ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើព្រែកឆ្លូង មិនយកលុយ​ពីអ្នកដំណើរថ្មើរជើង ប្រកបរបរ​លក់ដូរទេ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ សប្បុរសជន បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចាក់ដី និងឈូសឆាយ ពង្រីកផ្លូវ ដើម្បីវាយស្រួលក្នុងការធ្វើដំណើរ ចុះមកព្រែកឆ្លូង ដែលមានទីតាំងស្ថិតនៅក្នុងឃុំរំចេក ស្រុកមេមត់…

ខេត្តត្បូងឃ្មុំ៖ សប្បុរសជន បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចាក់ដី និងឈូសឆាយ ពង្រីកផ្លូវ ដើម្បីវាយស្រួលក្នុងការធ្វើដំណើរ ចុះមកព្រែកឆ្លូង ដែលមានទីតាំងស្ថិតនៅក្នុងឃុំរំចេក ស្រុកមេមត់ ជាប់ព្រំប្រទល់ជាមួយស្រុកឆ្លូង ខេត្តក្រចេះ។ សមិទ្ធផលនេះត្រូវបានប្រជាពលរដ្ឋ នាំគ្នាសាទរ រួមជាមួយនឹងអាជ្ញាធរ​មូលដ្ឋាន។ សម្រាប់អ្នកដំណើរថ្មើរជើង ប្រកបរបរលក់ដូរ ឆ្លងកាត់ស្ពានឈើព្រែកឆ្លូង គឺមិនយកកម្រៃនោះទេ​។

លោក លី អ៊ីសាក់ ម្ចាស់អាជីវកម្មស្ពានឈើ​ បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២០ថា  ដោយសារតែផ្លូវនៅក្នុងភូមិពិបាកធ្វើដំណើរ រូបលោកបានចំណាយ​ថវិកាផ្ទាល់ខ្លួន ដោយជួលរថយន្ត មកចាក់ដីអស់ជាង ១០០រថយន្ត និងឈូសឆាយ​ពង្រីកផ្លូវប្រវែងជាង ១.០០០ម៉ែត្រ ដោយចំណាយថវិកាអស់ជាង ៦លានរៀល ចេញពីភូមិរំចេក ឃុំរំចេកស្រុកមេមត់ ចុះមកព្រែកឆ្លូង សម្រាប់​​អ្នកថ្មើរជើង ឆ្លងស្ពានឈើតូច ឆ្ពោះទៅត្រើយម្ខាង ក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានដោយឆាប់រហ័ស ដោយមិនបាច់រង់ចាំទូកឆ្លង ដូចកាលពីមុនទៀតនោះទេ។

ម្ចាស់អាជីវកម្ម បានរៀបរាប់បន្តថា ព្រែកឆ្លូង នៅត្រង់ទីតាំង ដែលរូបលោក បានដំឡើងស្ពានឈើតូច សម្រាប់ឱ្យអ្នកធ្វើដំណើរឆ្លងកាត់ កាលពីមុនមក មិនមាននោះទេ ទើបតែមាន នៅក្នុងឆ្នាំ២០២០នេះ។ សម្រាប់អ្នកថ្មើរជើង លក់បន្លែបង្ការដើរឆ្លងកាត់ស្ពាននេះ គឺមិនយកថវិកានោះទេ ហើយបើសិន​ជាម៉ូតូមួយគ្រឿង មនុស្សពីរនាក់ យកតម្លៃ ១.៥០០រៀល។ ថវិកា ដែលសន្សំបានច្រើន នឹងរួមចំណែកអភិវឌ្ឍ ធ្វើផ្លូវក្នុងភូមិបាល័ង្គ ឃុំដំរីផុងដែលប្រជាពលរដ្ឋនៅទីនោះ បានស្នើមករូបលោក ឲ្យជួយជួសជុល។ ថវិកា ដែលនៅសេសសល់ នឹងផ្គត់ផ្គង់ជីវភាព​គ្រួសារ។

ទីតាំងអាជីវកម្មខ្នាតតូចនេះ គឺមានច្បាប់អនុញ្ញាតពីលោកមេឃុំរំចេក និងអភិបាល​ស្រុកមេមត់ ដោយក្នុងមួយឆ្នាំ តម្រូវឲ្យធ្វើច្បាប់ម្ដង។

អ្នកស្រី សុខ ណារិទ្ធ មេឃុំរំចេក មានប្រសាសន៍​ថា ក្នុងនាមអាជ្ញាធរមូលដ្ឋានពិតជា​គាំទ្រចំពោះសប្បុរសជនម្ចាស់អាជីវកម្ម ឈ្មោះ អ៊ីសាក់ ដែលបានជួយជួសជុលផ្លូវនៅ​ក្នុងភូមិ សម្រាប់ឲ្យប្រជាពលរដ្ឋងាយស្រួល នៅក្នុងការធ្វើដំណើរទៅវិញទៅមក​ទាំងនេះ ហើយដែលអាជ្ញាធរដែនដី ចង់បាន។

អ្នកស្រីមេឃុំ បន្ថែមថា ស្ពានឈើនេះ គឺងាយស្រួលដល់ប្រជាកសិករ ធ្វើដំណើរឆ្លង​កាត់​ ​ដោយឆាប់រហ័ស។ នេះគឺជាការរួមចំណែកជួយដល់សង្គមជាតិ អោយរីក​ចម្រើន៕ ដោយ៖ យ៉ាន់ ចាន់​ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ