រូវបានភាគីថៃ ចាប់បញ្ជូនតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះមានប្រមាណជាង ១,០០០នាក់ហើយ ដែលត្រូវបានដឹកចេញពីច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ដាក់មណ្ឌលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ហើយត្រូវធ្វើតេស្តសំណាក់វិភាគ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានចេញលទ្ធផលជាបណ្តើរៗហើយ នៅខេត្តបន្ទាយមានជ័យលទ្ធផលដែលក្រសួង ប្រកាសជាសាធារណៈ (អវិជ្ជមាន) ទាំងនេះ តេស្តលើកទី១ និងបន្តតេស្តលើកទី២ និងទី៣ បន្តទៀត។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ថា ចំពោះប្រជាពលរដ្ឋនៅស្រុកមង្គលបូរី ចំនួន ៤នាក់ មាន ៣នាក់ ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក ក្រុងប៉ោយប៉ែត ដែលបានធ្វើតេស្តម្តងហើយ(អវិជ្ជមាន) បានរកឃើញចំនួន ២នាក់ ត្រូវយកមកដាក់មណ្ឌលធ្វើចត្តាឡីស័ក បន្ត និង ២នាក់ទៀត មានម្នាក់ ដែលលត់ចុះពីលើរថយន្តនៅផ្សារអូរបីជាន់ ក្បែរព្រំដែន ដែលអាជ្ញាធរ កំពុងព្យាយាមរក។
លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃ បានប្រាប់ថា នៅស្រុកម៉ាឡៃ ត្រូវប្រជាពលរដ្ឋ ដែលត្រឡប់ពីថៃ ចូលមកកម្ពុជា ដែលធ្វើចត្តាឡីស័កមណ្ឌលស្រុកម៉ាឡៃ ចំនួន ២នាក់បានរត់គេចខ្លួន ដែលជាអ្នកស្រុកកំណើតខេត្តសៀមរាប បានទំនាក់ទំនងទៅអាជ្ញាធរខេត្តសៀមរាប មិនទាន់បានឃើញនៅឡើយ តែប្រជាពលរដ្ឋ ២នាក់ បានធ្វើតេស្តម្តងហើយ គឺអវិជ្ជមានកូវីដ១៩៕ ដោយ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ